ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​: កងទ័ព​ត្រូវ​ស្មោះត្រង់ និង​លះបង់​ការពារជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​

573

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម បាន​ថ្លែង​បញ្ជាក់ថា កងទ័ព​ត្រូវ​ស្មោះត្រង់ និង​លះបង់​ដាច់ខាត​ជូន​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល និង​ការពារ​ឲ្យ​បាន​នូវ សុខសន្តិភាព​ជូន​មាតុភូមិ និង​ប្រជាជន​។ ទោះបី​កម្ពុជា​មិនមាន​ស​ពា្វ​វុ​ធ​ទំនើបៗ និង​បច្ចេកទេស​វិទ្យា​យោធា​ដូច​លោកខាងលិច​ក៏​ពិត​មាន ប៉ុន្តែ​កងទ័ព​ខ្មែរ គឺជា​កងទ័ព​ដែលមាន​ស្មារតី និង​ឆន្ទៈ​ខ្ពស់​ក្នុង​ដំណើរ​ការកសាង​សន្តិភាព និង​ការស្តា​ឡើងវិញ​នៅ​ខឿន​ការពារជាតិ​ជា​បន្តបន្ទាប់ ព្រមទាំង​ការលើក​មុខមាត់​មាតុភូមិ និង​កិត្យានុភាព​ជាតិ នៅលើ​ឆាក​អន្តរជាតិ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាច្រើន​របស់​កងទ័ព​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម

​ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​ឆ័​ត្រ​យោង ជំនា​ន់ទី​២៤ និង​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​ឆ្លាម​សមុទ្រ ជំនា​ន់ទី​៦ កាលពី​ព្រឹក​ទី​១០ ខែមេសា នៅ​ខេត្តកំពង់ស្ពឺ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ប្រទេសជាតិ​មួយ​ខ្លាំង​ក៏​ខ្លាំង​ដោយសារ​កងទ័ព សម័យនេះ មិន​ខុសពី​កងទ័ព​សម័យមុន គឺ​ខុស​តែ​អាយុ ខុស​តែ​សម័យកាល ប៉ុន្តែ​ភារកិច្ច​និង​កា​ត្វ​កិច្ច​របស់​យើង​មិន​ខុសពី​អ្វីដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុក​ឲ្យ​នោះទេ គឺមាន​កា​ត្វ​កិច្ច​បន្ត​នូវ​ភារកិច្ច​របស់​កងទ័ព​ខ្មែរ ការពារ​ទឹកដី ការពារ​សុខសន្តិភាព ស្ថេរភាព​សង្គម និង​សុខ​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​។

​លោក​បាន​លើកឡើងថា ឆ្លងតាម​របាយការណ៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាប ភក្តី មេបញ្ជាការ​កងពលតូច​ទ័ព​ឆត្រយោង​៩១១ បានបង្ហាញ​ឲ្យ​ឃើញច្បាស់​នូវ​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​កងទ័ព ក្នុងការ​អនុវត្ត​ភារកិច្ច​ស្នូល​ជា​មូលដ្ឋាន​ក្នុងនោះ មួយផ្នែក​រ៉ាប់រង​ភារកិច្ច​ជា​កម្លាំង​អន្តរាគមន៍​នៅ​សមរភូមិ​មុខ ត្រៀមប្រយុទ្ធ​គ្រប់ពេលវេលា​ការពារ​ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​អំពើ​ភេរវកម្ម ដែល​បង្ក​អស្ថិរភាព​សង្គម មួយផ្នែក​ទៀត​ជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន កសាង​ប្រភព​ធនធានមនុស្ស ដើម្បី​ធានា​រ៉ាប់​រ៉ង​លើ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី និង​រក្សា​នូវ​សុខសន្តិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា ជាមួយនិង​សមិទ្ធផល​ហ្វឹកហ្វឺន​ដែល​អង្គភាព​សម្រេចបាន និង​លទ្ធផល​ជ័យលាភី​ផ្សេងៗ ដែល​សិក្ខាកាម​បានទទួល គឺ​សូម​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ហ្វឹកហ្វឺន និង​ធានា​ឲ្យ​មាន​ស្វ័យ​សិក្សា​ជាប្រចាំ​។ ត្រូវគោរព​បទបញ្ជាផ្ទៃក្នុង​អង្គភាព គោរព​បទ​វិន័យ​កងទ័ព និង​លក្ខន្តិកៈ​កងទ័ព​អោយបាន​ខ្ជាប់ខ្ជួន​។ ត្រូវ​រក្សា​អោយបាន​នូវ​សុជីវធម៌ និង​សេចក្តីថ្លៃថ្នូ​ក្នុងនាម​ជា​កងពល​យោធពលខេមរភូមិន្ទ ដែល​ប្រកបដោយ​ក​ត្តិ​យស និង​សាក​សមជា​យោធិន​គំរូ​។ ត្រូវ​ម៉ឹងម៉ាត់​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន និង​អនុវត្ត​អោយបាន​ដាច់ខាត​រាល់​បទបញ្ជា​ដែល​មេបញ្ជាការ​និង​ថ្នាក់លើ​បានប្រគល់​ជូន​។ ត្រូវ​ស្មោះត្រង់ និង​លះបង់​ដាច់ខាត​ជូន​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល និង​ការពារ​អោយបាន​នូវ សុខសន្តិភាព​ជូន​មាតុភូមិ និង​ប្រជាជន​៕