ឪពុកមា​មាន​សតិ​មិន​ប្រក្រតី វាយ​ក្បាល​ក្មួយ​ស្រី​នឹង​ដំបង​បណ្តាល​ឲ្យ​ស្លាប់

275
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ បុរស​ជា​ឪពុកមា​បាន​យក​ដំបង​ឈើ​វាយ​ទៅ​ក្បាល​ក្មួយ​ស្រី ដែល​កំពុង​ដេក​ក្នុង​អង្រឹង បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ។​
ប៉ូលិស​បញ្ជាក់ថា​ឪពុកមា​ជា​ជនដៃដល់​ឈ្មោះ​រុន រ៉ូ​ន អាយុ​៥១​ឆ្នាំ ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ (​នៅផ្ទះ​ជាមួយ​ជនរងគ្រោះ​)​។ បុរសនេះបាន​វាយ​ទៅលើ ជនរងគ្រោះ ដែល​កំពុង​ដេក​លើ អង្រឹង មួយ​ដំបង បណ្ដាល​ឲ្យ ស្លាប់​ពេល​យកទៅ​ដល់​មន្ទីរពេទ្យ​។​
​ជនរងគ្រោះ ឈ្មោះ​លឹម រ៉ាន្នី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​។ (​ត្រូវជា​ក្មួយបង្កើត​របស់​ជនដៃដល់​)​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ចាប់ខ្លួន​ជនដៃដល់​ភ្លាមៗ​ផងដែរ​។​
សមត្ថកិច្ច​បានបញ្ជាក់​ថា​ចំពោះ មូលហេតុ ពុំមាន​រឿងរ៉ាវ​បញ្ហា​អ្វី​ជាធំ​ដុំ​នឹង​គ្នា​ទេ ប៉ុន្តែ​ជនដៃដល់ មាន​សតិ​មិន​ប្រក្រតី​។ ជន​ខាងលើ ត្រូវបាន​នគរបាល​នាំខ្លួន​ទៅកាន់​អធិការ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​សរន

ឪពុកមា​ជា​ជនដៃដល់​ឈ្មោះ​រុន រ៉ូ​ន