ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់​ព្រមាន​លោក​ត្រាំ​ថា សង្គ្រាម​នឹង​បំផ្លាញ​អ្វីៗ​ទាំងអស់​ដែល​អាមេរិក​មាន

782
ចែករម្លែក

​មេបញ្ជាការ​កងកម្លាំង​ពិសេស​អ៊ីរ៉ង់​មួយ​បាន​ព្រមាន​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ថា ប្រសិនបើ​សហរដ្ឋអាមេរិក​វាយប្រហា​រ​អ៊ីរ៉ង់ នោះ​ខ្លួន​នឹង​បំផ្លាញ​អ្វីៗ​ទាំងអស់​ដែល​អាមេរិក​មាន​។​

​ទីភ្នាក់ងារសារព័ត៌មាន​អ៊ីរ៉ង់ Tasnim បាន​រាយការណ៍​ថា ឧត្ដមសេនីយ៍ឯក កាស​សឹម សូឡី​ម៉ា​នី បាន​ស្បថ​ថា ប្រសិនបើ​លោក​ត្រាំ​ចាប់ផ្តើម​សង្គ្រាម នោះ​សាធារណរដ្ឋ​អ៊ីស្លាម​នឹង​បញ្ចប់​វា​។

​ការព្រមាន​នេះ​ធ្វើឡើង បន្ទាប់ពី​លោក​ត្រាំ​បាន​សរសេរ​ព្រមាន​ជា​អក្សរ​ធំ​សុទ្ធ​នៅលើ​ធ្វី​ត​ធឺ ដោយ​ប្រាប់​ប្រធានាធិបតី​អ៊ីរ៉ង់ “​កុំមក​ហ៊ាន​” ព្រមាន​អាមេរិក​ឱ្យសោះ​។​

​ភាព​តានតឹង​បាន​កើនឡើង​ចាប់តាំងពី​អាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥​។​

​ឧត្ដមសេនីយ៍ឯក សូឡី​ម៉ា​នី ដែល​ដឹកនាំ​កងកម្លាំង Quds របស់​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ត្រូវបាន​ដកស្រង់​សម្តី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយនិយាយ​ថា “​ក្នុងនាម​ជា​ទាហាន វា​គឺជា​កាតព្វកិច្ច​របស់ខ្ញុំ​ក្នុងការ​ឆ្លើយតប​ចំពោះ​ការគំរាមកំហែង​របស់​អ្នកឯង​។ និយាយ​ជាមួយ​ខ្ញុំ មិនមែន​ជាមួយ​លោកហាស​សាន់ រូ​ហា​នី នោះទេ​។ វា​មិន​ស្ថិតនៅក្នុង​សេចក្តីថ្លៃថ្នូរ​របស់​ប្រធានាធិបតី​យើង​ទេ​ដើម្បី​ឆ្លើយតប​នឹង​អ្នកឯង​។ យើង​នៅ​កៀក​នឹង​អ្នកឯង កន្លែង​ដែល​អ្នកឯង​មិនអាច​សូម្បីតែ​ស្រមៃ​។ ចូលមក យើង​ត្រៀមខ្លួន​រួចរាល់​ហើយ​។ ប្រសិនបើ​អ្នកឯង​ចាប់ផ្តើម​សង្គ្រាម យើង​នឹង​បញ្ចប់សង្គ្រាម​។ អ្នកដឹង​ហើយ​ថា សង្គ្រាម​នេះ​នឹង​បំផ្លាញ​អ្វីៗ​ទាំងអស់​ដែល​អ្នកមាន​”​។​

​លោក​ក៏បាន​ចោទប្រកាន់​លោក​ប្រធានាធិបតី​អាមេរិក​ថា​បាន​ប្រើប្រាស់​ភាសា “​ពួក​ក្លិប​រាត្រី​និង​បន​ល្បែងស៊ីសង​” ផងដែរ​។​

​កាលពី​ថ្ងៃអាទិត្យ ទី​២២​កក្កដា លោក​ត្រាំ​បាន​បង្ហោះ​សារ​គំរាមកំហែង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ទៅកាន់​ប្រធានាធិបតី​អ៊ីរ៉ង់​។​

​ប៉ុន្តែ ២ ថ្ងៃ​ក្រោយមក ខណៈ​កំពុង​ថ្លែង​ទៅកាន់​ក្រុម​អតីតយុទ្ធជន លោក​ត្រាំ​និយាយថា អាមេរិក “​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​ពិតប្រាកដ​” ជាមួយ​អ៊ីរ៉ង់​៕  ដោយ៖ កញ្ញាដាលីស

ឧត្ដមសេនីយ៍ឯក កាស​សឹម សូឡី​ម៉ា​នី និង​លោក​ត្រាំ