ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​៖ “​យើង​ការពារ​មិន​ឲ្យ​ប្រទេស​ណា​មក​រំលោភ​លើ​បូរណៈភាព​ទឹកដី​របស់​យើង​ជាដាច់ខាត​”

1488
ចែករម្លែក
  • 90
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ជាតិ ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី បាន​ខិតខំ​រិះរក​វិធី​គ្រប់បែបយ៉ាង និង​តែងតែ​គិតគូរ​ជានិច្ច ដើម្បី​ធ្វើយ៉ាងណា​លើកកម្ពស់​កម្រិតជីវភាព​យោធិន និង​គ្រួសារ​កងទ័ព ក៏ដូចជា​មន្ត្រីរាជការ​ទូទៅ ព្រមទាំង​យោធិន​សោធន និង​មន្ត្រីរាជការ​ចូលនិវត្តន៍ តាមរយៈ​ការ​តម្លើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ និង​កង​កងកម្លាំងប្រដាប់អាវុធ​។ ប្រាក់បៀវត្ស​សម្រាប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវបាន​ដំឡើង​ម្តង​រួចមកហើយ កាលពី​ខែមករា ឆ្នាំ​២០១៨ ដូច្នេះ​ក្នុង​មួយឆ្នាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ត្រូវបាន​ដំឡើង​ប្រាក់បៀវត្ស​ន៍​២​ដង​។​

​ការ​ថ្លែង​បញ្ជាក់​នេះ បានធ្វើ​ឡើង​ន​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យោធិន​ពិការ និង គ្រួសារ​យោធិន​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន​៣១៧ សៀមរាប ស្ថិតក្នុង​ភូមិ​ស្នារ​តេ​ជោ ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា ការលះបង់​របស់​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​ជាតិ ទាំងអស់​ដែលជា​តួអង្គ​ប្រតិបត្តិ​ករ​ដ៏​សំខាន់ នៅក្នុង​ដំណើរ​ការកសាង និង​ថែរក្សា​សន្តិភាព កិច្ចការពារ បូរណៈភាព​ទឹកដី ការពារ​នូវ​អធិបតេយ្យភាព​របស់​ជាតិ ហ៊ាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ដើម្បី​ជាតិ សាសនា និង​ព្រះមហាក្សត្រ និង​បូជា​កម្លាំងកាយ​ចិត្ត​ដើម្បី​ភាពសុខសាន្ត​របស់​មាតុ​ភូមិ និង​ប្រជាជន​។ “​យើង​រួមគ្នា​ថែរក្សា​និង​ដឹងគុណ​ចំពោះ​អតីតយុទ្ធជន ដើម្បី​តបស្នង​ដល់​ការលះបង​ដ៏​ធំធេង​របស់​ពួកគាត់ ក្នុង​បុព្វហេតុ​ស្វែងរក​សុខសន្តិភាព​ជូន​ប្រទេសជាតិ និង​ប្រជាជន រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​គិតគូរ​លើ​ជីវភាព ការ​តម្លើង​ប្រាក់​សោធ​និ​វត្ស​ន៍ ផ្តល់​ដី សាងសង់​ផ្ទះ លើសពីនេះ​បាន​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ពួកគាត់​ដោយ​ផ្តល់​ការ​ព្យា​ល​ជំងឺ​មិន​គិតថ្លៃ​នៅតាម​មន្ទី​ពេទ្យ​រដ្ឋ និង​ឯកជន​មួយចំនួន​ផងដែរ​”​។​

