ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​តៈ ត្រូវ​ទប់ស្កាត់​នឹង​ឧបាយកល​ញុះញង់​របស់​ក្រុមប្រឆាំង​ចង់​បំផ្លាញ​សន្តិភាព​

771
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា កងកម្លាំង​ទាំងអស់​ត្រូវ​ទប់ស្កាត់​នឹង​ឧបាយកល​ញុះញង់ បោកប្រាស់ និង​កលល្បិច​ផ្សេងៗ​របស់​ក្រុមប្រឆាំង ពួក​អគតិ​ដែល​ចង់​បំផ្លាញ​សុខសន្តិភាព​។ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ បន្ត​ជឿទុកចិត្ត ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ត្រូវ​ពង្រឹង​ជំហរ​កុំ​ចូលរួម​នៅក្នុង​សកម្មភាព​ណា​ខុសច្បាប់​ឬ​បង្ក​អសន្តិសុខ​ដល់​ប្រទេសជាតិ​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​បាញ់​គ្រាប់​ពិត​នៅ​ទីលាន​បាញ់​គ្រាប់​ពិត មរតក​តេ​ជោ​សែន​ភ្នំ​វាល​ចាប (​រូប​ថ​តៈ ក្រុមការងារ​) ​

​លោក​បាន​បញ្ជាក់ថា អ្វីដែល​សំខាន់ កងកម្លាំងប្រដាប់អាវុធ​ត្រូវ​ដាច់ខាត​ការពារ​នូវ​សុខសន្តិភាព​ឱ្យខាងតែបាន និង​ចូលរួម​អនុវត្ត​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​។ ត្រូវ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា​ពី​ជន​ខាងក្រៅ ដែល​មិន​ទុកអោយ​ជន​ក្បត់ជាតិ ឃុបឃិត​ជាមួយ​បរទេស​បំផ្លាញ​ជាតិ​តទៅ​ទៀតឡើយ​។ តាមរយៈ​ប្រសាសន៍​សម្ដេច​តេ​ជោ ហ៊ុនសែន​÷ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​កម្ពុជា​ត្រូវតែ​ការពារ​អោយបាន​ជាដាច់ខាត​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ដែល​កម្ពុជា​កំពុង​តែមាន​នេះ នឹងមិន​អនុញ្ញាត​ឲ្យ​ជន​ណា​បំផ្លាញ​បានឡើយ​។​

​ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​បាញ់​គ្រាប់​ពិត វរៈ​សេនា​តូច​ថ្មើរជើង សហការ​វាយលុក នៅ​ទីលាន​បាញ់​គ្រាប់​ពិត មរតក​តេ​ជោ​សែន​ភ្នំ​វាល​ចាប យោធភូមិភាគ​៥ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា កាលពីមុន​តំបន់​នេះ (​ភ្នំ​វាល​ចាប​) គឺជា​មូលដ្ឋាន​ដើម្បី​វាយ​គ្នា​នៅក្នុង​ប្រទេស ប៉ុន្តែ​បច្ចុប្បន្ននេះ គឺជា​មូលដ្ឋាន​ដើម្បី​ពង្រឹង​កងទ័ព​ក្នុងការ​ការពារ​បូរណភាព​ទឹកដី ការពារ​សុខសន្តិភាព​។ តំបន់​នេះ​មានការ​អភិវឌ្ឍ​ច្រើនណាស់​រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ទឹក​ប្រព័ន្ធ​អគ្គិសនី និង​អគារ​ស្នាក់នៅ​របស់​កង​ទ័ព​។ ការអភិវឌ្ឍន៍​នេះ គឺ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​យោធភូមិភាគ និង​ការចូលរួម​ពី​ផ្នែក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ការគាំទ្រ​រប​ស់ស​ម្តេច​តេ​ជោ ដែល​លោក​ផ្ដល់​អទិភាព​ណាស់​នៅក្នុង​ការកសាង​។ ការកសាង​កន្លែង​ហ្វឹកហ្វឺន​សម្រាប់​កងទ័ព​គឺជា​ការវិនិយោគ​រយៈពេល​វែង ព្រោះថា​អាយុ​មនុស្ស​អាច​ចូលនិវត្តន៍ ប៉ុន្តែ​សាលា​សម្រាប់​ការហ្វឹកហ្វឺន​មិន​ចូលនិវត្តន៍​នោះទេ គឺ​សាលា​នៅតែ​ជា​កន្លែង​កសាង​មនុស្ស​ជា​រៀងរហូត​។ នេះ​គឺជា​និរន្តរភាព​នៃ​ការងារ​ហ្វឹកហ្វឺន​ដើម្បី​ធានា​ការដឹកនាំ​បញ្ជា​ប្រយុទ្ធ​ការពារ​ទឹកដី​របស់​យើង​ទៅ​ថ្ងៃ​អនាគត​។ ដូច្នេះ​មូលដ្ឋាន​នៃ​ការហ្វឹកហ្វឺន​នេះ​គឺ​សំខាន់​ណាស់ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ណាស់​តាមរយៈ​ការផ្គត់ផ្គង់​ប្រាក់​បំប៉នបន្ថែម​ផ្សេងៗ និង​ការបង្ក​លក្ខណៈ​គ្រប់បែបយ៉ាង​ដើម្បី​ឲ្យ​កងកម្លាំង​របស់​យើង​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​។

