ឧ​ត្ត​ម​សេនីយ៍​ម្នាក់​អះអាងថា អាម៉េរិក​ប្រហែលជា​បាន​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ីរ៉ង់​២​គ្រឿង​

300
ចែករម្លែក

មេបញ្ជាការ​កងកម្លាំង​អាម៉េរិក​នៅក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​កក្កដា​ថា នាវាចម្បាំង​អាម៉េរិក​ប្រហែលជា​បាន​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ីរ៉ង់​ពីរ​គ្រឿង​ក្នុងអំឡុង​ការប្រឈមមុខ​ដាក់គ្នា​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​កាលពី​សប្តាហ៍​មុន​។​

​មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាល​អាម៉េរិក​លោក​ឧ​ត្ត​ម​សេនីយ៍ កេ​ន​ណេ​ត ម៉ាក​ខេន​ហ្ស៊ី (Kenneth McKenzie) បាន​ប្រាប់​ទូរទស្សន៍ CBS News នៅក្នុង​បទសម្ភាសន៍​មួយ​នៅលើ​នាវា USS Boxer ជានា​វា​នៅ​ចំ​កណ្តាល​នៃ​ឧបទ្ទវ​ហេតុនេះ ថា “​យើង​មាន​ទំនុកចិត្ត​ថា យើង​បាន​បាញ់​ទម្លាក់​ដ្រូ​ន​មួយគ្រឿង​។ យើង​ក៏​ប្រហែល​បាញ់​ធ្លាក់​ដ្រូ​នទី​ពីរ​ដែរ​”​។​

​អ្នកនាំពាក្យ​របស់​ទីបញ្ជាការ​កណ្តាល​អាម៉េរិក លោក​វរសេនីយ៍ឯក អៀ​ល ប្រោ​ន ក្រោយមក​បាន​និយាយថា នាវា​នេះ​បាន​អនុវត្ត “​សកម្មភាព​ការពារ​ខ្លួន​” បន្ទាប់ពី​មានការ​ហោះហើរ​ដ៏​ព្រហើន​ដោយ​ដ្រូ​ន​អ៊ីរ៉ង់​ពីរ​គ្រឿង​នៅលើ​ដែនទឹក​អន្ដរជាតិ​។​

​លោក​បាន​និយាយថា “​យើង​បាន​សង្កេតឃើញ​ដ្រូ​ន​មួយ​ធ្លាក់​ចូលក្នុង​ទឹក ប៉ុន្តែ​មិនបាន​សង្កេតឃើញ​ដ្រូ​ន​មួយទៀត​ធ្លាក់ទឹក​នោះទេ​”​។​

​លោក​ប្រោ​ន​បាន​បន្ថែមថា “​សហរដ្ឋ​អាម៉េរិក​សូម​រក្សា​សិទ្ធិ​ក្នុងការ​ការពារ​បុគ្គលិក​យោធា ទីតាំង​យោធា និង​ផលប្រយោជន៍​របស់​យើង ហើយ​សូម​អំពាវនាវ​ដល់​គ្រប់​ប្រទេស​ទាំងអស់​ថ្កោលទោស​ការប៉ុនប៉ង​ណាមួយ​ដើម្បី​រំខាន​ដល់​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​និង​ពាណិជ្ជកម្ម​ពិភពលោក​”​។​

​ទូរទស្សន៍ CBS បាន​និយាយថា ដ្រូ​ន​ទាំងពីរ​តាម​ដឹង​គឺ​បាញ់​ធ្លាក់​ដោយ​សញ្ញា​អេឡិចត្រូនិក​ឬ​សម្ពាធ​រលកសញ្ញា ដែល​ផ្តាច់​ការបញ្ជា​ហោះហើរ​របស់​ដ្រូ​ន​។​

​ប្រទេស​អ៊ីរ៉ង់ ដែល​កាលពី​ខែ​មុន​បាន​បាញ់​ទម្លាក់​ដ្រូ​ន​របស់​អាម៉េរិក​ឈ្មោះ Global Hawk ដែល​ខ្លួន​និយាយថា​បាន​ហោះចូល​ទៅក្នុង​ដែនអាកាស​របស់ខ្លួន​នោះ បាន​បដិសេធថា​ខ្លួន​មិនបាន​បាត់បង់​នូវ​ដ្រូ​ន​ណាមួយ​ទេ បន្ទាប់ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បានប្រកាសថា នាវា USS Boxer បាន​ទម្លាក់​ដ្រូ​ន​អ៊ីរ៉ង់​មួយគ្រឿង​៕ ដោយ៖ កញ្ញាដាលីស

មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាល​អាម៉េរិក​លោក​ឧ​ត្ត​ម​សេនីយ៍ កេ​ន​ណេ​ត ម៉ាក​ខេន​ហ្ស៊ី