ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ “​កំណែទម្រង់ និង​ការពង្រឹង​កងទ័ព គឺ​ដើម្បី​ជាតិ​យើង​ខ្លាំង​”

425
ចែករម្លែក
  • 36
    Shares

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ជាក់ថា “​កំណែទម្រង់ និង​ការពង្រឹង​កងទ័ព គឺ​ដើម្បី​ជាតិ​យើង​ខ្លាំង យើង​ការពារជាតិ​យើង គ្មាន​នរណា​ការពារ​យើង​ទេ ពេល​មាន​សភាពការណ៍​យើង​ត្រូវ​រៀន​រស់​ខ្លួនឯង ការពារ​បូរណភាព​ទឹកដី ត្រូវមាន​នាយទាហាន​ដែលមាន​សមត្ថភាព​ដឹកនាំ​កងទ័ព​ខ្មែរ ដែល​នេះ​គឺជា​ការងារ​ចាំបាច់​”​។ ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្តែង​លំ​ហាត់​សំយោគ​អន្តរា​វុ​ធ បញ្ចប់​វគ្គ​របស់​និស្សិត នាយទាហាន​ទ័ពជើងគោក​ជំនា​ន់ទី​៧ នៅ​វិទ្យាស្ថាន​ទ័ពជើងគោក (​ថ្លុក​តាសេក​) ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា “​ជំនាញ​យើង សព្វាវុធ​យើង ពេលខ្លះ​យើង​ប្រៀបធៀប​ទៅ​ប្រទេសជិតខាង គេ​ដើរ​មុន​យើង​ខ្លះ ប៉ុន្តែ​កុំភ្លេចថា​សម្ភារៈ​គ្រាន់តែ​ជា​ឧបករណ៍​បង្កើន​ប្រសិទ្ធភាព​ប្រយុទ្ធ​ទេ សំខាន់​លើ​មនុស្ស មាន​ឆន្ទៈ ការទុកចិត្ត​លើ​ខ្លួនឯង​ក្នុង​សមត្ថភាព​ប្រយុទ្ធ​។ ដូច្នេះ​វា​មិន​សំខាន់​លើ​សព្វាវុធ​នោះទេ វា​សំខាន់​លើ​ឆន្ទៈ​ប្រយុទ្ធ ព្រោះ​ឆន្ទ​:​ធ្វើអោយ​យើង​មាន​ម្ចាស់​ការរៀបចំ​ប្រយុទ្ធ​”​។​

​លោក​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​បម្រើ​ជាតិ កសាង​ប្រទេស​ឲ្យ​រីកចម្រើន​បាន​ប៉ុណ្ណេះ សេដ្ឋកិច្ច​យើង​រឹងមាំ​បាន​ប៉ុណ្ណេះ យើង​កុំ​ព្រួយបារម្ភ អ្វីដែល​សំខាន់​យើង​ត្រូវ​ម្ចាស់ការ​ការពារ​រឹងមាំ​ជាតិ​របស់​យើង គ្មាន​បរទេស​ណា​មក​ធ្វើ​សេដ្ឋកិច្ច​ឲ្យ​យើង​នោះទេ មានតែ​យើង​អ្នកធ្វើ​សេដ្ឋកិច្ច​ខ្លួនឯង គ្មាន​នរណា​មក​ការពារ​សុខសន្តិភាព​ឲ្យ​យើង​នោះទេ មានតែ​យើង​ទេ​ជា​អ្នកការពារ​សុខសន្តិភាព គ្មាន​នរណា​ការពារ​ច្បាប់​យើង​ទេ មានតែ​យើង​កា​ពារ​ច្បាប់​របស់​យើង​។ ស្រុក​ខ្មែរ​យើង​តាំងពី​មាន​សង្គ្រាម​បែកបាក់​រហូត​យើង​ខ្លាំង​បាន​ប៉ុណ្ណេះ ប្រជាពលរដ្ឋ​មាន​ជីវភាព​រឹងមាំ​ប៉ុណ្ណេះ កងទ័ព​រឹងមាំ​ប៉ុណ្ណោះ យើង​មិនត្រូវ​ខ្លាច​នោះទេ សំខាន់បំផុត​ជាតិ​របស់​យើង​មិន​អោនក្បាល យក​កិត្តិយស​ជាតិ ឯករាជ្យ​ជាតិ​លត់​ជង្គង់​ទៅ​ឲ្យ​នរណា​ដើម្បី​សុំ​អំណោយ​នោះទេ​។ យើង​រឹងមាំ​ខ្លួនឯង ការពារជាតិ​ខ្លួនឯង សេដ្ឋកិច្ចជាតិ​ឯង​រឹងមាំ​។ EBA មិន​ធ្វើអោយ​យើង​ស្លាប់​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ​ធ្វើអោយ​យើង​ខ្លាំង​រឹងមាំ ធ្វើ​ឲ្យ​យើង​ម្ចាស់ការ​ខ្លួនឯង កាន់តែ​ស្គាល់​ខ្លួនឯង កាន់តែ​ពង្រឹង​ខ្លួនឯង ដើម្បី​ជាតិរស់​ដោយ​ខ្លួនឯង​។​

