ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ជួប​ជាមួយ​ពលទាហាន​ថ្មី​ជ្រើសរើស​បំពេញ​ក្របខណ្ឌ​កងទ័ពជើងគោក​

100
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​ជួប​សំណេះសំណាល​ជាមួយ​ពលទាហាន​ថ្មី​ដែល​ទើបត្រូវ​បានជ្រើសរើស​បំពេញ​ក្របខណ្ឌ​ឱ្យ​កងទ័ពជើងគោក​ឆ្នាំ​២០២០​។​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ​សែន​ភ្នំ​វាល​ចាប​(​ខេត្តបាត់ដំបង​)​និង​នៅ​សាលា​ពលទាហាន​យោធភូមិភាគ​ពិសេស​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​សូម​អបអរសាទរ​ចំពោះ​ការទទួលបាន​ការជ្រើសរើស​ឱ្យចូល​បម្រើ​កងយោធពល​ខេមរភូមិន្ទ​បំពេញ​ក្របខណ្ឌ​ឱ្យ​កងទ័ពជើងគោក​ឆ្នាំ​២០២០​នេះ​។​ក៏​កំពុង​ឆ្លង​វគ្គ​ហ្វឹកហ្វឺន​នៅ​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ​សែន​ភ្នំ​វាល​ចាប​ខេត្តបាត់ដំបង​។​នៅ​សាលា​ពលទាហាន​យោធភូមិភាគ​ពិសេស​ខេត្តកំពង់ឆ្នាំង​។​ក៏​សូម​កោតសរសើរ​ដែល​បានសម្រេច​ចិត្ត​ជ្រើសរើស​អាជីព​ជា​យោធិន​និង​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ព្យាយាម​ហ្វឹកហ្វឺន​រៀនសូត្រ​មកទល់ពេលនេះ​។​

​ដោយ​ឆ្លងកាត់​ការ​លត់​ដំ​ពុះពារ​ការលំបាក​នៅក្នុង​កាលៈទេសៈ​នៃ​ការផ្លាស់ប្តូរ​ជីវភាព​ពី​ជន​ស៊ីវិល​មកជា​យោធិន​។​ស្របពេល​ដែលមាន​យុវជន​ស្ម័គ្រចិត្ត​រាប់ពាន់នាក់​ផ្សេងទៀត​កំពុង​រង់ចាំ​ទន្ទឹង​ចង់បាន​ឱកាស​ដូចគ្នានេះ​នេះ​ក៏​អាច​ចាត់ទុកជា​ឱកាស​មាស​មួយ​ផងដែរ​ដែលជា​ជោគជ័យ​និង​ជា​មោទនភាព​មួយ​របស់​សាមីខ្លួន​ផ្ទាល់​, របស់​ក្រុមគ្រួសារ និង​របស់​កងទ័ព​យើង​។​

​លោក​បាន​បញ្ជាក់ថា​ការហ្វឹកហ្វឺន​រយៈពេល​៣​ខែ​នេះ​គឺជា​ការហ្វឹកហ្វឺន​ដែល​ផ្តល់នូវ​មូលដ្ឋាន​មួយចំនួន​សម្រាប់​ការបំពេញភារកិច្ច​ក្នុងនាម​ជា​សមាជិក​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែលជា​ចំណេះដឹង​មិនអាច​ផ្តល់​ដោយ ស្ថាប័ន​គ្រឹះស្ថាន​អប់រំ​ស៊ីវិល​។​ដូច្នេះ​សូម​ពលទាហាន​ថ្មី​របស់​យើង​ចាប់យក​ឱកាស​នេះ និង​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ​ក្តាប់​ឱ្យ​ជាប់​នូវ​ការយល់ដឹង​។​

​ទី​១.​អំពី​ជីវិត​កងទ័ព​របៀបរ​បប​ការងារ​កងទ័ព​សំដៅ​ដល់​ការរស់នៅ​ជាមួយគ្នា​,​ហ្វឹកហ្វឺន​រួមគ្នា​,​សហការ​សាមគ្គី​ជួយ​គ្នា​ដើម្បី​សម្រេច​ភារកិច្ច​រួម​។​ទី​២.​អំពី​តួនាទី​ភារកិច្ច​កងទ័ព​,​សណ្តាប់ធ្នាប់​វិន័យ​ជួរ​ទ័ព​,​និង​ការអនុវត្ត​ក្រឹត្យក្រម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ដើម្បី​ជាការ​លត់​ដំ​ឱ្យ​ម្នាក់ៗ​ក្លាយជា​យោធិន​ពេញលក្ខណៈ​មាន​ស្មារតី​ភ្ញាក់រលឹក​ម្ចាស់​ការលើក​ការគោរពវិន័យ​។​ការបំពេញភារកិច្ច​និង​ការ​ទ​ទទួលខុសត្រូវ​ក្នុងនាម​បុគ្គល​ម្នាក់ៗ​,​ក្នុងនាម​ក្រុម​ក៏ដូចជា​ក្នុងនាម​កងទ័ព​ទាំងមូល​;​ទី​៣.​អំពី​ជំនាញ​ចំណេះដឹង​យោធា​,​ឋានលេខា​និង​យុទ្ធវិធី​ផ្សេងៗ​ដែល​ត្រូវ​ទទួលបាន​តាមរយៈ​ការ​ហ្វឹក​ហ្វឹ​ន​ច្បាស់លាស់​មាន​វិធីសាស្ត្រ​ច្បាស់លាស់​រួមទាំង​ការហ្វឹកហ្វឺន​ផ្នែក​កាយសម្បទា​ផងដែរ​។

