ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា និង​ក្រុមការងារ ប្រគេន​ឥដ្ឋការ៉ូ​ម៉ាប​ចំនួន​៥០​កេស ឥដ្ឋ​កន្សែង​ចំនួន​១០០​កេស និង​ថ្នាំលាប​ចំនួន​៣​ធុង​ដល់​វត្ត​មួយ​នៅ​ស្រុក​បន្ទាយស្រី

238
ចែករម្លែក

ដោយ​: ច័ន្ទ​គារ / សៀមរាប​: ឥដ្ឋការ៉ូ​ម៉ាប​ចំនួន​៥០​កេស ឥដ្ឋ​កន្សែង​ចំនួន​១០០​កេស និង​ថ្នាំលាប​ចំនួន​៣​ធុង ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា មេបញ្ជាការរង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ក្រុមការងារ​បាន​យកទៅ​ប្រគេន​ព្រះសង្ឃ ស្ថិតនៅក្នុង​វត្ត​សុវណ្ណ​គី​រី (​ហៅ​វត្ត​តា​ពេន​) ស្ថិតនៅ​ក្នុងភូមិ​តា​ពេន ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។​

​សម្ភារៈ​សំណង់​ខាងលើនេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា នាំយកទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ខាងលើ​នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩​នេះ ដើម្បី​យកទៅ​ក្រាល​ការ៉ូ​និង​លាប​កុដិ​មួយ​ខ្នង​ដែល​កំពុងដំណើរការ​សាងសង់ និង​ការ​ប្រគេន​នេះ​គឺ​តាម​ការស្នើ​និមន្ត​សុំ​បិណ្ឌ​បាត្រ ព្រោះ​វត្តមាន​ការខ្វះខាត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា បាន​ពិត​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ខាងលើនេះ​ថា សម្ភារៈ​សំណង់​ខាងលើនេះ​មិនមែនជា​របស់​ច្រើន​នោះទេ តែ​នេះ​ជាការ​រួមចំណែក​ក្នុងការ​ចែករំលែក​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ត្រូវបាន​ប្រជាពលរដ្ឋ​ទូទៅ​គោរពបូជា​ជា​រៀងរាល់ថ្ងៃ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បន្តថា សម្ភារៈ​សំណង់​នេះដែរ​គឺ​កើតចេញពី​ការរួម​គ្នា​ជាមួយ​មន្ត្រី​ក្រោម​ឪ​វាទ មិត្ត​ភ័​ក្រ បងប្អូន ដែល​រួម​សាមគ្គី​គ្នា​កើតចេញ​ជា​សមិទ្ធផល​នេះ​ឡើង ស្របតាម​ការចង់បាន​របស់​ព្រះសង្ឃ អាចារ្យ គណកម្មការ​វត្ត និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដើម្បី​ទុកជា​សម្បត្តិ​រួម​និង​ប្រជាពលរដ្ឋ​គោរពបូជា​តរៀង​ទៅ​។​

​ក្នុងឱកាស​នោះដែរ ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា ក៏បាន​ប្រគេន​ថវិកា​ដល់​ព្រះសង្ឃ អាចារ្យ និង​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​កំពុង​ជួយ​ជួសជុល​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦៧​ចូលទៅ​ដល់​វត្ត​សុវណ្ណ​គី​រី (​ហៅ​វត្ត​តា​ពេន​) ដែលមាន​ចម្ងាយ​៤០០០​ម៉ែត្រ ដែល​ខូចខាត​ជា​អន្លើៗ ដោយសារ​ទឹកភ្លៀង​នា​រដូវវស្សា​នេះ​៕