ឧបនាយករដ្ឋមន្ត្រី​៖​វេទិកា​ឌីជីថល​កម្ពុជា​២០១៩​បង្កើត​ឱកាស​សម្រាប់​អ្នក​ចាប់ផ្តើម​អាជីវកម្ម​សហគ្រាស​

325
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សន្និសីទ​និង​ពិ​ព័រ​ណ៌​ឌីជីថល​កម្ពុជា​២០១៩​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​។​វេទិកា​សន្និសីទ​ផ្នែក​ឌីជីថល និង​បច្ចេកវិទ្យា​ដំបូង​គេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​មាន​រយៈពេល​៣​ថ្ងៃ​ផ្តើម​ពីថ្ងៃ​ទី​១៥​ដល់​ថ្ងៃទី​១៧​ខែមីនា​។

​វាគ្មិន​សំខាន់ៗ​ចំនួន​១០០​រូប​នឹងចូលរួម​ធ្វើ​បទ​បង្ហាញ​និង​ការពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​។​ពិភាក្សា​លើ​ប្រធានបទ​ដឹកនាំ​ដោយ​អ្នកជំនាញ​ទៅក្នុង​វិស័យ​បច្ចេកវិទ្យា​ដ៏​សំខាន់​និង​មាន​អ្នកចូលរួម​តាំងពិព័រណ៍​ជាង​១៥០​ស្ដង់​និង​មានឱកាស​ជា​បន្តបន្ទាប់​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ដែលមាន​គំនិត​ដូចគ្នាៗ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​, អាស៊ី​, អឺរ៉ុប និង​អាមេរិក​ខាងជើង​។​

​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​កម្មវិធី​សន្និសីទ និង​ពិ​ព័ណ៌​ឌីជីថល​កម្ពុជា​២០១៩ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុន្នី​រត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានបញ្ជាក់​ថា​៖«​ព្រឹត្តិការណ៍​នេះ​នឹង​បង្កើត​ឱកាស​សម្រាប់​អ្នក​ចាប់ផ្តើម​អាជីវកម្ម សហគ្រាស​ធុន​តូច និង​មធ្យម និង​អ្នកវិនិយោគ​ដើម្បី​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ព្រមទាំង​បង្កើត​បណ្តាញ​ជំនួញ​និង​ការវិនិយោគ ការលើកកម្ពស់​សហគ្រិន​ភាព​និង​នវានុវត្តន៍​ឌីជីថល និង​ការដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ផងដែរ​»​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​មានប្រសាសន៍​ទៀតថា​:​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​ផ្លាស់ប្តូរ​ពី​ការពឹង​តែ​ទៅលើ​វិស័យ​កសិកម្ម​ជា​មូលដ្ឋាន​មកជា​អ្នកផ្តល់​សេវាកម្ម​និង​ឧស្សាហកម្ម​ក្នុង​ធ្វើ​សមាហរណកម្ម​សង្វាក់​ត​ម្លៃ​ទៅកាន់​តំបន់​និង​ពិភពលោក​។​លោក​បន្តថា​៖ ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​បច្ចេកវិទ្យា ក៏​នឹង​ផ្តល់នូវ​ឱកាស​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​វិស័យ​ដទៃទៀត​ដូចជា​សុខភាព​សាធារណៈ សន្តិសុខ​ស្បៀង ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​និង​ការអប់រំ​ផងដែរ​។​

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា​៖ កម្ពុជា​បាន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​យ៉ាងច្រើន​ដើម្បី​ធានាថា​បច្ចេកវិទ្យា​ជា​ឆ្អឹងខ្នង​របស់​ប្រទេស​ដែល​អាច​គាំទ្រ​ដល់​កំណើន​យ៉ាង​ឆាប់រហ័ស​និង​គ្មាន​ដែន​កំណត់​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​ឌីជីថល​។​សន្និសីទ​និង​ពិ​ព័ណ៌​ឌីជីថល​កម្ពុជា​២០១៩​នេះ​មាន​គោលដៅ​សម្រាប់​ការត្រៀមខ្លួន​ជាស្រេច​របស់​កម្ពុជា​ក្នុងការ​ចាប់យក​សេដ្ឋកិច្ច​ឌីជីថល​និង​ការបង្ហាញ​នូវ​ការរីកចំរើន​ប្រកបដោយ​សក្តានុពល​នៃ​បច្ចេកវិទ្យា​ឌីជីថល​។

កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់ៗ​ជាអាទិ៍ ការបង្កើត វេទិកា​ថ្នាក់ជាតិ​បង្ហាញថា​កម្ពុជា​ជា​គោលដៅ​សម្រាប់​ការវិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ឌីជីថល​, ជំរុញ​អាជីវកម្ម​បង្កើត​ថ្មីៗ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​, លើកកម្ពស់​សហគ្រិនភាព​និង​នវានុវត្តន៍​ឌីជីថល​, ផ្លាស់ប្តូរ​បទពិសោធន៍ ពិភាក្សា​អំពី​និន្នាការ​និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​បញ្ហា​ផ្សេងៗ​ដែល​អាច​ត្រូវបាន​ដោះស្រាយ​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​និង​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ក្របខណ្ឌ​ច្បាប់​និង​គោលនយោបាយ​និង​ការអប់រំ​ដែល​ស្របតាម​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​និង​ផ្តល់ឱ្យ​សហគ្រិន​និង​អាជីវកម្ម​បង្កើត​ថ្មី​ក្នុងការ​អភិវឌ្ឍ​បណ្តាញ​ទំនាក់ទំនង​របស់​ពួកគេ និង​ជា​ឱកាស​ក្នុង​ការជួប​ជាមួយ​ក្រុមហ៊ុន​ផ្តល់​មូ​និ​ធិ​ប្រកបដោយ​សក​ត្តា​នុព​ល​ជាច្រើន​។​

​ជាមួយនឹង​ការធ្វើជា​ម្ចាស់ផ្ទះ​ដោយមាន​វិទ្យាស្ថាន​ជាតិ​NIPTICT,​កម្មវិធី​នេះ​ត្រូវ​បានទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​អន្តរក្រសួង​ចំនួន ០៦ ដែល​រួមមាន​៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​, ក្រសួងពាណិជ្ជកម្ម​, និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕S/

​ចំណងជើង​រូបថត​៖​សន្និសីទ​និង​ពិ​ព័រ​ណ៌​ឌីជីថល​កម្ពុជា​២០១៩​បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែ មិនា ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​(​រូប ៖​សុផល​)