​កាយសម្បទា​រឹងមាំ​ជា​មូលដ្ឋាន​នៃ​ការហ្វឹកហ្វឺន​ដោយ​ធ្វើឱ្យមាន​សុខភាព​ល្អ​,​ធ្វើឱ្យមាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​ដែល​កត្តា​ទាំងអស់នេះ​ចាំបាច់​សម្រាប់​ការបំពេញភារកិច្ច​ឱ្យមាន​ប្រសិទ្ធភាព​ឬ​ដើម្បី​បំពេញ​ការហ្វឹកហ្វឺន​ក្នុង​វគ្គ​បន្តបន្ទាប់​ទៀត​។​ចំពោះ​ការហ្វឹកហ្វឺន​ពលទាហាន​ថ្មី​នេះ​សូម​អរគុណ​ប្រមុខ​រាជរដ្ឋាភិបាល​,​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​,​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន​,​និង​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក ក៏ដូចជា​ថ្នាក់ដឹកនាំ​បណ្តា​យោធភូមិភាគ​,​គណៈ​គ្រប់គ្រង​វគ្គ​,​។​យោធា​ចា​រ្យ​បាន​ខិតខំ​ណាស់​ដើម្បី​ធានា​និង​សម្របសម្រួល​ដំណើរការ​នៃ​ការហ្វឹកហ្វឺន​ឱ្យបាន​ល្អ​ក្នុងនោះ​រួមទាំង​ការ​ស្នាក់នៅ​និង​ហូបចុក​។​

​បន្ត​ទៅនេះ​ដើម្បី​ឈានទៅ​បញ្ចប់​វគ្គ​ដោយ​ជោគជ័យ​ក្លាយខ្លួនជា​យោធិន​ម្នាក់​មាន​សមត្ថភាព​,​មានការ​ទទួលខុសត្រូវ​និង​មាន​សុខ​ភាពល្អ​ធានាបាន​ការបំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​អ្វីដែល​សំខាន់​គឺ​អាស្រ័យ​លើ​កម្រិត​នៃ​ការខិតខំ​ព្យាយាម​យកចិត្តទុកដាក់​របស់​សិក្ខាកាម​ពលទាហាន​យើង​ផ្ទាល់​។​ដូច្នេះ​នៅក្នុង​រយៈពេល​៣​ខែ​នៃ​ការចាក់​គ្រឹះ​មូលដ្ឋាន​នេះ​សូម​លត់​ដំ​តស៊ូ​ព្យាយាម​និង​យកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ​និង​គោរព​វិន័យ​សាលា​,​បទបញ្ជាផ្ទៃក្នុង​របស់​វគ្គ​ហ្វឹកហ្វឺន​។​

​វិន័យ​ជា​មូលដ្ឋាន​សំខាន់បំផុត​របស់​កង​ទ័ព​ហើយ​មាន​គោលដៅ​ធ្វើយ៉ាងណា​ឱ្យមាន​ការឯកភាព​គ្នា​,​គ្មាន​ការរើសអើង​,​មានការ​អនុវត្ត​គ្រប់គ្នា​និង​ដូចគ្នា​ហើយក៏​សូម​ត្រងត្រាប់​ស្តាប់​យោធា​ចា​រ្យ​ឱ្យបាន​ហ្មត់ចត់​ជាពិសេស​ពេល​ហាត់​បាញ់​គ្រាប់​ពិត​ឬ​នៅលើ​ទីលាន​។​ដើម្បី​ធានាបាន​សុវត្ថិភាព​ចៀសវាង​ការ​មាន​គ្រោះថ្នាក់​ដោយសារ​ការធ្វេសប្រហែស​ក្នុងពេល​ហ្វឹកហ្វឺន​។​

​សូម​យកចិត្តទុកដាក់​ផងដែរ​លើ​ការថែទាំ​សុខភាព​ដោយ​ហូប​ទឹក​ឱ្យបាន​ច្រើន​និង​ចេះ​រក្សា​អនាម័យ​ខ្លួនប្រាណ​ឱ្យ​បានល្អ​ទន្ទឹមនឹង​ការចេះ​យក​ឱកាស​បង្កើត​មិត្តភាព​ក្នុងនាម​ជា​កងយោធពល​ខេមរភូមិន្ទ​តែមួយ​តស៊ូ​ព្យាយាម​កុំ​បោះបង់​,​ចេះ​ជួយ​គ្នា​,​ឆ្លងកាត់​ការ​លត់​ដំ​ទាំងអស់គ្នា​ទោះ​មកពី​ប្រភព​ផ្សេងៗ​គ្នា​ដោយ​បន្ទាប់ពី​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​នឹង​ទទួលបាន​ការចាត់តាំង​ទៅតាម​បណ្តា​អង្គភាព​អាច​កៀក​ស្មារ​គ្នា​ក្នុង​ជំនាន់​និង​គ្រប់ៗ​ជំនាន់​យូរអង្វែង​តទៅ ដើម្បី​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​៕S/​