​លោក​បាន​លើកឡើងថា “​កងទ័ព​មាន​កាតព្វកិច្ច​ការពារ​ជាតិ​មាតុភូមិ ទ័ព​សម័យ​អតីតកាល​បាន​ប្រយុទ្ធ​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ទ័ព​ជំនាន់​នេះ មាន​សន្តិភាព យើង​ច្បាំង​ជាមួយ​បរទេស​ដើម្បី​ការពារ​បូរណៈភាព​ទឹកដី យើង​មិន​ចង់​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ណា​ទេ តែ​យើង​ការពារ​មិនអោយ​ប្រទេស​ណាមួយ​មក​រំលោភ​លើ​បូរណៈភាព​ទឹកដី​របស់​យើង​ជាដាច់ខាត​។ សមត្ថភាព និង​ស្មារតី​អង់អាច​ក្លាហាន​របស់​កងទ័ព​ខ្មែរ​នៅ​ជំនាន់​នេះ គឺ​ដិតដាម​ដោយ​គំរូ​វីរៈភាព​របស់​កងទ័ព​នៃ​ជំនាន់​ដូនតា​យើង និង​ជំនាន់​អ៊ំ​ពូ​មីង​ជា​វីរៈ​យោធិន​គំរូ ដែល​បាន​ប្រយុទ្ធ និង​កសាង​សន្តិភាព​ដោយ​ការលំបាក​បំផុត​។ កងទ័ព​ជំនាន់​នេះ និង​ជំនាន់​បន្តបន្ទាប់​មាន​បេសកកម្ម​បន្ត​ថែរក្សា​ការពារ​សន្តិភាព​នេះ​ជូន​ប្រជាជន​នៅ​គ្រប់​ជំនាន់​។ យើង​មាន​តួនាទី​ភារកិច្ច និង​កាតព្វកិច្ច​ដ៏​សំខាន់បំផុត នោះ​គឺ​ការពារ​សុខសន្តិភាព ដែល​អ៊ំ​ពូ​មីង​ខិតខំ​រកបាន​ដោយ​ការលំបាក​បំផុត​នេះ ការពារ​ស្ថេរភាព​សង្គម និង​សន្តិសុខ​ជាតិ ការពារ​បូរណៈភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​ជាតិ​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា តាមរយៈ​សមាគម​អតីតយុទ្ធជន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ការយកចិត្តទុកដាក់ មិន​គ្រាន់តែ​លើ​បញ្ហា​យុទ្ធជន​ពិការ នៅក្នុង​មជ្ឈមណ្ឌល​នោះទេ តែ​បាន​ប្រឹងប្រែង​ជួយ​ដល់ អតីតយុទ្ធជន ក្នុងនោះ​មាន​ទាំង​យោធិន​ពិការ និង​គ្រួសារ​យោធិន​ពិការ​ផងដែរ តាមរយៈ​ការផ្តល់ជូន​សំណង​មួយចំនួន ដួច​ជា ផ្ទះសម្បែង ដីស្រែ ដីចំការ ហើយ​ថវិកា​ដើម្បី​សាងសង់​ផ្ទះ​ផងដែរ​។ យើង​មាន​អាជីព មានការ​ងារ​ធ្វើ មាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​ទៅៗ តើ​បានមក​ពីអ្វី​? មិនមែន​បានមក ពី​ប្រទេស​ដែលមាន​សង្គ្រាម​នោះទេ​? ហើយក៏​មិនមែន​បានមក អំពី​ការនិយាយ​របស់​ក្រុមប្រឆាំង​មួយក្រុម​ណា​នោះដែរ តែ​បានមក​អំពី​ការខិតខំ​ប្រឹងប្រែង ដឹកនាំ​ដ៏​ត្រឹមត្រូវ ដោយ​សម្តេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី​។

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ នៃ​ការបង្កើត​មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧​គូលែន សៀមរាប មានការ​រីកចម្រើន​គួ​អោយ​កត់សម្គាល់ មណ្ឌល​សុខភាព វិទ្យាល័យ ផ្លូវ​កៅស៊ូ ផ្លូវលំ ដីចំការ​និង ផ្ទះ​ត្រូវបាន​សាងសង់ និង​ប្រគល់ជូន​ដល់​យោធិន​ពិការ និង​គ្រួសារ​យោធិន​ពិការ​ក្នុងការ​បង្ករ​បង្កើន​ផល​៕ ល​