ឧបនាយករដ្ឋមន្ត្រី​ថៃ​ធានាថា ការបោះឆ្នោត​នៅ​ថៃ​ត្រូវធ្វើ​មិនអោយ​ហួស​ខែមីនា​

467
ចែករម្លែក

​ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក វី​សា​នុ គ្រី​ង៉ា​ម បាន​និយាយថា​ការបោះឆ្នោត​នឹងត្រូវ​ធ្វើឡើង​មិន​ហួស​ខែមីនា​ឆ្នាំនេះ​ទេ និង​រាជ​ក្រិត​ស្តីពី​កាលបរិច្ឆេទ​បោះឆ្នោតជាតិ​នឹងត្រូវ​​ចេញ​ក្នុង​ខែ​នេះ​។​

ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក វី​សា​នុ គ្រី​ង៉ា​ម

​ការប្រកាស​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី​១០​មករា​នេះ​កើតឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បាន​ជួបប្រជុំ​ជាមួយ​គណៈកម្មការ​រៀប​ចំ​ពី​ធី​អភិសេក​ឡើង​គ្រងរាជ្យ​របស់​ព្រះមហា​​ក្សត្រ​ថៃ​។​

​វិមាន​រដ្ឋាភិបាល​កាលពីមុន​បាន​លើកឡើងថា ការរៀបចំ​ពិធី​ឡើង​គ្រងរាជ្យ​ប​ល័​ង្គ​នៅក្រោយ​ការបោះឆ្នោត​ធ្វើអោយ​កាលបរិច្ឆេទ​បោះឆ្នោត​ថ្ងៃ​២៤​កុម្ភៈ​ក្លាយជា​មិន​សម​​ស្រប​។​

​តែ​លោ​កវី​សា​នុ បាន​និយាយថា​គណៈកម្មការ​នេះ​នឹង​ជួបប្រជុំ​ជាថ្មី​នៅ​ថ្ងៃ​២៦​មករា ហើយ​លោក​ជឿថា​កាលបរិច្ឆេទ​បោះឆ្នោត​អាច​ត្រូវ​ប្រកាស​មុនពេល​នោះ ពោលគឺ​«​ការបោះឆ្នោត​នឹងត្រូវ​ធ្វើ​នៅក្នុង​ខែមីនា​។​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​នឹង​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​»​។​

​ដោយ​កាន់តែ​រង​សម្ពាធ​និង​ការរិះគន់ លោក​ឧបនាយករដ្ឋមន្ត្រី​មិន​ព្រម​បញ្ជាក់​ច្បាស់​ថា​ការបោះឆ្នោត​នឹងមិន​ត្រូវធ្វើ​នៅ​ខែកុម្ភៈ​ដូច​ការសន្យា​ពីមុន ដោយ​លោក​បាន​និ​​យាយ​ថា​«​ខ្ញុំ​អត់​ដឹង ខ្ញុំ​អត់​ហាន​និយាយ​។​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​អាចសន្និដ្ឋាន​ចេញពី​អ្វីដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​»៕​ដោយ​៖​វាសនា​

សកម្មជនទាមទារអោយរបបយោធាថៃគោរពការសន្យាថាបោះឆ្នោតថ្ងៃ២៤កុម្ភៈ