​លោក​បាន​បញ្ជាក់ថា “​ការពារ​សុខសន្តិភាព គឺ​ការ​ពី​អនាគត​កូនចៅ​យើង​ជំនាន់​ក្រោយ​។ យើងទាំងអស់គ្នា​សុទ្ធ​តែមាន​កូនចៅ យើង​សុខចិត្ត​ឱ្យ​កូនចៅ​យើង​មានឱកាស​អភិវឌ្ឍ​ខ្លួន ចូលរួម​ការពារជាតិ​ប៉ុន្តែ​ប្រឆាំង​ដាច់ខាត​នឹង​ការប៉ុនប៉ង​បំផ្លាញ​ប្រទេស​យើង​។ សូម​បង្កើន​ការយកចិត្តទុកដាក់​ហ្វឹកហ្វឺន និង​សកម្ម​ចូលរួម​រៀនសូត្រ​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​និង​គោរព​អោយបាន​ខ្ជាប់ខ្ជួន ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ហ្វឹកហ្វឺន​គ្រប់​ជំនាញ ស្របតាម​ពាក្យស្លោក​បាន​ពោលថា​ស៊ូ​បង្ហូរញើស​នៅលើ​ទីលាន​ហ្វឹកហ្វឺន​ប្រសើរ​ជាជាង​បង្ហូរឈាម​នៅលើ​ទីលានប្រយុទ្ធ ដើម្បី​ពង្រឹងសមត្ថភាព​និង​អនុវត្ត​ភារកិច្ច​របស់​យើង​អោយបាន​”​។ ត្រូវ​យកចិត្តទុកដាក់​ស្វែងយល់​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​របស់​សង្គម​ជាតិ ទប់ស្កាត់​នឹង​ឧបាយកល​ញុះញុង បោកប្រាស់ និង​កលល្បិច​ផ្សេងៗ​របស់​ក្រុមប្រឆាំង ពួក​អគតិ​ដែល​ចង់​បំផ្លាញ​សុខសន្តិភាព​។ យកចិត្តទុកដាក់​ក្នុង​ការសហការ​ប្រតិបត្តិ​ការល្អ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ អង្គភាព​សម្ព័ន្ធមេត្រីភាព​រួមជាមួយ​ប្រជាជន​នៅក្នុង​តំបន់​។ យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​ក្នុងការ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ក​ង​ទ័ព ខិតខំ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​កងទ័ព ដើម្បី​ចូលរួម​ពង្រឹង​វិស័យ​ការពារជាតិ​៕ ល​