ឪពុកម្តាយ​ជា​គ្រូដើម មុននឹង​ទៅដល់​គ្រូ​នៅ​សាលា​

200
ចែករម្លែក

នៅក្នុង​ខែមករា ដើមឆ្នាំ​២០២០ នេះ មាន​ករណី​អំពើហិង្សា​បង្កឡើង​ដោយ​សិស្ស​វិទ្យាល័យ ទាំងស្រី ទាំងប្រុស ចំនួន​បី​ករណី​ធំៗ ដែល​កក្រើក​ក្នុងសង្គម​កម្ពុជា​។ នោះ​គឺ​អំពើហិង្សា របស់​ក្រុម​យុវតី​សិស្ស​វិទ្យាល័យ​មេសាង​ម្នាក់ បាន​គំរាម​សំឡុត​លើ​ក្រុម​យុវតី​ផ្សេងទៀត នៅ​ស្រុក​មេសាង ខេត្តព្រៃវែង​។ ករណី​មួយទៀត នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ រាជធានី​ភ្នំពេញ ក្រុម​សិស្សសាលា ជា​យុវតី ៤​នាក់ ព្រួត​គ្នា​វាយ​ទាត់​ធាក់​ក្មេងស្រី​សិស្សសាលា​ម្នាក់ និង​ថត បង្ហោះ​ហ្វេ​ស​ប៊ុ​ក​។ ករណី​ចុងក្រោយ កើតឡើង នៅ​ខណ្ឌ​បឹង​កេងកង ក្នុង​រាជធានី​ភ្នំពេញ បង្ក​ហិង្សា​ដោយ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​យុវជន​ម្នាក់ទៀត ស្លាប់​ដោយសារតែ​ជំទាស់ ពាក្យសម្តី ដែល​យុវជន​ទាំងពីរ​នាក់​នេះ រៀន​នៅ​សាលា​ឯកជន AIS​។

​ចំពោះមុខ​ហេតុការណ៍​ផ្ទួនៗ បង្កឡើង​ដោយ​ក្រុមសិស្ស​វិទ្យាល័យ​ទាំងស្រី​ទាំងប្រុស​ខាងលើ នេះ គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រញាប់​ចេញ​សេចក្ដីណែនាំ​ដល់​គ្រឹះស្ថានសិក្សា សាធារណៈ និង​ឯកជន ត្រូវ​ពង្រឹង​ការអនុវត្ត​ភារកិច្ច​របស់​គ្រូ​ទទួល បន្ទុក​ថ្នាក់ លោកគ្រូ អ្នកគ្រូ​បង្រៀន តាម​មុខវិជ្ជា ឲ្យ​ណែនាំ​សិស្សានុសិស្ស អនុវត្ត​បទបញ្ជាផ្ទៃក្នុង រាល់​ម៉ោង និង​ពង្រឹង​តួនាទី​របស់​ក្រុមប្រឹក្សា​យុវជន កុមារ ក្រុមប្រឹក្សា វិន័យ ក្រុមប្រឹក្សា​អប់រំ ដើម្បី​មាន វិធានការ​ទប់ស្កាត់ និង​ដោះស្រាយ​រាល់​បាតុភាព​មិន​ប្រក្រតី​រប​ស់សិ​ស្ស​។

​ក្នុង​សេចក្តីជូនដំណឹង ក្រសួង​អប់រំ ក៏បាន​ណែនាំ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ត្រូវធ្វើ ទំនាក់ទំនង និង​សហការ​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ ដើម្បី ផ្ដល់ព័ត៌មាន​នានា ពាក់​ព​ន្ធ័​នឹង​បាតុភាព​មិន​ប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការគ្នា​អប់រំ ណែនាំ កែលម្អ បាន​ទាន់ពេលវេលា​។

​ក្នុងនោះ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ត្រូវ​សហការ​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច ដូចជា កម្លាំង​នគរបាលជាតិ កងរាជអាវុធហត្ថ អាជ្ញាធរ​ដែនដី ដើម្បី​ផ្ដល់ ព័ត៌មាន​ក្នុងករណី មានការ​ប្រព្រឹត្ត​អំពើ​អន្ធពាល អំពើហិង្សា សកម្មភាព​អុក ឡុ​ក​បង្កចលាចល​នានា​ពី​សំណាក់ សិស្សានុសិស្ស ឬ​ក្រុម​ក្មេង​ទំនើង​នៅក្បែរ ឬ​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​។​

​ការពិតទៅភារកិច្ច​របស់​គ្រូ​ទទួលបន្ទុក​ថ្នាក់ ក៏ដូចជា​តួនាទី​ភារកិច្ច​គ្រូបង្រៀនតាម​មុខវិជ្ជា រួមទាំង​បទបញ្ជាផ្ទៃក្នុង​សាលា ត្រូវបាន​ក្រសួង​អប់រំ បង្កើតឡើង​យូរ​ឆ្នាំ​ណាស់​មកហើយ​។ ការអនុវត្ត​វិន័យ ក៏​ត្រូវបាន​អនុវត្ត​យ៉ាង​តឹងរឹង​ផងដែរ​។​

​ក៏ប៉ុន្តែ​វិធានការ​របស់​ក្រសួង​អប់រំ នៅពេលនេះ ប្រៀបបាន​ដូចជា សេះ​ចេញពី​ក្រោល ទើប​ធ្វើ​របង​។ តែ​យ៉ាងណាក៏ដោយ ក៏​ជា​វិធានការ​មួយ ដែល​អាច​នឹង​កុំ​ឲ្យ​សេះ​ផ្សេង ទៀត បន្ត​ចេញពី​ក្រោល ហើយក៏​អាច​កៀរ​សេះ ដែល​ចេញពី​ក្រោល​ទាំងនោះឲ្យ​ចូល​ក្រោយ​វិញ ក្រោយពេល​មាន​របង​ត្រឹមត្រូវ​។​

