ឧ​ទ្យា​នុ​រក្ស​នៅ​កោះកុង​៤៣​នាក់ សច្ចាប្រណិធាន​ជា​ភ្នាក់ងារនគរបាល​យុត្តិធម៌​ការពារ​បរិស្ថាន​

877
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ចំនួន​៣៤​រូប រួមគ្នា​ចូល​សច្ចាប្រណិធាន​ទទួល​សិទ្ធិ​សម្បទាន​ក្លាយ​ភ្នាក់ងារ​មន្ត្រី​យុត្តិធម៌ ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​អភិរក្ស និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​កើតមាន​ក្នុង​តំបន់​ដែន​ការពារ​បរិស្ថាន​អោយមាន​ប្រសិទ្ធិ​ភាពល្អប្រសើរ​។

«​សូម​អញ្ជើញ​អស់​បារមី​អ្នកតា លោកយាយ​ល្បី​ខ្លាំងពូកែ​នៅ​កម្ពុជា ជួ​យមក​ដឹង​ឮថា ពួកគេ ស្មោះ​ស័​គ្រ​ចំពោះ​ប្រទេសជាតិ​លើ​ក្នុង​កិច្ចការ​ការពារ និង​ថែរក្សា​សម្បត្តិ​ធនធានធម្មជាតិ​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ ប្រសិនបើ​ពួកគេ​ប្រព្រឹត្ត​លម្អៀង​នឹង​ពាក្យ​ស្បថ​មិន​អនុវត្ត​ត្រឹម​ត្រូវបាន​ច្បាប់ ដោយមាន​ចេតនា​ទុច្ចរិត​សូម​អស់អ្នក​មាន​បារមី​ខ្លាំងពូកែ​ទាំងអស់ បំផ្លាញ​ពួកគេ​អោយ​វិនាស​ភ្លាម អោយស្លាប់​តៃហោង​យ៉ាង​វេទនា​…​ជាដើម​។

ខាងលើនេះ​ជាស​ម្តី​ស្បថសច្ចា​របស់​ក្រុមមន្ត្រី​បរិស្ថាន​ស្លៀក​បំពាក់​ប៉ា​រ៉ា​ចំនួន​៣៤​នាក់ សច្ចា​នៅ​ចំពោះមុខ​ប្រធាន​សាល​ដំបូង ព្រះរាជអាជ្ញា និង​មេធាវី ក្នុង​សាល​អង្គ​សវន​ការ​នៃ​អយ្យការ​អម សាលាដំបូង​ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក ស្រែ​ន ឆឹ​ល និង​អ្នកស្រី ហួរ សា​វី ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បានឱ្យដឹងថា ពួកគាត់​ពុំ​ខ្លាច​ចាញ់​ស្បថស្បែ​នោះទេ ពីព្រោះ​វា​ជា​តួនាទី​មុខងារ​ចំពោះ​របស់ខ្លួន ដើម្បី​បង្ហាញ​ភាព​ទៀងត្រង់​ចំពោះ​ច្បាប់​។

​ពួកគាត់ ថ្លែងថា ពិតជា​រីករាយ​ដែល​ទទួល​សម្បទាន​ភ្នាក់ងារ​មន្ត្រី​យុត្តិធម៌ ដែលជា​អាទិភាព​មួយ​ដល់​ពួកគេ​ក្នុង​អនុវត្ត​ការងារ​បង្ក្រាប និង​កសាង​សំណុំរឿង​បទល្មើស​បរិស្ថាន​ក្នុង​ខេត្តកោះកុង​មក​អង្គ​តុលាកា​រា​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធិភាព​ជាមុន​។

​ក្រុមមន្ត្រី​បរិស្ថាន​ដដែល លើកឡើង​ទៀតថា សព្វថ្ងៃ​សកម្មភាព​ជនល្មើស នៅតែ​កើតមាន​ស្ទើរ​គ្រប់​រូបភាព ទោះបីជា​មិនជា​លក្ខណៈ​ធំ​ក៏ដោយ ដែល​កិច្ចការ​បរិស្ថាន និង​សម្បត្តិ​ធនធានធម្មជាតិ​ពុំមែន​ងាយស្រួល​បង្ក្រាប​ដោះស្រាយ​ឡើយ គឺ​ប្រឈមមុខ​នឹង​បញ្ហា​ច្រើន​។ ពិសេស​ការកាប់​រាន​ព្រៃឈើ​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន​តែម្តង​។​

