ឪពុកម្តាយ​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ដែល​គំរាម​ទារប្រាក់​អង្គរក្ស​ផ្ទាល់​សម្តេច​តេ​ជោ ថ្លែងអំណរគុណ​តុលាការ​និង​ដើមបណ្ដឹង មានចិត្ត​សណ្តោស​ប្រណី​អនុញ្ញាតិ​ឲ្យ​ក្មេង​នៅក្រៅ​ឃុំ​

617

(​ភ្នំពេញ​)៖ ឪពុកម្តាយ​ក្មេងប្រុស​អាយុ​ជាង​១៤​ឆ្នាំ ដែល​គំរាម​ទារប្រាក់​តាម​ហ្វេ​ស​ប៊ុ​ក​ពី​លោក ណាំ ភិ​រុណ អង្គរក្ស​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ធ្វើលិខិត​ថ្លែងអំណរគុណ​ចំពោះ​លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ដោះលែង​ក្មេងប្រុស​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី​១១ ខែសីហា និង អរគុណ​ចំពោះ​ដើមបណ្ដឹង ដែលមាន​ចិត្ត​សណ្តោស​ប្រណី មិន​ប្រកាន់​ទោសពៃរ៍​លើ​ក្មេងប្រុស​ដែល​មិនចេះ​គិតពិចារណា​វែងឆ្ងាយ ហើយ​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​នេះ ។​

​លោក កែ ចាន់​សុខ និង ប្រពន្ធ សុន សុ​ផា ជា​ឪពុកម្ដាយ​ក្មេងប្រុស បញ្ជាក់ថា យើងខ្ញុំ​និង​ក្រុមគ្រួសារ សូម​ថ្លែងអំណរគុណ​ដល់​តុលាការ​និង​ដើមបណ្ដឹង ។ ការអត់អោន និង អភ័យទោស​នេះ​គឺ ជា​កាយវិការ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សណ្តាន​ចិត្ត ចិត្ត​សណ្តោស​ប្រណី ដោយ​ក្តី​មេត្តាធម៌ យ៉ាង​ធំធេង​ដែល​មិនអាច​កាត់ថ្លៃ​បាន​។

​ក្នុងនាម​ជា​ឪពុកម្ដាយ សន្យាថា នឹង​អប់រំ​ប្រៀនប្រដៅ​កូន​ឲ្យ​ក្លាយខ្លួនជា កូន​ល្អ សិស្ស​ល្អ មនុស្ស​ល្អ មិន​ប្រព្រឹត្ត​រឿង​អ្វីដែល​សង្គម​ស្អប់ខ្ពើម​ទៀតឡើយ ។​

​គួររំលឹកថា ក្មេងប្រុស​អាយុ​ជាង​១៤​ឆ្នាំ​ម្នាក់ ដែល​ប្រើ Facebook ជំរិត​ទារប្រាក់​ពី​លោក​ឧត្ដមសេនីយ៍ទោ ណាំ ភិ​រុណ អង្គរក្ស​ផ្ទាល់​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន ក្នុង​ពន្ធនាគារ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្តទៀត​។​

​លោក លី កុសល មេធាវី​ការពារ​ក្ដី​ក្មេងប្រុស​ឈ្មោះ សៀក ជី​មី ថ្លែងប្រាប់​ភ្នាក់ងារ​សារព័ត៌មាន ថា ក្មេងប្រុស​រូបនេះ ត្រូវបាន​លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ «​កំហែង​យក​» តាម​មាត្រា​៣៦៣ និង​មាត្រា​៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ ចៅក្រម​ស៊ើបសួរ បានសម្រេច​ឃុំខ្លួន​ក្មេងប្រុស​រូបនេះ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។​

