ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​!​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​-​ឆ្លាម​សមុទ្រ​នឹង​ធានាបាន​នូវ​ការការពារ​ទឹកដី​

428
ចែករម្លែក
  • 27
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែងថា​”​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​និង​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆ្លាម សមុទ្រ​ពិតជា​បាន​ឆ្លើយតប​តាម​សេចក្តីត្រូវការ​ក្នុង​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ជំនាញ​។​ដើម្បី​ធានាបាន​ការបំពេញ​តួនាទី និង​ភារកិច្ច​ការពារ​ឯករាជ្យ​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យបាន​ដាច់ខាត​ស័ក្តិសម​នឹង​ទំនុកចិត្ត​ដែល​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុ​ជាមាន​ចំពោះ​កងយោធពល​ខេមរភូមិន្ទ​”​។​

​ការ​ថ្លែង​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនា​ន់ទី​២៦​និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆ្លាម​សមុទ្រ ជំនា​ន់ទី​៧ កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១ កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនា​ន់ទី​២៦​ក៏ដូចជា​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆ្លាម​សមុទ្រ​ជំនា​ន់ទី​៧​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ស្តីពី​ការងារ​ហ្វឹកហ្វឺន​កងទ័ពជើងគោក​ឆ្នាំ​២០១៩​។​

​ក្នុងនោះ​ការងារ​ហ្វឹកហ្វឺន​ត្រូវបាន​ចាត់ទុកជា​ការងា​រ​អាទិភាព​ចាំបាច់​ដែល​ត្រូវ​ដំណើរការ​បន្តបន្ទាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម​ដើម្បី​ចូលរួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ការពារជាតិ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យទទួល​បាន​ជោគជ័យ​។​

រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានដាក់​ចេញ​នូវ​ផែនការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ​សំដៅ​ធ្វើ​ទំនើបកម្ម​និង​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។ ដើម្បី​ធានា​កិច្ចការពារ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​អធិបតេយ្យ បូរណភាព​ទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។

កងយោធពល​ខេមរភូមិន្ទ​ជា​បណ្តើរៗ​បានធ្វើការ​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការបង្កើន​គុណភាព​ហ្វឹកហ្វឺន និង​បណ្តុះបណ្តាល​យោធិន​អាជីព ក្នុង​គោលដៅ​កសាង​ជួរ​កងកម្លាំងប្រដាប់អាវុធ​វ័យក្មេង សម្រាប់​បន្តវេន​នាពេល​អនាគត ដែលជា​កត្តា​គន្លឹះ​ដ៏​សំខាន់​មួយ ដើម្បី​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ ធានា​ជោគជ័យ និង​និរន្តរភាព​ក្នុងការ​កែទម្រង់​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មេបញ្ជាការ​មេបញ្ជាការរង​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​នៃ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ទាំងអស់​។​ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុងការ​បំពេញភារកិច្ច ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ការចូលរួម​ថែរក្សា​សន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ សម្រេចបាន​លទ្ធផល និង​ស្នាដៃ​ល្អប្រសើរ ជូន​ជាតិ​មាតុភូមិ​។

ជាពិសេស​កងពល​បាន​យកចិត្តទុកដាក់​គោរព​និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា​និង​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដោយ​ធានាបាន​ទាំងស្រុង​នូវ​ការអនុវត្ត​ភារកិច្ច​ស្នូល​ជា​កម្លាំង​អន្តរាគមន៍​។​ត្រៀមប្រយុទ្ធ​គ្រប់ពេលវេលា និង​ការពារ​ទប់ស្កាត់​រាល់​អំពើ​អសន្តិសុខ​និង​អំពើ​ភេរវកម្ម​ដែល​បង្ក​ការគំរាមកំហែង​និង​អស្ថិរភាព​ក្នុងសង្គម​។​

ក៏ដូចជា​ការបំពេញ​តួនាទី​ជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជំនាញ​ទ័ព​ពិសេស​កសាង​ប្រភពធនធាន​មនុស្ស​ប្រកបដោយ​សមត្ថភាព បម្រើឱ្យ​ស្ថាប័ន​-​កង​អង្គភាព​ផ្សេងៗ​ទៀត នៃ​កងយោធពល​ខេមរភូមិន្ទ​។ ក្រៅពីនេះ កងពល​ក៏បាន​យកចិត្តទុកដាក់​ប្រុងប្រៀប​កម្លាំង​និង​មធ្យោបាយ​សម្ភារៈ​ដើម្បី​សហការ​ណ៍​ជួយសង្គ្រោះ​ប្រជាជន​នៅពេល​មាន​គ្រោះមហន្តរាយ និង​គ្រោះធម្មជាតិ​ផងដែរ​។​

​លោក​បាន​លើកឡើងថា​ទាំងនេះ​ស្តែង​ឱ្យឃើញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​ក្នុងការ​បំពេញបាន​យ៉ាង​ខ្ជាប់ខ្ជួន​និង​ម៉ឺងម៉ាត់​នូវ​តួនាទី​និង​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ​ស្របតាម​ច្បាប់​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក៏ដូចជា​ផែនការ​របស់​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។

“​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ស្នាដៃ​និង​សមិទ្ធផល​ដែល​សម្រេចបាន​ទាំងនេះ​ជាពិសេស​វា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ការប្តេជ្ញាចិត្ត​ដ៏​មុះ​មុត​ក៏ដូចជា​សាមគ្គីភាព​ផ្ទៃក្នុង​ដ៏​រឹងមាំ​របស់​ថ្នាក់ដឹកនាំ​និង​យោធិន​ទូទាំង​កងពល​ទាំងមូល​ក្នុងការ​សម្រេច​ភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាជន​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ក៏បាន​សូម​សំណូមពរ​និង​លើកទឹកចិត្ត​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​ឱ្យបាន​កាន់តែ​ប្រសើរ​ទៅមុខ​ជាពិសេស​ចំពោះ​ការងារ​ហ្វឹកហ្វឺន​ផ្ទាល់​មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​ការងារ​ហ្វឹកហ្វឺន​ដែលជា​ការងារ​ស្នូល ដែល​ត្រូវធ្វើ​ជាប្រចាំ ដើម្បី​លើ​កម្ពស់​សមត្ថភាព​ប្រយុទ្ធ ត្រៀមប្រយុទ្ធ​ដល់ យោធិន ។​

ក្នុងនោះ​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ចំនួន​ទ័ព​ពេល​ហ្វឹកហ្វឺន​ធានា​សន្តិសុខ​សុវត្ថិភាព​ទាំង​មនុស្ស​និង​សម្ភារៈ​គ្រឿង​បំពាក់​ឱ្យបាន​ល្អប្រសើរ​។​សំដៅ​លើកកម្ពស់​ការកសាង​ធនធានមនុស្ស​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំពេញភារកិច្ច ទាំង​ក្នុងដំណាក់កាល​បច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត​៕S/