ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​តៈ មិន​ទុក​ឲ្យ​ក្រុម​ជន​ក្បត់ជាតិ​បម្រើ​បរទេស​បន្ត​បំផ្លាញ​កម្ពុជា​តទៅទៀតបាន​ឡើយ​

975
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា ត្រូវ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​ជន​ខាងក្រៅ ដោយ​មិន​ទុក​ឲ្យ​ក្រុម​ជន​ក្បត់ជាតិ ក្រុម​វង្វេងជាតិ​បម្រើ​បរទេស ឃុបឃិត​ជាមួយ​បរទេស បន្ត​បំផ្លាញ​ជាតិ​កម្ពុជា​តទៅទៀតបាន​ឡើយ​។ យើងទាំងអស់គ្នា​ត្រូវតែ​ចងចាំ និង​ប្តេជ្ញា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​ប្រសាសន៍​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី គឺ ”​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ កម្ពុជា​ត្រូវតែ​ការពារ​ឲ្យ​បានជា​ដាច់ខាត​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ដែល​កម្ពុជា​កំពុង​តែមាន​នេះ និង​មិន​អនុញ្ញាត​ឲ្យ​ជនណាម្នាក់​មក​បំផ្លាញ​សុខសន្តិភាព ស្ថិរភាព និង​សមិទ្ធផល​ដែល​កំពុងមាន​នេះ​ជាដាច់ខាត​។ ត្រូវការពារ​អធិបតេយ្យ​ជាតិ ឯករាជ្យ​ជាតិ សន្តិភាព និង​ស្ថិរភាព ដោយ​មិន​ចុះ​ញ៉ម​ជាមួយ​បរទេស​ព្រោះតែ​ជំនួយ ឬ​ការ​គំរាម​សម្លុត​ណាមួយ​នោះឡើយ ”​។​

