ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជំ​រុញឱ្យ​ប្រជាជន​ខ្មែរ បន្ត​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​

369

(​ភ្នំពេញ​)៖​ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ខ្មែរ បន្ត​ការគាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដើម្បី​ពង្រឹង​ចង្វាក់​ផលិតកម្ម​ជាតិ សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន​និង​រួមចំណែក​កាត់​​បន្ថយ​ភាពក្រីក្រ​។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ដូច្នេះ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​បើកសម្ពោធ​“​ពិព័រណ៍​ពាណិជ្ជកម្ម​​ផលិតផល​ខ្មែរ ក្នុង​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​” ឆ្នាំ​២០១៧ ដែល​រៀបចំឡើង ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពា​​ណិ​ជ្ជ​កម្ម កាលពី​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​វិមាន​សុភមង្គល ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​ក៏មាន​អញ្ជើញ​ចូលរួម​ពី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​តំណាង​សហគ្រាស​​ធុន​តូច និង​ធ​ម្យ​ម ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​កោតសរសើរ​ចំពោះ​ការផ្តួចផ្តើម​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​បានដាក់​​ចេញ​នូវ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដើម្បី​បំផុស​ឱ្យ​ពលរដ្ឋ​កម្ពុជា​ចូលរួម​ប្រើប្រាស់​ផលិតផល​ខ្មែរ​ជំនួស​​ផលិតផល​នាំចូល​ពី​បរទេស​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា តាមរយៈ​ការរៀបចំ និង​ការចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា មាន​កំណើន​កាន់តែ​ប្រសើរ​រៀងរាល់ឆ្នាំ​។​

​ទន្ទឹមគ្នានេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ដោយ​ជោគជ័យ​នូវ​យុទ្ធនា​ការទិញ​​ផលិតផល​ខ្មែរ រដូវ​កាល​ទី​១ នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម និង​ខេត្ត​ព្រះសីហនុ​។ សម្រាប់​រដូវ​កាល​ទី​២​នេះ ហើយ​ក្រសួង​នឹង​បន្តធ្វើ​ឱ្យបាន​នៅក្នុង​ខេត្ត​-​ក្រុង​ចំនួន ៤​ទៀត ដើម្បី​ទាក់ទាញ​ការគាំទ្រ​ច្រើន​ពី​ប្រជាជន ចំពោះ​ផលិតផល​ខ្មែរ​។​

​សូមបញ្ជាក់ថា នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថ្ងៃនេះ មាន​ក្រុមហ៊ុន​ចូលរួម​ចំនួន ១៩៤​ក្រុមហ៊ុន និង​មាន​ស្តង់​លក់​សរុប​ចំនួន ២០០​ស្តង់ ហើយ​ក្នុងនោះ ក៏មាន​រៀបចំ​សិក្ខាសាលា កម្មវិធី​ជំនួប​ពិភាក្សា​រវាង​អ្នក​ផលិត​-​អ្នកផ្គត់ផ្គង់ និង​អ្នកបញ្ជា​ទិញ​-​អ្នកប្រើប្រាស់​ផលិតផល​ខ្មែរ ព្រមទាំង​ការប្រគុំ​តន្ត្រី ដែលមាន​ការចូលរួម​សម្តែង​ពី​សិល្បករ និង​សិល្បការ​នី​ល្បីៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​អត្ថបទ​៖​ក្រសួង​ពាណិជ្ជ​​កម្ម​/sn​