ឪពុកចុង​និង​កូនប្រសារ​ប្រុស​ឈ្លោះ​គ្នា​ក្លាយជា​ករណី​ប៉ុនប៉ង​មនុស្សឃាត​

828
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កូនប្រសារ​ប្រុស​ម្នាក់​ត្រូវបាន​ឪពុកចុង​វាយ​នឹង​ខ្នងពូថៅ​ជាច្រើន​ដង​ទៅលើ​ក្បាល​និង​ផ្ទៃមុខ​ក្នុង​បំណង​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​ដោយសារ​ទំនាស់​ពាក្យសម្តី​។​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​រួម​និង​សមត្ថកិច្ច​ដឹកជញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​ដើម្បី​សង្គ្រោះបន្ទាន់​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០;៣០​នាទី​យប់ ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​ត្រង់ចំណុច​ភូមិ​អូរ​គ្រួស ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​ជនរងគ្រោះ​ឈ្មោះ វឹង វល់ ហៅ បារាំង ភេទ​ប្រ​យស អាយុ​២៧​ឆ្នាំ​រស់នៅ​ត្រង់​ចំណុចកើតហេតុ​ខាងលើ បាន​និយាយប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​ខ្លន​បាន​ទាស់​ពាក្យសម្តី​យ៉ាងខ្លាំង​ជាមួយនឹង​​ឪពុកចុង ឬក៏​ត្រូវជា​ពូ​ដែលមាន​ឈ្មោះ នួន សឿន​អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើ​ចំការ ។​

​ទំនាស់​នេះ គឺ​បានកើត​ឡើងជា​ច្រើនលើក ច្រើនសារ​រួចមកហើយ ដោយសារតែ​ពេលដែល​គាត់​ស្រវឹង គឺ​គាត់​តែងតែ​ចោទប្រកាន់​មកលើ​ខ្លួន​ថា​បាន​ទៅ​លួច​ដោះយក​សត្វ​ពស់​ដែល​គាត់​ដាក់មង​បាន ។​ជនរងគ្រោះ​បាន​បន្តថា ធាតុពិត​គឺ​ខ្លួន​មិនដែល​ទៅ​លួច​ពស់​របស់គាត់​ឡើយ ប៉ុន្តែ​គាត់​នៅតែ​ចោទ​ដដែលៗ ។

លុះ​នៅមុន​ពេល​កើតហេតុគឺ​គាត់​មកពី​ផឹក​វិញ​ក៏បាន​ចាប់ផ្តើម​រករឿង​ទៀត​ឯ​ខ្លួន​ក៏បាន​ប្រកែក​ទៅវិញ ទៅមក​ស្រាប់តែ​គាត់​បាន​លប​ទាញ​ពូថៅ​មក​​វ៉ៃ​មកលើ​ក្បាល​និង​ផ្ទៃមុខ​របស់ខ្លួន ជាច្រើន​កន្លែង​រហូតដល់​សន្លប់ លែង​ដឹងខ្លួន ។​

​ដោយឡែក​សាក្សី​មួយចំនួន​ដែល​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ក៏បាន​​និយាយថាពេលដែល​ជនសង្ស័យ​បាន​យក​ពូថៅ​វ៉ៃ​ទៅលើ​ជនរងគ្រោះ​នោះ គឺ​បានបាក់ដង​អស់​មួយ ។​ប៉ុន្តែ​ដោយសារ​មិន​អស់ចិត្ត​ទើប​ស្ទុះ​ទៅ​ទាញ​ពូថៅ​មួយទៀត មក​វ៉ៃ​បន្ថែម​​រួច​ក៏​រត់គេចខ្លួន​បាត់ស្រមោល​ទាំងយប់​តែម្តង​។ដោយសារ​តែមាន​ប្រជាពលរដ្ឋ​ជាច្រើន​​បម្រុង​ចូល​ជួយ ព្រមទាំង​មានការ​ស្រែក​ឱ្យជួយ​ពី​សំណាក់​ស្ត្រី​ជា​ភរិយា​ដែល​កំពុង​
​ពរ​កូន​មួយ​នៅ​នឹង​ដៃ​ផង ។​

បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​។ ដោយឡែក​ជនសង្ស័យ​ក៏ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ទាំង​២​ស្ថាប័ន តាម​ប្រមាញ់ និង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ពាក់ព័ន្ធ​នឹង​ករណី​​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ៕S/

​ឪពុកចុង​និង​កូនប្រសារ​ប្រុស​ឈ្លោះ​គ្នា​ក្លាយជា​ករណី​ប៉ុនប៉ង​មនុស្សឃាត​