ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង នាំយក​ថវិកា​ប្រាំ​ពាន់​ដុល្លារ​ជូន​ដល់​នាយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​

1157
ចែករម្លែក
  • 43
    Shares
ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង នាំយក​ថវិកា​ប្រាំ​ពាន់​ដុល្លារ​ជូន​ដល់​នាយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​

ដោយៈ​មុន​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមេសា ​បាន​ដឹកនាំ​នាយ​អាវុធហត្ថ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាច្រើនរូប ទៅសួរសុខទុក្ខ លោក​អនុសេនីយ៍ត្រី ជា ខេមរិន្ទ ជំនួយការ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​ជួប​ឧបទ្ទវហេតុ ធ្លាក់​ពីលើ​អគារ​ជាន់​ទី​២ ព្រោះតែ​ឡើង​ជួសជុលផ្ទះ​ហើយ​ងងឹតមុខ​ធ្លាក់​ចុះមក បណ្តាល​ឲ្យ​ដាច់​សរសៃរ​ខួរក្បាល កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​ក្នុងឱកាស​ចុះសួរសុខទុក្ខ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​នាំយក​ថវិកា​ដែល​បានមកពី​ការកៀងគរ​បរិច្ចាគ ថវិកា​ផ្ទាល់​របស់​បងប្អូន​គ្រួសារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​ប្រាំ​ពាន់​ដុល្លារ រួមជាមួយ​ទឹក​សុទ្ធ​, ទឹកក្រូច​ដប​,​ទឹកដោះគោ ផ្តល់ជូន​ដល់​លោក ជា ខេមរិន្ទ និង​គ្រួសារ ទុកជា​ការចែករំលែក​ជួយ​សម្រាល​បន្ទុក​គ្នា​ទៅវិញទៅមក ក្នុងនាម​គ្រួសារ​អាវុធហត្ថ​។​

​ព្រមជាមួយ​គ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង នៅមាន​ចិត្ត​អាណិតអាសូរ​ដល់​អ្នកជំងឺ​ម្នាក់​ផ្សេងទៀត មកពី​ស្រុក​រំដួល ខេត្តស្វាយរៀង ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​ជាមួយ​លោក ជា ខេមរិន្ទ ដែរនោះ​ដោយបាន​ជូន​ជា​អំណោយ​ដល់​គាត់​រួមមាន​ថវិកា​២០០​ដុល្លារ​, ទឹក​សុទ្ធ​និង​ទឹកដោះគោ​៕​មន​