ឧបនាយករដ្ឋមន្ត្រី​ថៃ ប្រា​វីត ច្រានចោល​ការព្យាករណ៍​របស់​ថាក់ស៊ីន ដែលថា គណបក្ស​ភឿ​ថៃ​នឹង​ឈ្នះ​ការបោះឆ្នោត​ដ៏​ច្រើន​លើសលប់

3346
ចែករម្លែក

​លោក ប្រា​វីត វង់​ស៊ូ​វ៉ុ​ន​(Prawit Wongsuwon)​ឧបនាយករដ្ឋមន្ត្រី​ថៃ បាន​ច្រានចោល​ការព្យាករណ៍​រប​ស់លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែលថា គណបក្ស​ភឿ​ថៃ​នឹង​ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​សកល​នៅពេល​ខាងមុខនេះ ។​

​ដោយ​ឆ្លើយតប​ទៅនឹង​របាយការណ៍​ដែល​លោក ថាក់ស៊ីន បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ប្រទេស​ជប៉ុន​ថា​លោក​រំពឹងថា​គណបក្ស​ភឿ​ថៃ​​នឹង​ឈ្នះ​បាន​អាសនៈ​ពី​២២០​ទៅ​២៣០​អាសនៈ​សភា នៅក្នុង​ការបោះឆ្នោត​លើក​ក្រោយនេះ លោក ប្រា​វីត វង់​ស៊ូ​វ៉ុ​ន បាន​និយាយថា លោក​​មិន​ជឿ​ទេ​។​

​លោក ប្រា​វីត បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​៣០​ខែមីនា​ថា ” នរណា​ក៏ដោយ អាច​និយាយ​អ្វី ក៏បាន​ដែរ​” ។​

​លោក​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ដោយ​ទំនងជា​ខឹង​ខ្លាំង នៅពេល​អ្នកយកព័ត៌មាន​ម្នាក់​ប្រាប់​លោក​ថា លោក ថាក់ស៊ីន​បាន​ព្យាករណ៍​​ថា​នឹង​ឈ្នះ​ការបោះឆ្នោត​ដោយ​ផែ្ន​កលើ​ការស្ទង់មតិ​។ ឧបនាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បាន​និយាយថា “​ប្រសិនបើ អ្នក​ចង់​ជឿ​គាត់ ( ថាក់​​ស៊ីន​) អ្នកឯង​ជឿ​ទៅ ។ ហេតុអ្វី​បានជា​អ្នក​ចាំបាច់​មក​សួរ​ខ្ញុំ​? ខ្ញុំ​មិន​ជឿ​ទេ​”​។​

​ចាប់តាំងពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​រាយការណ៍​កាលពីពេល​មុននេះ ថា​លោក​ថាក់ស៊ីន​និង​ប្អូនស្រី​របស់លោក គឺ លោកស្រី យី​ង​ឡាក់​​ស៊ីណា​វ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ បាន​ស្ថិតនៅ​ប្រទេស​ជប៉ុន​នោះ ក្រុម​អ្នកយកព័ត៌មាន​បាន​សួរ​ទៅ​លោក ប្រា​វីត វ៉ុ​ង​ស៊ូ​វ៉ុ​ន ថា​តើ ថៃ​​មាន​កិច្ចព្រមព្រៀង ធ្វើ​បត្យាប័ន​ជាមួយ​ជប៉ុន​ទេ ។

​លោក ប្រា​វីត ដែល​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ផងដែរ​នេះ បាន​និយាយថា​ជប៉ុន​ជឿថា ពួកគេ​កំពុង​ប្រឈម​នឹង​ការកាត់ទោស​នយោបាយ ហើយ​ក្រុមមន្ត្រី​ថៃ​នឹង​ប្រាប់​ទៅ​ជប៉ុន​ថា ការកាត់ទោស​នេះ មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះទេ​។​

​លោក ថាក់ស៊ីន និង លោកស្រី យី​ង​ឡាក់ បាន​ស្ថិតនៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ចូលរួម​ការអបអរ ការបោះពុម្ព​សៀវភៅ​​ថ្មី​របស់​អតីត​អ្នកនយោបាយ​ជប៉ុន​ម្នាក់​។ សារព័ត៌មាន​Reports បាន​និយាយថា ពួកគេ​នឹង​ស្ថិតនៅ​ប្រទេស​ជប៉ុន​រហូតដល់​ថ្ងៃអាទិត្យ​ មុនពេល​បន្តដំណើរ​ទៅ​ប្រទេស​ចិន​៕​ដោយ​៖​សុខា​/sn

​លោក ប្រា​វីត វង់​ស៊ូ​វ៉ុ​ន ឧបនាយករដ្ឋមន្ត្រី​ថៃ ផ្តល់​បទសម្ភាសន៍​ដល់​ក្រុមអ្នកកាសែត នៅ​វិមាន​រដ្ឋ នៅ ថ្ងៃ​សុក្រ​ទី​៣០​ខែមីនា​