ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត : កងទ័ពជើងគោក​រើស​ទាហាន​២​ពាន់​នាក់ និង​មិនមាន​ការយក​ប្រាក់​ទេ​

822
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែង​បញ្ជាក់ថា កងទ័ពជើងគោក បានចេញ​គោលការណ៍​ជ្រើសរើស នាយទាហាន ពលទាហាន បន្ថែមទៀត​ជាង​២​ពាន់​នាក់ ដើម្បី​បំពេញ​ចំនួន​ទ័ព​ទៅតាម​បណ្តា​អង្គភាព​វិញ​។ គោលការណ៍​នៃ​ការជ្រើសរើស​ពលទាហាន​នាយទាហាន​មិនមាន​គោលការណ៍​យកប្រាក់​នោះទេ​។

​លោក​បាន​បន្តថា រាល់​ការជ្រើសរើស​អាច​ផ្តល់​អទិភាព​ជូន​សាច់ញាតិ​បង្កើត​របស់​យោធិន​គ្រប់រូប​ចូលនិវត្តន៍​ផងដែរ ព្រោះ​ទំពាំង​ស្នង​ឬ​ស្សី​អាចមាន​ឆន្ទៈ ភាពស្មោះត្រង់​ចង់​ធ្វើជា​កម្លាំង​ការពារ និង​ផ្នែក​អនាគត​របស់​ពួកគេ​គឺជា​នាយទាហាន​មួយរូប​បន្តវេន​។ គោលការណ៍​នៃ​ការជ្រើសរើស​ពលទាហាន​នាយទាហាន​មិនមាន​គោលការណ៍​យកប្រាក់​នោះទេ​។

​ការ​ថ្លែង​បញ្ជាក់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្តិ ជូន​យោធិន​ត្រូវ​ចូលនិវត្តន៍ ឆ្នាំ​២០១៩ នៅ​យោធភូមិភាគ​ទី​១ និង​កងពលធំ​អន្តរាគមន៍​លេខ​៣ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​១ កងទ័ពជើងគោក ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩​។

​លោក​បាន​លើកឡើងថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល គឺ​មិនដែល​បោះបង់ចោល​យោធិន​ចូលនិវត្តន៍​នោះទេ គឺ​បាន​ផ្ដល់នូវ​គោលនយោបាយ​របប​សន្តិ​សុខ​សង្គម ការព្យាបាល​ជំងឺ និង​គោលនយោបាយ​ជាច្រើន​ទៀត​។ រាជរដ្ឋាភិបាល​នៅតែ​បន្ត​ខិតខំ​ដោះស្រាយ​តាម​យន្តការ​សមាគម​អតីតយុទ្ធជន​។ នេះ​គឺជា​មនោសញ្ចេតនា និង​ការលើកទឹកចិត្ត​ដល់​យោធិន​ចូលនិវត្តន៍​ពី​សំណាក់​រាជរដ្ឋាភិបាល​។ “​សូម​ពូ​មីង​បន្ត​ការជឿទុកចិត្ត​ចំពោះ​ការយកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន​របស់​រា​ជ​រដ្ឋាភិបាល និង​ចូលរួម​ថែរក្សា​សុខសន្តិភាព​ដែល​ពូ​មីង​បាន​ខិតខំ​ស្វែងរក​និង​រក្សាទុក​មកដល់​ថ្ងៃនេះ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ព្រោះ​សន្តិភាព​មិនមែន​សម្រាប់​តែ​កងទ័ព​នោះទេ នេះ​សម្រាប់​គ្រួសារ កូន​យើង និង​ប៉ះពាល់​ទាំងអស់​។ ដូច្នេះ​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ដែល​កើតឡើង​ជាថ្មី​ម្ដងទៀត​។ អតីតយុទ្ធជន​មាន​ឥទ្ធិពល​លើ​ប្រជាពលរដ្ឋ​ដើម្បី​និយាយប្រាប់​ពីបទ​ពិសោធន៍ និង​ការលំបាក​ក្នុងការ​ស្វែងរក​សុខសន្តិភាព​ជូន​ប្រទេសជាតិ​មកដល់​ថ្ងៃនេះ​”​។​

​មេបញ្ជាការ​កងទ័ពជើងគោក បាន​បន្តទៀតថា ពិធី​បំពាក់​ឋានន្តរសក្តិ ជូន​យោធិន​ត្រូវ​ចូលនិវត្តន៍​នាពេលនេះ គឺ​វា​មាន​ពីរ​អត្ថន័យ​។ អត្ថន័យ​ទី​១. គឺជា​ការ​អរគុណ​ចំពោះ​គុណូបការៈ​របស់​ពូ​មីង​ដែល​បាន​បំពេញភារកិច្ច បម្រើ​ជាតិ មាតុភូមិ លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​រយ​:​ពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ថែមទាំង​ចូលរួម​ក្នុងការ​ទប់ស្កាត់​អំពើហិង្សា​បំផុសបំផុល​ផ្សេងៗ ក៏ដូចជា ការចូលរួម​ក្នុងការ​អនុវត្ត​គោល​ការ​ណ៏​នយោបាយ​ឈ្នះ​ឈ្នះ​ផងដែរ​។ ការចូលរួម​របស់​ពួក​មីង​មិនមែន​សម្រាប់តែ​ផលប្រយោជន៍​នៅក្នុង​តំបន់​នេះ​ទេ​គឺ​សម្រាប់​ទូទាំងប្រទេស និង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​។ អត្ថន័យ​ទី​២. គឺ​អបអរសាទរ​ដែល​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​បានប្រគល់​តម្លើង​ឋានន្តរសក្តិ ដើម្បី​ជាការ​តបស្នង​សងគុណ​ដល់​យោធិន​វិញ ដែល​នេះ​គឺជា​ប្រវត្តិសាស្ត្រ​ហើយ​អ្នក​បាន​បំពាក់​ឋានន្តរ​ស​ក្កិ​ជូន​យោធិន​និវត្តន៍​។ នេះ​គឺជា​លក្ខណៈពិសេស និង​ជាការ​ផ្ដល់​កិត្តិយស​លើកទឹកចិត្ត​ជូន​យោធិន​ចូលនិវត្តន៍​ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ការបំពាក់​សក្តិ មាន​៣​ដំណាក់កាល​ផងដែរ តំណាក់កាល​ទី​១. គឺ​ពេល​បំពេញភារកិច្ច​តាមរយៈ​ការ​តម្លើង​ប្រាក់​បៀរ​វត្ស និង​អត្ថ​ប្រ​យោ​ជ​ន៏​ផ្សេងៗ ដំណាក់កាល​ទី​២. គឺ​ពេល​ចូលនិវត្តន៍ និង​ទី​៣. គឺ​ក្រោយ​ការចូលនិវត្តន៍ ដែល​រាជរដ្ឋាភិបាល​កំពុងតែ​បន្ត​ជួយ​រក​ដំណោះស្រាយ​ជូន​យោធិន​ទាំងអស់នោះ​គ្រប់​សកម្មភាព និង​គ្រប់​រូបភាព មិន​ថា​តាមរយៈ​សមាគម​អតីតយុទ្ធជន​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រធាន​សមាគម​គឺមាន​គោលបំណង​ពីរ គឺ​ការផ្ដល់​កិត្តិយស និង​ការលើកស្ទួយ​កម្រិតជីវភាព​ជូន​យោធិន​ចូលនិវត្តន៍​៕