ឧបនាយក​រដ្ឋមន្ត្រី​ចិន​៖ អាមេរិក​យល់ព្រម​មិន​ប្រឡូក​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ទេ​

280

តំណាងពិសេសរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង និងជាឧបនាយករដ្ឋមន្រ្តី លោក លីវ ហេ(Liu He)បាននិយាយកាលពីថ្ងៃសៅរ៍ទី១៩ឧសភាថា ចិននិងអាមេរិកបានឈានដល់ការស្រុះស្រួលមតិគ្នាលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដោយសន្យាមិនប្រឡូកក្នុងសង្រ្គាមពាណិជ្ជកម្មណាមួយឡើយ។

លីវ បានទៅដល់ក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារសំរាប់កិច្ចពិភាក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយភាគីអាមេរិកតាមការអញ្ជើញរបស់រដ្ឋាភិបាលអាមេរិក។

លីវ ដែលក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលរបស់បក្សកុំម្មុយនីស្តចិន បានដឹកនាំគណៈប្រតិភូមួយដែលមានសមាជិកទៅពីវិស័យសេដ្ឋកិច្ចនៃរដ្ឋាភិបាលចិន។

លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ថា ភាគីទាំង២បានព្រមព្រៀងគ្នាថានឹងមិនធ្វើសង្រ្គាមពាណិជ្ជកម្មណាមួយ ហើយក៏ឈប់វាយពន្ធសងសឹកដាក់គ្នាដែរ ដែលនេះជាលទ្ធផលគួរអោយកត់សំគាល់បំផុតនៃការពិភាក្សានេះ។

បើតាមលោកលីវ ភាគីទាំងពីរនឹងជំរុញកិច្ចសហការពាណិជ្ជកម្មលើវិស័យថាមពល កសិកម្ម សុខាភិបាល ផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់និងហិរញ្ញវត្ថុ។ក្នុងពេលជាមួយគ្នា ភាគីទាំងពីរក៏នឹងពង្រឹងកិច្ចសហការខាងការវិនិយោគទៅវិញទៅមក និងការពារកម្មសិទ្ធិបញ្ញា។

លោកបានបន្ថែមថា ចិនក៏ត្រៀមខ្លួនមិនត្រឹមតែទិញទំនិញអាមេរិកច្រើនឡើង តែមកពីជុំវិញពិភពលោកផងដែរ។

បើតាមរបាយការណ៍សារព័ត៌មាន ចិនបានព្រមចាត់វិធានការដើម្បីបង្កើនការនាំចូលពីអាមេរិក ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក តែទោះជាយ៉ាងណាភាគីចរចាទាំងពីរមិនបាននិយាយអំពីគោលដៅកាត់បន្ថយឱនភាព២០០.០០០លានដុល្លារដែលសេតវិមានបាននិយាយកាលពីមុនទេ។

បើតាមសេចក្តីថ្លែងការណ៍នៃកិច្ចពិភាក្សា រដ្ឋាភិបាលក្រុងប៉េកាំងនិងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាថា ពួកគេនឹងពិភាក្សាអំពីវិធានការដែលចិននឹងនាំចូលទំនិញអាមេរិកច្រើនឡើងដើម្បីបន្ថយឱនភាពពាណិជ្ជកម្មដល់ទៅ៣៣៥.០០០លានដុល្លាររវាងប្រទេសទាំងពីរ ដែលពីមុនវាបានគំរាមបង្កអោយមានសង្រ្គាមពាណិជ្ជកម្មនោះ។

សូមរំលឹកថា ប្រធានាធិបតីត្រាំ របស់អាមេរិកបានគំរាមវាយពន្ធ១៥០.០០០លានដុល្លារលើទំនិញចិនដើម្បីតតបទៅនឹងអ្វីដែលលោកថាការកេងចំណេញមិនត្រឹមត្រូវលើបច្ចេកវិទ្យាអាមេរិកក្នុងការរកស៊ីរួមគ្នា និងគោលនយោបាយផ្សេងទៀត។រដ្ឋាភិបាលក្រុងប៉េកាំងក៏បានគំរាមសងសឹកវិញក្នុងលក្ខណៈស្មើគ្នា រួមមានការវាយពន្ធខ្ពស់លើទំនិញនាំចូលពីអាមេរិក រួមមានយន្តហោះ សណ្តែកសៀងនិងយានយន្ត៕ដោយៈវាសនា

លោកលីវ យេ បាននិយាយថា មូលហេតុដែលនាំអោយសំរេចបានលទ្ធផលនេះ គឺដោយសារមានការស្រុះស្រួលមតិគ្នាកាលពីមុនរវាងប្រធានាធិបតីស៊ីនិងប្រធានាធិបតី ត្រាំ ហើយហេតុផលជាមូលដ្ឋានគឺដោយសារវាជាសេចក្តីត្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរនិងពិភពលោកទាំងមូល