ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​: បេក្ខជន​ដាក់ពាក្យ​ប្រឡង​នាយទាហាន​មានការ​កើន​ជាង​៨​ពាន់​នាក់

137

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ការប្រឡង​ជ្រើសរើស​នាយទាហាន នៃ​កង​យោពល​ខេមរភូមិន្ទ វគ្គ​នាយទាហាន​សកម្ម​ជំនា​ន់ទី​២៣ វគ្គ​នាយទាហាន​ទ័ពជើងគោក​ជំនា​ន់ទី​១១ វគ្គ​នាយទាហាន​បន្តវេន​ជំនា​ន់ទី​១២ និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធា ឆ្នាំ​២០១៩ នេះ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣-១៧ ខែមករា ឆ្នាំ​២០១៩ ដែលមាន​ចំនួន ៦​មណ្ឌល គឺ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ យោធភូមិភាគ ទី​១ ទី​២ ទី​៣ ទី​៤ និង​ទី​៥ ដោយ​ផ្ដោតទៅលើ​វិញ្ញាសា​ចំណេះដឹង​ទូទៅ ភាសាបរទេស និង​វិញ្ញាសា​កីឡា​កាយសម្បទា​។​

​ការប្រឡង​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ គឺ​ប្រព្រឹត្តទៅ​នៅ​វិទ្យាល័យ​បាក់​ទូក នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុគណៈកម្មការ​ប្រលង​ជ្រើសរើស​នាយទាហាន កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា សូម​គុណ​បេក្ខជន​ដែល​បានសម្រេច​ចិត្ត​ចាប់យក​អាជីព​ជា​នាយទាហាន​នៅក្នុង​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ចូលរួម​នៅក្នុង​ការការពារ​ជាតិ​របស់​យើង​។ ហើយ​ឆ្នាំនេះ ក៏​ជា​មោទនា​ភាព​របស់​កងយោធពល​ខេមរភូមិន្ទ ដែលមាន​យុវជន យុវតី ដែល​បាន​ចាប់អារម្មណ៍ និង​ស្ម័គ្រចិត្ត​ដាក់ពាក្យ​ប្រលង​មានការ​កើនឡើង បើ​ប្រៀបធៀប​ពី​ឆ្នាំ​២០១៧ មាន​ចំនួន​បេក្ខជន​ដាក់ពាក្យ​ប្រលង​តែ​ជាង ៤០០០​នាក់ នៅ​ឆ្នាំ​២០១៨ កើន​ដល់​៧០០០​នាក់ ហើយ​នៅ​ឆ្នាំ​២០១៩ នេះ កើន​ដល់​ជាង ៨០០០​នាក់​។

​លោក​បន្តថា ភារកិច្ច​របស់​អនុ​គណៈកម្មាការ​ប្រលង ក៏ដូចជា​គណៈកម្មការ​ជ្រើសរើស ធ្វើ​ម៉េច​អោយ​ការជ្រើសរើស​នាយទាហាន​ប្រព្រឹត្ត​ទៅដោយ​រលូន ត្រឹម​ត្រូវមាន​តម្លាភាព និង​យុត្តិធម៌ ដោយ​អ្នក​ជាប់ ជាប់​ដោយ​សមត្ថភាព និង​មោទនភាព និង​អ្នកធ្លាក់ ធ្លាក់​ដោយ​អស់ចិត្ត​។ ហើយ​អ្វីដែល​យើង​ចង់បាន គឺ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ យុត្តិធម៌ ឲ្យ​ប្អូនៗ​ទាំងអស់​បានបង្ហាញ​នូវ​សមត្ថភាព​របស់ខ្លួន​។ សូមកុំ​ធ្វើ​សកម្មភាព​ណា​ដែល​ល​ប៉ះពាល់​ទៅដល់​ការប្រឡង​ប្រកួតប្រជែង ធ្វើ​ដោយ​សមត្ថភាព​ផ្ទាល់ខ្លួន​អត់​មាន​ពឹង​កម្លាំង​ខាងក្រៅ​ទេ​៕ ល​