​ការ​ថ្លែង​នេះ ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះ បណ្តាល​វិ​ក្រិ​ត្យ​ការ​១-២(PA-P2) របស់​យោធភូមិភាគ​ទី​៣ ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក​បន្តថា ការហ្វឹកហ្វឺន និង​ការកសាង​ធនធានមនុស្ស​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ពិតជា​ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ និង​ទាន់ពេលវេលា ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ សំដៅ​កសាង និង​ពង្រឹង​ភាពរឹងមាំ​លើ​វិស័យ​ការពារជាតិ និង​ការធ្វើសមាហរណកម្ម​ក​ង​ទ័ព​ចូលក្នុង​សហគមន៍​អន្តរជាតិ តាមរយៈ​ការកសាង​កងទ័ព​កម្ពុ​ជា​ឲ្យ​ក្លាយជា​កងទ័ព​មាន​សមត្ថភាព​ក្នុង​វិជ្ជាជីវៈ ដើម្បី​ចូលរួម​បំពេញបេសកកម្ម​ក្នុង​តំបន់ ពិភពលោក ការពារ​បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​ជាក់ស្តែង​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​វិក្រឹត្យការ ១-២ ដែល​ទើបបាន​បញ្ចប់​វគ្គ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការពង្រឹង និង​ពង្រីក​ចំណេះដឹង ចំណេះធ្វើ និង​សមត្ថភាព ជាពិសេស​លើ​មុខជំនាញ​យុទ្ធវិធី​ថ្មើរជើង ឋានលេខា លំ​ហាត់​របៀប ការបាញ់​គ្រាប់​ពិត និង​មុខវិជ្ជា​បម្រើ​ប្រយុទ្ធ​មួយចំនួនទៀត ដែលមាន​សារៈសំខាន់​បំផុត​ក្នុង​ការកសាង​កម្លាំង​ស្នូល​ជា​ប្រភពធនធាន​មនុស្ស​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​។ ការហ្វឹកហ្វឺន​ធានា​និរន្តរភាព ប្រសិទ្ធភាព និង​សមត្ថភាព​នៅក្នុង​ការបំពេញ​ភារកិច្ច គឺជា​ការងារ​ស្នូល ហើយ​អ្នក​ដែល​ដើរតួ​សំខាន់​នៅក្នុង​ការបណ្ដុះបណ្ដាល​គឺ​សាលា និង​យោធា​ចា​រ្យ​ដែល​ត្រូវ​យកចិត្តទុកដាក់​ជា​ចម្បង​ក្នុង​ការធានា​ការផ្ទេរ​ការហ្វឹកហ្វឺន​តា​ម​បទដ្ឋាន តាម​ក្បួនខ្នាត​គឺជា​ការចាំបាច់​នៅក្នុង​ការធានា​ការងារ​កងទ័ព និង​ការ​និរន្តរភាព ការឯកភាព​គ្នា​នៅក្នុង​វិស័យ​កងទ័ព​។​
​ការធានា​និរន្តរភាព និង​គុណភាព និង​បរិមាណ​និង​សមត្ថភាព​របស់​យោធា​ចា​រ្យ​គឺជា​អ្វីដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ជា​ចាំបាច់​ជាពិសេស​យោធា​ចា​រ្យ​បន្តវេន​។ យើង​និយាយ​អំពី​ការ​បន្តវេន​ការពារជាតិ​យើង​ត្រូវ​និយាយ​អំពី​ភារកិច្ច​បន្តវេន​របស់​យោធិន​គ្រប់​ជំនាន់​។ ការធានា​និរន្តរភាព​នៃ​ការប្រុងប្រយ័ត្ន​យើង​ត្រូវតែមាន គឺ​ត្រូវ​ធានា​និរន្តរភាព​នៃ​សមត្ថភាព​របស់​កងក​ម្លាំ​ង ដូច្នេះ​ត្រូវ​ធានា​សមត្ថភាព និង​និរន្តរភាព​នៃ​ការបណ្ដុះបណ្ដាល​ដែល​ផ្ដោត​សំខាន់​ផ្នែក​៣​គឺ គ្រូ ឯកសារ និង​ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈ​។
​ធ្វើការ​ផ្តាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន សិក្ខាកាម​ទើប​បញ្ចប់​វគ្គ​សិក្សា និង​កម្មសិក្សាការី​ទាំងអស់​ដូចខាងក្រោម​៖
​ត្រូវ​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ ជាអាទិ៍ កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល ជាពិសេស​គោលនយោបាយ លើ​វិស័យ​ការពារជាតិ​។ ត្រូវផ្តោត​ការយកចិត្ត​ទុក​ដា​ជា​ចាំបាច់​លើ​ការងារ​អប់រំ​ចិត្តសាស្ត្រ និង​ផ្សព្វផ្សាយ អប់រំ​អំពី​ច្បាប់​រដ្ឋ បទ​វិន័យ​កងទ័ព និង​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​កងទ័ព ដើម្បី​ធានាបាន​នូវ ភាពស្មោះត្រង់​ជានិច្ច​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ធានា​ការគោរព​រដ្ឋធម្មនុញ្ញ ច្បាប់​រដ្ឋ បទ​វិន័យ​កងទ័ព រក្សាបាន​អត្តចរិត​ថ្លៃថ្នូរ​ស្អាតស្អំ មាន​ឆន្ទៈ​ស្នេហា ជាតិ​មាតុភូមិ និង​ប្រជាជន ព្រមទាំង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​តាម​ការដឹកនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត្រ​ចេញពី​ឆន្ទៈ​របស់​ប្រជាជន ដែលមាន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​។ ប្រឆាំង​ដាច់ខាត​រាល់​អំពើ​រំលោភបំពាន​ច្បាប់​ពួក​អគតិ​បង្កឡើង​។​

​ជាមួយគ្នានេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករឭក​ប្រកបដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ផ្ញើជូន​ចំពោះ យោធា​ចា​រ្យ សិក្ខាកាម នាយទាហាន នាយទាហានរង និង ពលទាហាន ដែលមាន​វត្តមាន​ទីនេះ ក៏ដូចជា​នៅ​ទូទាំង​យោធភូមិ​ភាគី​ទី​៣ ក្នុង​សេចក្តី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត រួមជាមួយ​នឹង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការលះបង់ និង​ការខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី និង​ភារកិច្ច​ការពារជាតិ បូរណភាព​ទឹកដី និង​ប្រជាជន ថែរក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​មាន​ភាពសំបូររុងរឿង​៕ ល​