​មេបញ្ជាការ​កងទ័ពជើងគោក បានបញ្ជាក់​ទៀតថា កងទ័ព​ត្រូវមាន​មាន​មោទនភាព​ជាតិខ្មែរ ការពារ​បូរណភាព​ទឹកដី មាន​ជំហរ​នឹងនរ​ច្បាស់លាស់ ជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និង​ត្រូវ​ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋាភិបាល​ស្របច្បាប់​។ ខ្ញុំ​ជឿជាក់ថា​ប្អូនៗ​មិន​ចង់ឃើញ​ប្រទេស​របស់​យើង​ហែក​ជា​ពីរ​ជា​បី កាប់សម្លាប់​គ្នា​ផ្ទៃក្នុង​ដូច​ពី​អតីតកាល​នោះទេ​។ ដូច្នេះ គោលដៅ​ធំ​របស់​យើង​ត្រូវការពារ​សុខសន្តិភាព ការពារ​ស្ថិរភាព ដើម្បី​សេចក្តីសុខ​ប្រជាពលរដ្ឋ និង​សម្រាប់​ខ្មែរ​តែមួយ​។ ការពារ​ប្រឆាំង​ជន​ណា​ដែល​ញុះញង់​ទាញ ដើម្បី​បម្រើ​នយោបាយ​ណាមួយ ដែល​អាចអោយ​បែកបាក់​ផ្ទៃក្នុង និង​ប៉ុនប៉ង​បំផ្លាញ​សុខសន្តិភាព សេចក្តីសុខ​ប្រជាពលរដ្ឋ​។

​លោក​បាន​លើកឡើងថា សមត្ថភាព​ទាំងអស់នេះ​គឺជា​សមត្ថភាព​មូលដ្ឋានគ្រឹះ​ដើម្បី​ចែករំលែក និង​បំពេញបន្ថែម​នៅពេលដែល​យើង​ចេញទៅ​អនុវត្ត​។ នេះ​គឺជា​គោលការណ៍​សំខាន់​ណាស់​សម្រាប់​ការបណ្ដុះបណ្ដាល​កងទ័ព ប្រកបដោយ​មោទនភាព​។ នៅក្នុង​ឱកាស​នេះ​ក៏​សូម​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​កងទ័ព​ប្រជាជន​ចិន ដែលជា​និច្ចកាល​តែងតែ​ជួយ​បណ្ដុះបណ្ដាល កសាង​ហេ​ដ្ឋា​សម្ព័ន្ធ​ផ្សេងៗ​។ ជាពិសេស​ផ្តល់​លទ្ធភាព​ឲ្យ​ប្អូនៗ បាន​ចេញទៅ​បំប៉នបន្ថែម​នៅ​ប្រទេស​ចិន​តាម​ជំនាញ​របស់ខ្លួន និង​សូម​បន្ត​ការជួយ​ការងារ​នេះ​តទៅទៀត​ដោយ​សង្ឃឹមថា​ភាគី​ចិន​ជួយ​កាន់តែច្រើន​។ ការកសាង​សមត្ថភាព​នេះ គឺជា​ការងារ​ចាំបាច់​សំខាន់​សម្រាប់​កងទ័ពរ​បស់​យើង​ដើម្បី​បង្កើន​ភាពក្លាហាន និង​ភាពម្ចាស់ការ​របស់​យើង​ក្នុងការ​ការពារ​ទឹកដី ដែល​នេះ​គឺជា​ភារកិច្ច​សំខាន់បំផុត​នៅក្នុងនាម​ជា​កងទ័ព​។ ការកសាង​កម្លាំង​ធនធាន​របស់​យើង ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ ធានា​សម្រាប់​កម្លាំង​បន្តវេន​ដែលជា​កម្លាំង​ចាំបាច់​ក្នុងការ​ដឹកនាំ និង​ជា​ឆ្អឹងខ្នង​នៅក្នុង​វិស័យ​ការពារជាតិ​៕ ល​