ឪពុកម្តាយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​កូនបង្កើត ​ដែលគំ​រាម​ឪពុកម្តាយ​ និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​

417
ចែករម្លែក

​ដោយ:​គូលែន​/​សៀមរាប ៖ កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ប្តឹង​តាមរយៈទូរស័ព្ទ​ចំនួន២​ករណី​ផ្សេងគ្នា ថា​កូនប្រុស​របស់គាត់​បាន​ប្រើពាក្យ​សម្តី​គំរាម​ឪពុកម្តាយ​និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ ។​

ដោយ​ទទួលបាន​ពាក្យបណ្តឹង សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ស្ថិតនៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ជា​កូន​ដែល​គំរាម​ឪពុកម្តាយ​និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ មក​សួរនាំ​ ហើយ​បានធ្វើ​តេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន បាន​បញ្ជាក់ថា​ពួកគេ​មាន​ផ្ទុក​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​។​

ជនសង្ស័យ​ទាំងពីរ​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ ងួន សំណាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប និង​ម្នាក់ទៀត​ឈ្មោះ​យឿន ជឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។

​ជនសង្ស័យ​ទាំងពីរ ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕B/Ha