ឧបនាយករដ្ឋមន្ត្រី​ថៃ​ពុំមាន​កំហុស​ទេ​ក្នុង​រឿងអាស្រូវ​នាឡិកា​ប្រណីត​

578
ចែករម្លែក
  • 434
    Shares

​ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញថា​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ​គឺ​គ្មាន​កំហុស​ទេ​ដែល​ខកខាន​ក្នុង​ការប្រកាស​ទ្រព្យសម្បត្តិ ពោលគឺ​មួយឆ្នាំ​គត់​បន្ទាប់ពី​គាត់​ត្រូវបាន​គេ​រកឃើញថា​មាន​នាឡិកា​ប្រណីត​ជាច្រើន​គ្រឿង ដែល​ត្រឹម​ប្រាក់ខែ​រដ្ឋាភិបាល​របស់​គាត់​គឺ​មិនអាច​ទិញ​បានទេ​។​

​សាច់​រឿងនេះ​បានចាប់ផ្តើម​លេចឡើង​កាលពី​ខែធ្នូ​ឆ្នាំមុន នៅពេលដែល​រូបថត​ជាច្រើន​ត្រូវបាន​ផ្តិត​យក​នៅឯ​ការបង្ហាញ​គ​ណៈ​រដ្ឋមន្ត្រី​ថ្មី​។ រដ្ឋមន្ត្រី​ការពារជាតិ​ឧ​ត្ត​ម​សេនីយ៍​ប្រា​វីត វង់​សុ​វ៉ាន់ បាន​យកដៃ​បាំង​ថ្ងៃ ហើយ​អ្នកយកព័ត៌មាន​បានក​ត់​សម្គាល់​ឃើញ​នាឡិកា​ប្រណីត​របស់គាត់​។ ការពិនិត្យ​មើល​កំណត់​ត្រា​ទ្រព្យសម្បត្តិ​ដែល​បានបង្ហាញ​របស់គាត់​បា​ន​លាតត្រដាង​ថា គាត់​មិនដែល​បានប្រកាស​តម្លៃ​នាឡិកា​ម៉ាក Richard Mille នោះទេ​។​

​ការពន្យល់​របស់គាត់​ថា​គាត់​បាន​ខ្ចី​នាឡិកា​នោះ​និង​នាឡិកា​ជាង ២០ គ្រឿង​ទៀត​ពី​មិត្តភក្តិ​ដែល​បាន​ស្លាប់ បានធ្វើឱ្យ​សាធារណជន​អស់សំណើច​ជាខ្លាំង​។​

​ប្រមុខ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​របស់​ថៃ​បាន​និយាយថា ខ្លួន​ចាត់ទុក​ការពន្យល់​របស់លោក​ប្រា​វីត​ជាការ​ពិត​។​

​លោក​វ៉ូ​រ៉ាវី ស៊ុ​គ​ប៊ូ​ន អគ្គលេខាធិការ​នៃ​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ថា “​គណៈកម្មាធិការ​មួយ​នៃ​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​បោះឆ្នោត ៥​ទល់នឹង​៣​សំឡេង​ដើម្បី​សម្រេច​ថា ពុំមាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​សន្និដ្ឋានថា​ឧ​ត្ត​ម​សេនីយ៍​ប្រា​វីត វង់​សុ​វ៉ាន់ ដាក់ជូន​សេចក្តីប្រកាស​ក្លែងក្លាយ​ដោយ​ចេតនា​អំពី​ទ្រព្យសម្បត្តិ​ឬ​លាក់បាំង​ព័ត៌មាន​ចាំបាច់​នោះទេ​”​។​

​លោក​ប្រា​វីត​គឺជា​សមាជិក​កំពូល​នៃ​របប​យោធា​ដែល​បាន​គ្រប់គ្រង​ប្រទេស​ថៃ​ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ ២០១៤​។ របប​នេះ​បាន​ប្តេជ្ញា​ថា​នឹង​លុបបំបាត់​អំពើពុករលួយ​ចេញពី​នយោបាយ​ថៃ ប៉ុន្តែ​បានឃើញ​សមាជិក​របស់ខ្លួន​ជាច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​អំពី​អំពើពុករលួយ​ជា​ហូរហែ​៕ ដោយ៖ កញ្ញាដាលីស

លោក​ប្រា​វីត​យកដៃ​បាំង​ថ្ងៃ​បង្ហាញឱ្យឃើញ​នាឡិកា​ប្រណីត​ម៉ាក Richard Mille កាលពី​ខែធ្នូ​ឆ្នាំមុន