ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនា​ន់ទី​២៦ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆ្លាម​សមុទ្រ​ជំនា​ន់ទី​៧

442
ចែករម្លែក
  • 1
    Share

ដោយ:មុន្នីរ័ត្ន/​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៅ​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនា​ន់ទី​២៦ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆ្លាម​សមុទ្រ​ជំនា​ន់ទី​៧ នៅ​ទីលាន​ហ្វឹកហ្វឺន​លោត​ឆត្រ​ក្តាន់​រយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ នាយទាហាន ពលទាហាន​យ៉ាងច្រើន​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែងថា វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនា​ន់ទី​២៦ ក៏ដូចជា​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆ្លាម​សមុទ្រ​ជំនា​ន់ទី​៧ ដែល​យើង​កំពុង​ធ្វើ​ពិធី​បិទ និង​បើក​នាពេលនេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ស្តីពី​ការងារ​ហ្វឹកហ្វឺន​កងទ័ពជើងគោក ឆ្នាំ​២០១៩ ដោយ​ក្នុងនោះ ការងារ​ហ្វឹកហ្វឺន​ត្រូវបាន​ចាត់ទុកជា​ការងា​រ​អាទិភាព​ចាំបាច់​ដែល​ត្រូវ​ដំណើរការ​បន្តបន្ទាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ការពារជាតិ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យទទួល​បាន​ជោគជ័យ​។

វគ្គ​ហ្វឹកហ្វឺន​ទាំងពីរ​នេះ ពិតជា​បាន​ឆ្លើយតប​តាម​សេចក្តីត្រូវការ​ក្នុង​ពង្រឹង និង​ពង្រីក​សមត្ថភាព​ជំនាញ ដើម្បី​ធានាបាន​ការបំពេញ​តួនាទី និង​ភារកិច្ច​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យបាន​ដាច់ខាត ស័ក្តិសម​នឹង​ទំនុកចិត្ត​ដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុ​ជាមាន​ចំពោះ​កងយោធពល​ខេមរភូមិន្ទ​។​

​លោក​បន្តថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​ផែនការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ សំដៅ​ធ្វើ​ទំនើបកម្ម និង​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដើម្បី​ធានា​កិច្ចការពារ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​អធិបតេយ្យ បូរណភាព​ទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។ កងយោធពល​ខេមរភូមិន្ទ​ជា​បណ្តើរៗ បានធ្វើការ​អភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​ការបង្កើន​គុណភាព​ហ្វឹកហ្វឺន និង​បណ្តុះបណ្តាល​យោធិន​អាជីព ក្នុង​គោលដៅ​កសាង​ជួរ​កងកម្លាំងប្រដាប់អាវុធ​វ័យក្មេង សម្រាប់​បន្តវេន​នាពេល​អនាគត ដែលជា​កត្តា​គន្លឹះ​ដ៏​សំខាន់​មួយ ដើម្បី​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ ធានា​ជោគជ័យ និង​និរន្តរភាព​ក្នុងការ​កែទម្រង់​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុងការ​បំពេញភារកិច្ច ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ការចូលរួម​ថែរក្សា​សន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ សម្រេចបាន​លទ្ធផល និង​ស្នាដៃ​ល្អប្រសើរ ជូន​ជាតិ​មាតុភូមិ​។

ជាពិសេស កងពល​បាន​យកចិត្តទុកដាក់​គោរព និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា និង​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដោយ​ធានាបាន​ទាំងស្រុង​នូវ​ការអនុវត្ត​ភារកិច្ច​ស្នូល​ជា​កម្លាំង​អន្តរាគមន៍ ត្រៀមប្រយុទ្ធ​គ្រប់ពេលវេលា និង​ការពារ​ទប់ស្កាត់​រាល់​អំពើ​អសន្តិសុខ និង​អំពើ​ភេរវកម្ម ដែល​បង្ក​ការគំរាមកំហែង និង​អស្ថិរភាព​ក្នុងសង្គម ក៏ដូចជា​​ការបំពេញ​តួនាទី​ជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជំនាញ​ទ័ព​ពិសេស កសាង​ប្រភព​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព បម្រើឱ្យ​ស្ថាប័ន​-​កង​អង្គភាព​ផ្សេងៗ​ទៀត នៃ​កងយោធពល​ខេមរភូមិន្ទ​។

ក្រៅពីនេះ កងពល​ក៏បាន​យកចិត្តទុកដាក់​ប្រុងប្រៀប​កម្លាំង និង​មធ្យោបាយ​សម្ភារៈ ដើម្បី​សហការ​ណ៍​ជួយសង្គ្រោះ​ប្រជាជន​នៅពេល​មាន​គ្រោះមហន្តរាយ និង​គ្រោះធម្មជាតិ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ទាំងនេះ ស្តែង​ឱ្យឃើញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ក្នុងការ​បំពេញបាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់​នូវ​តួនាទី និង​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ ស្របតាម​ច្បាប់ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ផែនការ​របស់​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ដែល​សម្រេចបាន​ទាំងនេះ ជាពិសេស​វា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ការប្តេជ្ញាចិត្ត​ដ៏​មុះ​មុត ក៏ដូចជា​សាមគ្គីភាព​ផ្ទៃក្នុង​ដ៏​រឹងមាំ​របស់​ថ្នាក់ដឹកនាំ និង​យោធិន​ទូទាំង​កងពល​ទាំងមូល​ក្នុងការ​សម្រេច​ភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាជន​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​សំណូមពរ និង​លើកទឹកចិត្ត ឱ្យមាន​ការខិតខំ​ប្រឹង​ប្រែង​បន្ថែមទៀត ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​ឱ្យបាន​កាន់តែ​ប្រសើរ​ទៅមុខ ជាពិសេស​ចំពោះ​ការងារ​ហ្វឹកហ្វឺន​ផ្ទាល់ មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​ការងារ​ហ្វឹកហ្វឺន ដែលជា​ការងារ​ស្នូល ដែល​ត្រូវធ្វើ​ជាប្រចាំ ដើម្បី​លើ​កម្ពស់​សមត្ថភាព​ប្រយុទ្ធ ត្រៀមប្រយុទ្ធ​ដល់ យោធិន ក្នុងនោះ​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ចំនួន​ទ័ព​ពេល​ហ្វឹកហ្វឺន ធានា​សន្តិសុខ សុវត្ថិភាព ទាំង​មនុស្ស និង​សម្ភា​រៈគ្រឿង​បំពាក់​ឱ្យបាន​ល្អប្រសើរ សំដៅ​លើកកម្ពស់​ការកសាង​ធនធានមនុស្ស​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំពេញភារកិច្ច ទាំង​ក្នុងដំណាក់កាល​បច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត​។

​ក្នុងនាម​បញ្ជាការដ្ឋាន​កងទ័ពជើងគោក សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ជួយឧបត្ថម្ភ​ជ្រោមជ្រែង និង​បង្កលក្ខណៈ​គ្រប់បែបយ៉ាង ដល់​ការរៀបចំ​វគ្គ​ហ្វឹកហ្វឺន​នេះ រហូត​វគ្គ​ហ្វឹកហ្វឺន​ទាំងមូល បាន​ដំណើរ​ការបញ្ចប់​ដោយ​ជោគជ័យ​ស្របតាម​ផែនការ និង​គោលការណ៍​បច្ចេកទេស​ដែល​បានកំណត់​៕B/