ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​៖ ការជ្រើសរើស​ពលទាហាន គឺ​ដើម្បី​ការពារជាតិ និង​ប្រជាជន​

424

(​ភ្នំពេញ)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ និង​ជា​ប្រធាន​គណៈកម្មការ​ជ្រើសរើស​ពលទាហាន បំពេញ​ក្របខណ្ឌ​យោធភូមិភាគ​ទី​១ កងទ័ពជើងគោក បាន​បញ្ជាក់ថា ការជ្រើសរើស​ពលទាហាន​ទៅ​បំពេញ​ក្របខ័ណ្ឌ​អោយ​យោ​ធិ​ភូមិភាគ​ទី​១ គឺ​មិនមែន​សំដៅទៅ​ធ្វើសង្គ្រាម​ជាមួយ​ប្រទេសជិតខាង​នោះទេ គឺ​សំដៅលើ​កិច្ចការ​ការពារជាតិ ការពារ​ប្រជាជន និង​រក្សា​នូវ​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេសជិតខាង​ផងដែរ​។

​ការ​ថ្លែង​បញ្ជាក់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ពលទាហាន​បំពេញ​ក្របខ័ណ្ឌ​អោយ​យោធភូមិភាគ​ទី​១ កងទ័ពជើងគោក នៅ​វិទ្យាស្ថាន​ទ័ពជើងគោក ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​២៩ ខែធ្នូ ២០១៧​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ទៅកាន់​សិក្ខាកាម​ថា តួនាទី​របស់​កងទ័ព គឺ​ស្មោះត្រង់ និង​លៈបង់​ដាច់ខាត​ជូន​ជាតិ សា​សា​នា និង​ព្រះមហាក្សត្រ ការពារ​បូរណភាព​ទឹកដី ការពារ​រាជរដ្ឋាភិបាល និង​ថែរក្សា​នូវ​សុខសន្តិភាព ជូន​មាតុភូមិ និង​ប្រជាជន​។ការសម្រេចចិត្តក្នុងការ​ដាក់ពាក្យ​ចូល​បម្រើការ កងយោធពល​ខេមរភូមិន្ទ គឺ​បានបង្ហាញ​នូវ​ការគាំទ្រ​ដល់​កងទ័ព​។

​លោក​បាន​ចាត់ទុកថា វគ្គ​ហ្វឹកហ្វឺន ដែល​កំពុង​នឹង​ឆ្លងកាត់​នេះ គឺជា​កាដូ​អាវ​ក្រោះ​ដ៏​ស័ក្តិ​សិទ្ធ​មួយ​សម្រាប់​ខ្លួនឯង ក្នុងនាម​ជា​កងទ័ព​ខ្មែរ​មួយរូប​។ ទោះបី​ពិបាក ឬ​ស្រួល​យ៉ាងណា សង្ឃឹមថា សិក្ខាកាម នឹង​ខិតខំ​តាំងចិត្ត​អោយបាន​មុតមាំ និង​ពុះពារ​រហូត​ទទួលបាន​ជោគជ័យ និង​ក្លាយជា​យោធិន​ដែល​ប្រកបដោយ​សមត្ថភាពនិង​កិត្តិយស​។ តាំងចិត្ត​អោយបាន​រឹងមាំ និង​យកចិត្តទុកដាក់​លើ​ការងារ​ហ្វឹកហ្វឺន​។ ត្រូវគោរព​បទបញ្ជាផ្ទៃក្នុង​វគ្គ គោរព​បទ​វិន័យ​កងទ័ពនិង​លក្ខន្តិកៈ​កងទ័ព​អោយបាន​ខ្ជាប់ខ្ជួន​។ ត្រូវ​រក្សា​អោយបាន​នូវ​សុជីវធម៌ សីលធម៌ និង​សេចក្តីថ្លៃថ្នូរ ក្នុងនាម​ជា​កងយោធពល​ខេមរភូមិន្ទ ដែល​ប្រកបដោយ​កិត្តិយស និង​សក្តិ​សមជា​យោធិន​គំរូ​។ ត្រូវ​ម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច និង​អនុវត្ត​អោយបាន​ដាច់ខាត រាល់​បទបញ្ជា​ដែល​យោធា​ចា​រ្យ បាន​ណែនាំ ឬ ប្រគល់ជូន​។​

ជាមួយគ្នានេះ លោក​ក៏បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​អនុគ​ណៈ​កម្ម​ការហ្វឹកហ្វឺន អនុគណៈកម្មការ​នានា ក៏ដូចជា​ក្រុមការងារ​ទាំងអស់ ចំណុះ​គណៈកម្មការ​ជ្រើសរើស​ព​ល​ទាហាន ដែល​បាន​ខិតខំ និង​សហការ​អនុវត្ត​កិច្ចដំណើរការ​ជ្រើសរើស​ពលទាហាន គិត​ចាប់​ពីថ្ងៃ​ផ្សព្វផ្សាយ​រហូត​ជ្រើសរើស​បាន​នូវ​សិក្ខាកាម​៕​ដោយៈ មុនី​រ័ត្ន/sn

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ទៅកាន់​សិក្ខាកាម​ដែលជា​ពលទាហាន​