ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាញ​ការពារ​ផ្ទាល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ​-​អន្តរជាតិ​

1627
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​សម្រាប់​គ្រូ​បង្គោល​ជំនាញ​ការពារ​ផ្ទាល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ នៅ​មជ្ឈមណ្ឌល Prince Security Service កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​។

​សិក្ខាកាម​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​មាន​ចំនួន ៤០​នាក់ ក្នុងនោះ ៣០​នាក់ មកពី​នាយកដ្ឋានអង្គរក្ស និង​១០​នាក់ មកពី​អង្គភាព​អន្តរាគមន៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ​វគ្គ​សិក្សា​នឹង​ធ្វើឡើង​រយៈពេល ១២​សប្ដាហ៍ ដោយមាន​គ្រូ​ជំនាញ ជា​ជនជាតិ​អេ​ស្ប៉ា​ញ និង​ចិន (​ហុងកុង​) ចំនួន ៧​នាក់​។​

​មុខវិជ្ជា​ដែល​ត្រូវ​បណ្ដុះបណ្ដាល​មាន​ចំនួន ១៦​មេរៀន ៖ ១. តួនាទី​ភារកិច្ច និង​លក្ខណៈសម្បត្តិ របស់​មន្ត្រី​ការពារ​ផ្ទាល់​។ ២. ទំនាក់ទំនង​រវាង​មន្ត្រី​ការពារ​ផ្ទាល់ និង​ប្រតិភូ​។ ៣. មូលដ្ឋាន​ភាសា​អង់គ្លេស​។ ៤. របៀប​ដើរ​ការពារ​។ ៥. បច្ចេកទេស​បើករថយន្ត និង​ការរៀបចំ​ក្បួន​រថយន្ត​។ ៦. ការវាយតម្លៃ​ភាព​គំរាមកំហែង គ្រោះថ្នាក់ និង​ភាព​ងាយ​រងគ្រោះ​។ ៧. ការជ្រើសរើស​ផ្លូវ​ធ្វើដំណើរ និង​ការ​រាយ​ការ​ណ៏​អំពី​ភាព​គំរាមកំហែង​។ ៨. ការប្រើប្រាស​អាវុធ និង​បាញ់​គ្រាប់​ពិត​។ ៩. ការគ្រប់គ្រង​សភាពការណ៍​ពេល​មាន​បញ្ហា​។ ១០. របៀប​អង្កេត និង​ការប្រឆាំង​ការ​វាយឆ្មក់​។ ១១. ការឃ្លាំមើល ការតាមដាន និង​វិធីសាស្ត្រ​ប្រឆាំង​ការឃ្លាំមើល ( Counter Surveillance )​។ ១២. ស្វែងយល់​អំពី​គ្រឿងផ្ទុះ ការពិនិត្យ​មើល និង​ការ​សម្គាល់​។ ១៣. ការពិនិត្យ​សន្តិសុខ​ទីតាំង​ពិធី ទីវាល​សាធារណៈ និង​ព្រលានយន្តហោះ​។ ១៤. ការសម្របសម្រួល​ជាមួយ​ដៃគូ​អង្គរក្ស​បរទេស​។ ១៥. ការសង្គ្រោះ​បឋម និង​១៦. របៀប​រៀបចំ​មេរៀន​សម្រាប់​បណ្តុះបណ្តាល​។​

​សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​ការសិក្សា សិក្ខាកាម​ទាំងអស់​នឹង​ក្លាយជា​គ្រូ​បង្គោល សម្រាប់ធ្វើ​ការបណ្ដុះបណ្ដាល​បន្ត​ដល់​មន្ត្រី​នគរបាលជាតិ​ចំនួន ១៨០​រូប​ផ្សេងទៀត សម្រាប់​រយៈពេល ២​សប្ដាហ៍​៕ ល​

#