ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​: ការត្រៀម​លក្ខណៈ​ហ្វឹកហ្វឺន​បំពេញ​សមត្ថភាព និង​គ្រឿងបំពាក់គ្រប់ប្រភេទ​ជាប់​ជានិច្ច គឺជា​ភារកិច្ច​ដ៏​សំខាន់​របស់​កងកម្លាំង

683
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ នាយ​ស្តីទី​សេនាធិការ​ចម្រុះ មេបញ្ជាការ​ស្តីទី​កងទ័ពជើងគោក បាន​ថ្លែង​បញ្ជាក់ថា ការត្រៀម​លក្ខណៈ​ហ្វឹកហ្វឺន​បំពេញ​សមត្ថភាព និងគ្រឿងបំពាក់គ្រប់ប្រភេទ​ជាប់​ជានិច្ច គឺជា​ភារកិច្ច​ដ៏​សំខាន់​របស់​កងកម្លាំង​ប្រដាប់អាវុធ​មិន​ចាំតែ​ពេល​មាន​សង្គ្រាម ឬ​ប្រឆាំងនឹង​សត្រូវ​ប្រដាប់អាវុធ​នោះទេ​។ ដូច្នេះ​សូម​អង្គភាព​នីមួយៗ​យកចិត្តទុកដាក់​លើ​ការងារ​នេះ​ក្នុងការ​បម្រើ​និង​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។​

​ការ​ថ្លែង​បញ្ជាក់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​សង្គ្រោះបន្ទាន់ មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក មន្ត្រីនគរបាល​បង្ការ និង​ពន្លត់អគ្គីភ័យ អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ នៅ​កងពលតូច​លេខ​៧០ កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ការបណ្ដុះបណ្ដាល​នេះ គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​ការសង្គ្រោះ​ជីវិត​មនុស្ស​សំខាន់​ដោយ​ពឹង​ផ្អែកទៅលើ​អ្នក​ជួយសង្គ្រោះ​និង​សម្ភារៈ​បរិក្ខារ​គ្រប់គ្រាន់​។ ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ កងកម្លាំង​បាន​ចូលរួម​បម្រើ​និង​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​គ្រប់បែបយ៉ាង​ទាំង​គ្រោះ​មន្ត​រាយ​ធម្មជាតិ​និង​គ្រោះថ្នាក់​ផ្សេងៗ ព្រមទាំង​បាន​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ស្របតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន ក្រោម​ប្រធានបទ​ថ្ងៃនេះ​ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក​បាន​បញ្ជាក់ថា កងទ័ព​កើតចេញពី​ប្រជាជន និង​ដើម្បី​ប្រជាជន​ទាំង​នៅពេល​សង្គ្រាម និង​សន្តិភាព​។ តម្លៃ​នៃ​ការលះបង់​របស់​កងទ័ព គឺជា​កិត្តិយស​របស់​កងទ័ព គឺជា​ធនធាន​ជាតិ​ដ៏​ចាំបាច់​បំផុត​ដែល​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​និង​អប់រំ​បណ្ដុះបណ្ដាល​សមត្ថភាព​ជា​ប់​ជាប្រចាំ​។ ដើម្បី​បន្ត​ពង្រឹង​ការកសាង​ធនធានមនុស្ស​ក្នុង​វិស័យ​ការពារជាតិ​កងកម្លាំង​ប្រដាប់អាវុធ ត្រូវតែ​ធ្វើការ​កែទម្រង់​ដោយ​ឈរលើ​គោលការណ៍​សាមគ្គីភាព​ឯកភាព​ផ្ទៃ ក្នុង​ជាពិសេស​ទៅលើ​ប្រព័ន្ធ​អប់រំ​យោធិន ត្រូវតែ​កែសម្រួល​សំដៅ​បង្កើន​ប្រសិទ្ធភាព​នៅក្នុង​ការបណ្ដុះបណ្ដាល​យោធិន​អាជីព នៃ​ការហ្វឹកហ្វឺន​ជំនាញ​ឯកទេស​ផ្សេងៗ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មាន​សុទិដ្ឋិនិយម​ថា ការហ្វឹកហ្វឺន​ជំនាញ​ឯកទេស​ផ្សេងៗ ក្នុង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ នគរបាលជាតិ កងរាជអាវុធហត្ថ នៅតែ​ជា​កិច្ចការ​សំខាន់ និង​ចាំបាច់​បំផុត​ដែល​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា​ត្រូវតែ​ខិតខំ​ពុះពារ​បាន​។ ហេតុនេះ​ការហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ឯកទេស​សង្គ្រោះ​ឆ្នាំ ២០១៨ នាឱកាស​នេះ គឺ​ពិតជា​បានរួម​ចំណែក​លើកកម្ពស់​ចំណេះដឹង​និង​ចំណេះធ្វើ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​យើង​ផង​និង​រក្សាបាន​នូវ​ផ្នត់គំនិត​ត្រៀម​បង្ការ​ទុកជាមុន​ផង​ដើម្បី​ឆ្លើយតប​សំណូមពរ​ភារកិច្ច​ចាំបាច់​ចំពោះមុខ​។​

​លោក​សង្ឃឹមថា សិក្ខាកាម​ទាំងអស់​ដែល​បានបញ្ចប់​ការហ្វឹកហ្វឺន​នេះ យកចំណេះ​ដឹង​ជំនាញ​របស់ខ្លួន​ទៅ​បំពេញភារកិច្ច​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព ក្នុង​ការជួយ​ប្រជាពលរដ្ឋ​របស់​យើង និង​នៅក្នុង​ការចែករំលែក​ចំណេះដឹង​ជំនាញ​និង​បទពិសោធន៍​ជូន​ដល់​មិត្តភក្តិ និង​អង្គភាព​របស់ខ្លួន​។ ព្រោះ​ការហ្វឹកហ្វឺន​មិនចាំបាច់ តែ​ធ្វើ​នៅក្នុង​កងពលតូច​លេខ ៧០ ឬ​នៅ​ទី​សាលា​នោះទេ ការ​ស្វ័យ​សិក្សា គឺមាន​សាៈ​សំខាន់​ដើម្បី​ត្រៀម​ហ្វឹកហ្វឺន និង​ចែករំលែក​ជំនាញ​បទពិសោធន៍​ថ្មីៗ គឺ​សំខាន់​ណាស់​។ សូម​អរគុណ​ចំពោះ​អង្គភាព​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដែល​ខិតខំ​រៀបចំ​វគ្គ​ហ្វឹកហ្វឺន​ដ៏​មាន​សារៈសំខាន់​នេះ ដល់​កងកម្លាំង​នៅ​កងពលតូច​លេខ​៧០ ក៏ដូចជា​នគរបាលជាតិ​ដើម្បី​ជួយ​ផ្ទាល់​ដល់​ជីវិត​ប្រជាពលរដ្ឋ​៕