​យ៉ាងណាក៏ដោយ ក្នុងករណី​ធំៗ​ទាំង​៣​ខាងលើនេះ គឺ​ឪពុកម្តាយ អាណាព្យាបាល​គួរតែ ដើរតួនាទី​សំខាន់ និង​ចម្បង​ជាងគេ ក្នុងការ​អប់រំ ទូន្មាន ណែនាំ​កូនចៅ​របស់ខ្លួន​ឲ្យ​មាន សីលធម៌ ដឹង​ខុស ដឹង​ត្រូវ ចេះ​គោរព​គ្រូបង្រៀន ចាស់ព្រឹទ្ធាចារ្យ ព្រមទាំង​ខិតខំ​រៀនសូត្រ ដោយ​មិន​ធ្វើអំពើ​ពាលា​អាវ៉ាសែ បង្កជម្លោះ​ទាំង​នៅ​ថ្នាក់រៀន ក្នុង​សាលា និង​ទាំង​នៅផ្ទះ ក្នុងសង្គម​ជាតិ​យើង​។​

​សង្គម​ខ្មែរ​យើង​សព្វថ្ងៃ ដោយសារតែ​ការធ្វេសប្រហែស​របស់​ឪពុកម្តាយ​អាណា ព្យាបាល មួយចំនួន ព្រោះតែ​កិច្ចការងារ​រកស៊ី ធ្វើការ លក់ដូរ ហើយ​មាន​ពេលទំនេរ​ក្នុង ១​ថ្ងៃៗ ឪពុកម្តាយ​អាណាព្យាបាល​ខ្លះ ក៏​គិតតែ​ទូរស័ព្ទ លេង​ហ្វេ​ស​ប៊ុ​ក​ហើយ​អ្នកខ្លះ​រហូតដល់ ចំណាយពេល​អង្គុយ​ផឹកស្រា​ផង​នោះ ទើប​ពួកគាត់ មិនអាច​ឆ្លៀតពេលអប់រំ ណែនាំ មើលថែ​កូនចៅឲ្យ​បាន​គ្រប់គ្រាន់​។​

​ដល់ពេល​កូនចៅ​មួយចំនួន​នោះ ទៅ​សាលារៀន គួបផ្សំ​នឹង​បរិយាកាស​សង្គម​ខាងក្រៅ ការ​សេពគប់​មិត្តភក្តិ​មិនល្អ​ផង​នោះ ក៏​នាំ​ឲ្យ​កូនចៅ​ទាំងនោះ ភ្លេចខ្លួន ប្រព្រឹត្ត​អំពើ​មិនគួរ​គប្បី ក្លាយជា​រឿង​បងតូច​បងធំ​។ ខ្លះទៀត មួយចំនួន ក៏​សេព​គ្រឿងញៀន គ្រឿង​ស្រវឹង ឬក៏​បង្ក ជម្លោះ ដូច​ករណី​ខាងលើ ជា​ឧទាហរណ៍​ជាក់ស្តែង​។
​ ​
តែ​ក្នុងន័យនេះ ក៏​មិនមែន​មានន័យថា សិស្សសាលា ដែលជា​ទំពាំង​ស្នង​ឫស្សី​របស់​យើងស្អុយ​ទាំងអស់ ហើយក៏​មិនមែន​មានន័យថា ឪពុកម្តាយ អាណាព្យាបាល​ទាំងអស់​សុទ្ធតែ មិនមាន​ពេលវេលា ដើម្បី​អប់រំ ព្រានប្រដៅ ណែនាំ​កូនចៅ ឲ្យ​ធ្វើអំពើ​ល្អ​ខិតខំ​រៀនសូត្រ នោះដែរ​។​

​យ៉ាងណាក៏ដោយ សិស្សសាលា ដែល​បាន​ប្រព្រឹត្ត​កំហុស​ទាំងឡាយ ក៏​នៅមាន​ឱកាស ដើម្បី​កែខ្លួន វិល​មក​ស្តាប់​ដំបូន្មាន​ឪពុកម្តាយ អាណាព្យាបាល និង​គ្រូបង្រៀន​ហើយ​បន្ត​ខិត ខំរៀន​សូត្រ ដោយ​លះបង់​អំពើ​អបាយមុខ អន្ធពាល​ទាំងនោះ​។​

​មានតែ​ការសិក្សា​រៀនសូត្រ​ទេ ទើប​នាំ​ឲ្យ​យុវជន​យើង មាន​អនាគត​ភ្លឺស្វាង​ទោះបីជា​រៀន ចប់​វិទ្យាល័យ បន្ត​ដល់​មហាវិទ្យាល័យ សកលវិទ្យា​ល័យ ហើយ​បញ្ចប់​បរិញ្ញាបត្រ អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត ចេញ​ធ្វើ​ការងារ និង​ទៅរក​ស៊ី​ក៏ដោយ ក៏​យុវជន​យើង​ដែល​ឆ្លងកាត់​ការ អប់រំ​សិក្សា គឺ​ច្បាស់​ជា​ធនធានមនុស្ស​ដ៏​សំខាន់ សម្រាប់​សង្គម​កម្ពុជា​យើង​ផង និង​ជា​ធនធាន ជំហរ​ដ៏​សំខាន់​ក្នុង​គ្រួសារ​ផងដែរ​៕ ដោយ​៖ ម៉េង​ឆៃ