ឧ​ត្ត​ម​សេនីយ៍​ចិន រិះគន់​សម្តី​មិន​ទទួលខុសត្រូវ​អំពី​សមុទ្រ​ចិន​ខាងត្បូង​

3236
ចែករម្លែក

ឧ​ត្ត​ម​សេនីយ៍​ចិន​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​២​មិថុនា បាន​រិះគន់​”​សម្តី​មិន​ទទួលខុសត្រូវ​”​អំពី​ការបង្កើន​វត្តមាន​យោធា​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​ប្រមុខ​ការពារ​​ជាតិ​អាមេរិក ចោទប្រកាន់​ចិន​ថា​បំភិតបំភ័យ​និង​បង្ខិតបង្ខំ​នៅក្នុង​ដែនទឹក​មាន​ជម្លោះ​នេះ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហឺ ឡី បាន​និយាយ​នៅ​កិច្ចប្រជុំ​Shangri-La Dialogue​ស្តីពី​សន្តិសុខ​នៅ​សិង្ហ​បុរី​ថា​”​សម្តី​មិន​ទទួលខុសត្រូវ​ណាមួយ​ម​ក​ពី​ប្រទេស​ផ្សេង​មិនអាច​ទទួល​​យកបាន​ទេ​”​។​

​ចម្លើយ​តប​នេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយពី​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជី​ម ម៉ា​តទី​ស បាន​ប្រាប់​ជំនួប​កំពូល​សន្តិសុខ​នេះ​ថា កំណើន​វត្តមាន​យោធា​និង​ការដាក់​​តាំង​ប្រព័ន្ធ​សព្វាវុធ​ចិន​នៅក្នុង​ដែនទឹក​ជម្លោះ​នេះ មានបំណង​បំភិតបំភ័យ​ប្រទេសជិតខាង​ខ្លួន​។​

​សូមបញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានដាក់​ពង្រាយ​គ្រឿង​បរិក្ខា​យោធា​មួយចំនួនធំ​ចាប់តាំងពី​កាំជ្រួច​បាញ់​នាវា កាំជ្រួច​ពី​ដី​ទៅ​អាកាស​និង​ប្រព័ន្ធ​រាំងស្ទះ​ការ​​ចាប់​សញ្ញា​នៅ​ទូទាំង​សមុទ្រ​ចិន​ខាងត្បូង ។​

​ចិន​ក៏បាន​ចុះចត​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធ្ងន់​ធ្ងន់​នៅលើ​កោះ​វូត​ឌី ក្នុង​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​។​

​តែ​ទោះជា​យ៉ាងណា ឧ​ត្ត​ម​សេនីយ៍​ចិន​រូបនេះ បាន​និយាយថា អំពើ​របស់​ចិន​មានបំណង​”​ការពារជាតិ​”​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​” វា​សំរាប់​គោលដៅ​បញ្ចៀស​ការឈ្លានពាន​ពី​អ្នកដទៃ​…​ដោយសារ​វា​ជា​ទឹកដី​របស់​អ្នក អ្នក​អាចដាក់​ទ័ព​និង​សព្វាវុធ​”៕ដោយ៖វាសនា

​ឧ​ត្ត​ម​សេនីយ៍ ហឺ ឡី នៅឯ​កិច្ចប្រជុំ​សន្តិសុខ​នៅ​សិង្ហ​បុរី បាន​វាយប្រហារ​រិះគន់​អ្វីដែល​លោក​ចាត់ទុកថា​”​សម្តី​មិន​ទទួលខុសត្រូវ​”

#