ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីការបរទេស​វៀតណាម​នឹង​អញ្ជើញ​មក​កម្ពុជា​សប្តាហ៍​ក្រោយ​

503
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក ផាម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​ដឹកនាំ​គណៈប្រតិភូ​មកកាន់​រាជធានី​ភ្នំពេញ ដើម្បី ធ្វើជា​សហប្រធាន​ជាមួយ​ឯកឧត្តម ប្រាក់ សុខុន ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស ពី ថ្ងៃទី​២០-២១ ខែសីហា ឆ្នាំ​២០១៩ ។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ថ្ងៃទី​១៦​ខែសីហា​នេះ​។​


​ប្រភព​ដដែល​បញ្ជាក់ថា​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​ត្រូវបាន​រៀបចំ​ឡើងជា​ទៀងទាត់​ក្នុង​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ និង​រិះរក​វិធី និង​មធ្យោបាយ​នានា​ដើម្បី​ពង្រីក​ថែមទៀត​នូវ​វិសាលភាព និង​ប្រសិទ្ធិភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​វិស័យ​នានា​។​កិច្ចប្រជុំ​នេះ​ក៏​នឹង​ផ្តល់​កាលានុវត្តភាព​សម្រាប់​ភាគី​ទាំងពីរ ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក​ផងដែរ​។​
ក្នុងអំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ លោក ផាម ប៊ិ​ញ​មិញ នឹង​អញ្ជើញ​ចូលជួប​
​សម្តែង ការគួរ សម​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា​។​


កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៧​នេះ នឹង​ជួយ​លើកកម្ពស់ ថែមទៀត នូវ​ចំណងមិត្តភាព ជា​ភា​តរៈ​យូរអង្វែង និង ភាពជា​អ្នកជិតខាង​ល្អ​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា រួមចំណែក​ដល់​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​សកលលោក​៕សរន