ឧបនាយក​រដ្ឋមន្ត្រី​ថៃ ជំទាស់​ប្រឆាំង​ការលើកលែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​ចិន​និង​ឥណ្ឌា​

568
ចែករម្លែក

​ឧបនាយក​រដ្ឋមន្ត្រី​ថៃ លោក Prawit Wongsuwaon គាំទ្រ​ការជំទាស់​របស់​ក្រសួងការបរទេស​ចំពោះ​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​សម្រាប់​ការលើកលែង​ទិដ្ឋាការ​​សម្រាប់​ភ្ញៀវទេសចរ​ចិន​និង​ឥណ្ឌា​។​

​លោក Prawit Wongsuwaon បាន​និយាយ​នៅ​វិមាន​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​សីហា​ថា​”​ខ្ញុំ​មិន​យល់ស្រប​ទេ​។ ក្រសួងការបរទេស​ជំទាស់​នឹង​បញ្ហា​នេះ ដោយសារ​ប្រទេស​​ចិន​មាន​ចំនួន​ប្រជាជន​១,២ ពាន់​លាន​នាក់​និង​ឥណ្ឌា​ចំនួន​១,២ ពាន់​លាន​នាក់​។ ខ្ញុំ​មិន​យល់​ស្រប​ទៅ​នឹង​ការផ្តល់​អាទិភាព​ងាយ​ចេញចូល​បែបនេះ​ទេ​”​។​

​ជំហរ​របស់​លោក​Prawit Wongsuwaon បាន​ឆ្លើយតប​ទៅនឹង​ការសម្រេចចិត្ត​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​សុក្រ​ក្នុងការ​ស្នើការ​លើកលែង​ទិដ្ឋាការ​នេះ​ជា​វិធានការ​​មួយ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ក្រសួង​ទេសចរណ៍​និង​កីឡា ដែល​នៅក្រោម​ការដឹកនាំ​របស់​គណបក្ស Bhumjaithai បានស្នើ​វា ប៉ុន្តែ​ក្រសួងការបរទេស បាន​ជំទាស់​វា ដោយ​ព្រួយបារម្ភ​បញ្ហា​សន្តិសុខ​។​

​តាម​សំណើ​លើកលែង​ទិដ្ឋាការ​ភ្ញៀវទេសចរ​ចិន​និង​ឥណ្ឌា​នេះ ពួក​អ្នកទេសចរ​ចិន​និង​ឥណ្ឌា​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​ប្រទេស​ថៃ រហូតដល់​៣០ ថ្ងៃ​។

​ក្រសួង​ការបរទេស​បាន​ចោទសួរ​ថា​តើ​ប្រទេស​ថៃ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ទប់ទល់​នឹង​លំហូរ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន​និង​ឥណ្ឌា យ៉ាងខ្លាំង​នោះ​។ ក្រសួង​នេះ​ក៏បាន​​ព្រមាន​ផងដែរ ថា ពួក​អ្នកទេសចរ​ជាច្រើន​អាច​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​រួចផុត​ពី​ស្ថានភាព​លំបាក ដូចជា​គ្រោះមហន្តរាយធម្មជាតិ​នៅ​ប្រទេស​របស់​ពួកគេ​ដើម្បី​រស់​នៅ​​ក្នុង​ប្រទេស​ថៃ​៕​ប្រែ​សម្រួល​៖​សុខា​

លោក Prawit Wongsuwaon មក​ដល់​នៅ​វិមាន​រដ្ឋាភិបាល​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ចន្ទ​

#