ឪពុក​របស់​ស្តេច​អុក​វ័យ​៩​ឆ្នាំ ដែល​ប្រឈម​ការបណ្តេញ​ទៅ​ឥណ្ឌា​វិញ​បើ​រកលុយ​មិន​ដល់​១២​ម៉ឺន​ផោន​ក្នុង​មួយឆ្នាំ ឥឡូវ​អាចដាក់​ពាក្យសុំ​បន្ត​ទិដ្ឋាការ​

1434
ចែករម្លែក

​ក្រុមគ្រួសារ​របស់​ស្តេច​អុក​វ័យក្មេង ត្រូវបាន​គេ​ប្រាប់ថា ពួកគេ​អាចដាក់​ពាក្យសុំ​ទិដ្ឋាការ​ការងារ​ថ្មី​ជំនួស​ឱ្យ​ទិ​ដ្ឋ​ការ​មាន​ស្រាប់​របស់​ឪពុក​ក្មេង​នោះ​។​

​ក្មេងប្រុស​ឈ្មោះ ស្រី​យ៉ា រ៉ូ​យា​ល់ អាយុ ៩ ឆ្នាំ​បានរស់នៅ​ចក្រភព​អង់គ្លេស តាំងពី​រូបគេ​មាន​អាយុ ៣ ឆ្នាំ ហើយ​ឥឡូវនេះ​ក្មេង​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤​នៅលើ​ពិភពលោក​ក្នុង​ល្បែង​អុក​សម្រាប់​ក្រុម​អាយុ​សម្បា​ល​ក្មេង​នេះ​។​

​គ្រួសារ​របស់​ស្រី​យ៉ា ដែល​មកពី​ប្រទេស​ឥណ្ឌា បាន​រើ​ទៅ​រស់នៅ ភាគខាងត្បូង​ទីក្រុង​ឡុង​ដ៍ នៅពេលដែល​ឪពុក​របស់​ក្មេង​នេះ ឈ្មោះ ជី​ថិ​ន​ដ្រា ស៊ី​ង អាយុ ៣៨ ឆ្នាំ​ត្រូវបាន​គេ​ផ្តល់​ការងារ​ឱ្យធ្វើជា​អ្នកគ្រប់គ្រង​គម្រោង​ព័ត៌មានវិទ្យា​កាលពី ៥ ឆ្នាំមុន​។​

​គ្រួសារ​នេះ​ត្រូវបាន​គេ​ប្រាប់ថា​ត្រូវ​ចាក​ចេញពី​ចក្រភព​អង់គ្លេស​នៅពេល​ផុត​ទិដ្ឋាការ ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​សីហា លោក​ស៊ី​ង​បានទទួល​អ៊ីមែល​មួយ ដោយ​និយាយថា​គាត់​អាច​ស្នើសុំ​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​។​

​លោក​ស៊ី​ង​បាន​ប្រាប់​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ីថា គ្រួសារ​គាត់ “​សប្បាយរីករាយ និង​ធូរទ្រូង​ណាស់​” ហើយ​ថា ស្រី​យ៉ា “​អរ​ឡើង​លោត​លើ​កៅអី​សា​ឡុង​” នៅពេល​វា​ឮដំណឹង​នេះ​។​

​ទិដ្ឋាការ​ការងារ​បច្ចុប្បន្ន​នឹង​ផុតកំណត់​នៅ​ខែក្រោយ ហើយ​មុននេះ លោក​ស៊ី​ង​ត្រូវបាន​គេ​ប្រាប់ថា ទាល់តែ​គាត់​រកលុយ​បាន ១២០.០០០ ផោន (​ជាង​១៥​ម៉ឺន​ដុល្លារ​) ក្នុង​មួយឆ្នាំ ទើប​អាចដាក់​ពាក្យសុំ​បន្ត​ទិដ្ឋាការ​៕ ដោយ៖ កញ្ញាដាលីស

ឪពុក​របស់​ស្រី​យ៉ា​អាចដាក់​ពាក្យសុំ​បន្ត​ទិដ្ឋាការ​បាន​វិញ​កាលពី​ថ្ងៃ​សុក្រ