​មុនពេល​តុលាការ​សម្រេច​ឃុំខ្លួន​នេះ អាណាព្យាបាល​របស់​កុមារា សៀក ជី​មី គឺ​លោក កែ ចាន់​សុខ អាយុ​៤១​ឆ្នាំ ត្រូវជា​ឪពុក អ្នកស្រី សួន សុ​ផា ត្រូវជា​ម្តាយ បាន​តក់ស្លុត​ជាខ្លាំង​ចំពោះ​ហេតុការណ៍​នេះ ហើយ​បាន​ប្រញាប់ប្រញាល់ ចេញមុខ​សុំ​ការ​អភ័យទោស និង​ក្តី​មេត្តាធម៌ ដោយ​សណ្តោស​ប្រណី ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ណាំ ភិ​រុណ តាមរយៈ​កា​រស​សេរ​លិខិត​សុំ​អភ័យទោស ត្រា​ប្រណី ដោយ​ក្តី​ករុណា ។​

​សូមបញ្ជាក់ថា លោក ណាំ ភិ​រុណ ជា​អង្គរក្ស​ផ្ទាល់​របស់លោក ហ៊ុន សែន ដែល​គេ​តែង​បានឃើញ​រូបលោក​និង​ក្រុម​អង្គរក្ស ដើរ​ការពារ​ជាប់​ជានិច្ច​រាល់ពេល​នាយករ​ដ្ឋ​មន្ត្រី នៃ​កម្ពុជា​អញ្ជើញ​ចូលរួម​កម្មវិធី​ផ្សេងៗ ទាំង​ក្នុង និង​ក្រៅប្រទេស ត្រូវបាន​ជនអនាមិក​ប្រើ Facebook ជំរិត​ទារប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក ព្រមទាំង​គំរាម​បញ្ឈប់​ការងារ និង​ចាប់​កូនស្រី​របស់លោក​ថែម​ទៀតផង ។​

​លោក ណាំ ភិ​រុណ ជា​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​បង្ហោះ​នៅលើ​ទំព័រ Facebook របស់លោក​ផ្ទាល់​ឲ្យ​ដឹងថា ជន​ដែល​ផ្ញើ​សារ​គំរាម​ជំរិត​ទារប្រាក់ និង​គំរាម​ពី​សុវត្ថិភាព​របស់​ក្រុមគ្រួសារ​របស់លោក​នេះ ប្រើ​គណនី Facebook មួយ​ឈ្មោះ «​ស៊ីន សារ៉េត​» គណនី​មួយទៀត «SOK KHON» និង​គណនី Facebook «​កម្ពុជា​កម្ពុជា​»​។ លោក ណាំ ភិ​រុណ បាន​រៀបរាប់​បន្តថា ជន​ដែល​យក​គណនី​ខាងលើ​ទាំងនេះ​មក​ជំរិត​ទារប្រាក់​ពី​រូបលោក​ម្តង ៥,០០០​ដុល្លារ និង​ម្តងទៀត ១​ម៉ឺន​ដុល្លារ​។​

​ជន​ដែល​ជំរិត​ទារប្រាក់​បាន​គំរាមថា ប្រសិនបើ​លោក ណាំ ភិ​រុណ មិន​ប្រគល់​ប្រាក់​ឲ្យ​គេ​ទេ គេ​នឹង​រក​វិធី​ដើម្បី​បំបែកបំបាក់ និង​ញុះញង់​មិន​ឲ្យ​មានការ​ទុកចិត្ត​គ្នា នៅក្នុង​កង​អង្គរក្ស ហើយ​ថែមទាំង​គំរាម​យកឈ្មោះ​ថ្នាក់ដឹកនាំ​កំពូល​មួយ ទៅ​បញ្ឈប់​ការងារ​របស់លោក​ថែម​ទៀតផង ។ មិន​ត្រឹមតែ​គំរាម​ជំរិត​ទារប្រាក់​ប៉ុណ្ណោះ​ទេ ជនអនាមិក ថែមទាំង​បាន​គំរាម​ធ្វើបាប​កូនស្រី និង​ក្រុមគ្រួសារ​របស់លោក​ថែម​ទៀតផង​៕L ដោយ​៖ ស​រិ​ទ្ធ​