​ដោយឡែក​លោក រស់ សា​រាំ ព្រះរាជអាជ្ញា និង​លោក មីន មករា ប្រធាន​សាលាដំបូង​ខេត្តកោះកុង ថ្លែង​រួមគ្នា​ដែរ​ថា ការទទួល​សម្បទាន​ក្លាយជា​ភ្នាក់ងារនគរបាល​យុត្តិធម៌​ហើយ ពុំមែន​ភ្នាក់ងារនគរបាល​យុ​ត្ថិ​ធម៌​សុទ្ធតែ​អាចធ្វើ​បានតែ​ឯកឯង​នោះទេ​។ ដូច្នេះ ចាំបាច់​គោរព​តាមច្បាប់ កំណត់​និង​សហការ​ជាមួយ​ប្រធាន​អង្គភាព និង​សាលាដំបូង​គ្រប់ពេល ករណី​ចុះ​បំពេញការងារ​ឱ្យមាន​ប្រសិទ្ធិភាព​។

​ទាំង​លោក​ព្រះរាជអាជ្ញា និង​លោក​ប្រធាន​សាលាដំបូង លើកឡើងថា ភ្នាក់ងារនគរបាល​យុត្តិធម៌ មាន​សិទ្ធិ​តាមដាន​បង្ក្រាប​បទល្មើស ទទួល​ពាក្យបណ្តឹង និង​ធ្វើ​សំណុំរឿង​មកកាន់​តុលាការ​បាន ប៉ុន្តែ​មិនអាច​ហត្ថលេខា​ជំនួស​មន្ត្រីនគរបាល​បានទេ​។ ចំណុច​នេះ មន្ត្រី​ច្បាប់​ទាំងពីរ ស្នើឱ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការបំពេញ​តួនាទី​អោយបាន​ខ្ជាប់ខ្ជួន​។ ជៀសវាង​មាន​ភាពខ្វះ​ចន្លោះពេល​បំពេញភារកិច្ច​ការងារ​។​

​ពាក់ព័ន្ធ​នឹង​កា​រប​ញ្ចូ​ន​មន្ត្រី​អនុ​ឧ​ទ្យា​នុ​រក្ស​ទៅ​សច្ចាប្រណិធាន​នៅ​តុលាការ ត្រូវបាន​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បង្ហាញថា គិតដល់​ពេលនេះ មាន​ឧ​ទ្យា​នុ​រក្ស​១១៣​រូប​ហើយ​ដែល​ស្បថ​ជា​មន្ត្រីនគរបាល និង​ភ្នាក់ងារ​យុត្តិធម៌ ទាំង​នៅ​សាលាឧទ្ធរណ៍ និង​នៅ​សាលាដំបូង ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព​បង្ក្រាប និង​ការពារ​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​ដែន​ការពារ​បរិស្ថាន​នីមួយៗ​។​

​គួរ​ជម្រាប​ថា ខេត្តកោះកុង ជា​ខេត្ត​មួយ​ដែល​សំបូរ​ដោយ​សក្តានុពល​ជីវចម្រុះ​ធនធានធម្មជាតិ និង​តំបន់​ការពារ​អ​ភ​រិ​ក្ស ដែល​ចាំបាច់​ទប់ស្កាត់ និង​ការពារ​អោយ​ខាន​តែ ចំពោះ​សកម្មភាព​ណា​នាំឱ្យមាន​ការបំផ្លិចបំផ្លាញ​។ គ្រា​ដែល​រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និង​មន្ទីរ​អង្គភាព​ជំនាញ​ផ្តោតលើ​ការយកចិត្តទុកដាក់​ការពារ​យ៉ាងខ្លាំង តាមរយៈ​អំពាវនាវ និង​ឃាត់ខ្លួន​បុគ្គល​ដែល​ចូល​លួច​សាង​លំនៅដ្ឋាន ឬ​កាប់​រាន​ព្រៃឈើ​យក​ដីធ្លី​លក់​អោយ​ឯកជន និង​ការ​បរបាញ់​សត្វ​ខុសច្បាប់​ជាដើម​៕ ល​