ឪពុកម្តាយ​សង​គេ​លៀន​ភ្នែក ដោយសារ​កូន​អាយុ​៣​ឆ្នាំទៅ​ឆ្កូត​ថ្នាំ​ឡាន Audi ចំនួន​១០​គ្រឿង​នៅ​បន្ទប់​តាំងពិព័រណ៍​ក្នុងប្រទេស​ចិន​

391
ចែករម្លែក

​យើង​គ្រប់គ្នា​សុទ្ធតែ​ធ្លាប់​សាង​កំហុស ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ដូច​កំហុស​មួយ​នេះ​ទេ​។

​កូនស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​រត់​លេង​ពេញ​បន្ទប់​តាំងពិព័រណ៍​រថយន្ត​មួយ​ក្នុង​ទីក្រុង​គ្វី​លីន​ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៤​វិច្ឆិកា​កន្លងទៅ ដោយ​ឆ្កូត​ឡាន Audi ចំនួន​១០​គ្រឿង​ជាមួយ​ដុំថ្ម​តូច​មួយ​ដែល​នាង​កាន់​ក្នុង​ដៃ​។

​រឹតតែ​ធ្ងន់​ករ​គឺ​រថយន្ត​មួយ​ក្នុងចំណោម​នោះ​ជា​រថយន្ត​ថ្មី​ស៊េរី​ឆ្នាំ ២០២០ ម៉ាក Audi Q8​។

​ទស្សនា​វ​ដ្តី China Xiaokang បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ទី​១១​ធ្នូ​នេះ​ថា ដំបូង​ម្ចាស់​ឡាន​ទាមទារ​សំណង ២០ ម៉ឺន​យ័ន (​ជាង​២៨​ម៉ឺន​ដុល្លារ​) ប៉ុន្តែ​ឪពុកម្តាយ​ក្មេង​មិន​យល់ព្រម​សង​តាម​ការទាមទារ​ដ៏​ថ្លៃ​នេះ​ទេ​។

​យោងតាម​ម្ចាស់​ឡាន រថយន្ត​ខូច​ថ្នាំ​ទាំងអស់នេះ​លែង​អាច​ផ្សព្វផ្សាយ​លក់​ថា​ជា​រថយន្ត​ថ្មី​ទៀតហើយ​សូម្បី​បាញ់ថ្នាំ​បិទ​លើ​កន្លែង​ឆ្កូត​ក៏ដោយ​។ ដូច្នេះ អ្នកលក់​អាច​លក់​រថយន្ត​ទាំងនោះ​ក្នុងតម្លៃ​ទាប​ជាង​មុន​ប៉ុណ្ណោះ តែ​អាច​ប្រឈម​ការប្តឹង​ប៉ូលិស​ប្រសិនបើ​អ្នកទិញ​ដឹងថា​វា​ជា​ឡាន​បាញ់ថ្នាំ​ថ្មី​។

​ដោយ​មិនអាច​យល់ស្រប​នឹង​សំណង​នេះ​បាន ភាគី​ទាំង​ពីរបាន​យក​ករណីនេះ​ឡើង​តុលាការ​ដើម្បី​ជួយ​ដោះស្រាយ​។ នៅ​ថ្ងៃទី​៣​ធ្នូ ភាគី​ទាំងពីរ​បានសម្រេច​ចិត្ត​បំភ្លេចចោល​រឿង​ដែល​បាន​កើតឡើង និង ប្តី​ប្រពន្ធ​សុខចិត្ត​សង​ម្ចាស់​ឡាន​ចំនួន ៧ ម៉ឺន​យ័ន (​ជិត​១​ម៉ឺន​ដុល្លារ​)​។

​តុលាការ​ក៏បាន​ដាស់តឿន​ឪពុកម្តាយ​នេះដែរ​ថា ហេតុផល​ដូចជា “​កូន​នេះ​នៅ​តូច​ណាស់​វា​មិនដឹងខ្យល់​អី​ទេ​” គឺ​មិនមែនជា​អំណះអំណាង​ដែលមាន​សុពលភាព​នោះឡើយ​។

​តុលាការ​បាន​ណែនាំ​ឱ្យ​ឪពុកម្តាយ​តាមមើល​កូន​ឱ្យ​ដិតដល់ និង ជួយ​ពន្យល់​កូន​ឱ្យ​ចេះ​ផ្តល់​តម្លៃ​ដល់​អ្វីៗ​នៅ​ជុំវិញខ្លួន​វា​៕ ដោយ៖ កញ្ញាដាលីស

ឪពុកម្តាយ​ចិន​សង​ជិត​១​ម៉ឺន​ដុល្លារ​សម្រាប់​ឡាន​ឆ្កូត​ថ្នាំ