ឧបនាយករដ្ឋមន្ត្រី​ថៃ ប្រា​វីត វង់​សុ​វ៉ាន់ ប្រឈម​ការស៊ើបអង្កេត​អំពើពុករលួយ​ជុំវិញ​ការពាក់​នាឡិកា​ដ៏​ថ្លៃ​និង​ចិញ្ចៀនពេជ្រ​ដ៏​ប្រណិត​

2627

​លោក ប្រា​វីត វង់​សុ​វ៉ាន់ ឧបនាយករដ្ឋមន្ត្រី​ថៃ នឹង​ត្រូវបាន​ស៊ើបអង្កេត​លើ​ករណី​អំពើពុករលួយ ដោយ​មិនបាន​រាយការណ៍​អំពី​នាឡិកា​ដ៏​ល្អ​ប្រណិត​និង​ចិញ្ចៀនពេជ្រ​នៅក្នុង​ការប្រកាស​ទ្រព្យសម្បតិ្ត​របស់លោក​
​ដែល​ត្រូវ​បានស្នើ​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​លោក វ៉ូ​រ៉ា​វីត ស៊ុ​គ​ប៊ូ​ន អគ្គលេខាធិការ​គណៈកម្មកា​រ​ប្រឆាំង​អំពើពុករលួយ​ថៃ (NACC) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​៦​ធ្នូ ថា ករណីនេះ​បាន​បង្កឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន ហើយ​ការិយាល័យ NACC អាចធ្វើ​ការស៊ើបអង្កេត​ជាបន្ទាន់​។

​លោក ស៊ុ​គ​ប៊ូ​ន បាន​និយាយថា ការិយាល័យ NACC នឹង​ពិនិត្យមើល​បញ្ហា​នេះ និង​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះ មិនមាន​ការរង​សម្ពាធ​អំពី​តួនាទី​ដ៏​ធំ​របស់លោក​ប្រា​វីត​នោះទេ​។

​នាឡិកា​ដ៏​ថ្លៃ​និង​ចិញ្ចៀនពេជ្រ​នេះ ត្រូវបាន​គេ​ឃើញ ឧបនាយករដ្ឋមន្ត្រី​នេះ ពាក់​នៅពេលដែល​មានកា​រ​ថតរូប​រួមគ្នា​មួយ​សម្រាប់​គណៈរដ្ឋមន្ត្រី​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​។ រូបភាព​នេះ​ត្រូវបាន​ចែកចាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយមាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​ចោទ​ជា​សំនួ​រថា “​តើ​លោក​អាចមាន​លុយ​ទិញ​នាឡិកា​និង​ចិញ្ចៀនពេជ្រ​នេះ​ដ៏​ថ្លៃ​បែបនេះ​បាន​យ៉ាង​មេ្ត​ច​ទៅ​…​ពីព្រោះ​លោក​គឺ​គ្រាន់តែ​ជា​មន្ត្រី​រដ្ឋ​ម្នាក់​ប៉ុណ្ណោះ​”​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ ដែល​បាន​អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​នេះ បាន​អះអាង ថា​នាឡិកា​ម៉ាក Richard Mille ម៉ូ​ដែល RM 002V2 នេះ គឺ​ធ្វើ​អំពី​ប្លា​ទីន ហើយ វា​មានតម្លៃ ៣៧០.០០០​ដុល្លារ​អាមេរិក​ហើយ​ចិញ្ចៀនពេជ្រ​ដែលមាន​ទ​ម្ងា​ន់​ប្រហែល​៥​កា​រ៉ាត់​នេះ គឺ មានតម្លៃ ១២២.៦០០ ដុល្លារ​អាមេរិក​។​

​លោក ប្រា​វីត ដែលជា​រដ្ឋមន្ត្រី​ការពារជាតិ​ផងដែរ​នេះ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​ត្រៀម​ខ្លូន​ចូល​បំភ្លឺ​អំពី​បញ្ហា​នេះ​ដល់​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ (NACC) ៕ ដោយ៖ សុខា

​លោក ប្រា​វីត វង់​សុ​វ៉ាន់ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​ត្រៀម​ខ្លូន​ចូល​បំភ្លឺ​អំពី​បញ្ហា​នេះ​ដល់​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