ឪ​ពុ​កម្តាយ​ណា​មិន​រំជួលចិត្ត​! កូនភ្លោះ​ដែលមាន​ជម្ងឺ​គ្មាន​ភាពស៊ាំ ចាប់ឆ្នោត​ដើម្បី​ម្នាក់​បាន​នៅមាន​ជីវិត​

1131
ចែករម្លែក

​កូន​ក្រដាស​ពីរ​សន្លឹក ដើម្បី​កំណត់​វាសនា​របស់គេ គឺ​ម្នាក់​ត្រូវ​នៅរស់ ម្នាក់ទៀត​ត្រូវ​លាចាក​លោក​។​នៅពេល​កូនប្រុស​កាង​កាង​(Kangkang)​ត្រូវបាន​គេ​ចាប់​ប៉ះចំ​សន្លឹក​​ឆ្នោត​”​រស់​” ឪពុកម្តាយ​ដ៏​រំជួលចិត្ត​របស់គេ​បាន​លត់​ជង្គង់​នៅ​ចំពោះមុខ​កូន ឡេ​ឡេ​(Lele )​និង​បាន​សុំទោស​វា​ជាមួយនឹង​ទឹកភ្នែក​ស្រក់​ទាំង​មិនដឹង​ខ្លួន​។​

​កូនភ្លោះ​អាយុ​១០​ខែ​មកពី​ក្រុង​ហាង​ចូ​វ ប្រទេស​ចិន​នេះ មាន​ជម្ងឺ Chronic Granulomatous Disease (CGD)​ជា​ជម្ងឺ​កម្រ គឺ​ប្រព័ន្ធ​ស៊ាំ​នៃ​រាងកាយ​របស់​វា​មិន​ប្រក្រតី​​ដោយ​មិនអាច​ទប់ទល់​នឹង​មេរោគ​ផ្សេងៗ​បានឡើយ​។​

​អ្នក​កើត​ជម្ងឺ​នេះ​មិនអាច​ស៊ូទ្រាំ​នឹង​រោគ​ឆ្លង​ផ្សេងៗ​នៅពេល​កោសិកា​ឈាម​របស់គេ​មិន​ធ្វើការ​ត្រឹមត្រូវ​។​

​កូនក្មេង​ទាំងពីរ​នេះ​ត្រូវបាន​រកឃើញ​កើត​ជម្ងឺ​CGD​កាលពី​ខែកុម្ភៈ​ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។​ការព្យាបាល​គឺ​ត្រូ​ប​បណ្តុះ​កោសិកា​ពន្លក​(​ដើម​)​តែ​ឪពុកម្តាយ​របស់​ក្មេងប្រុស​​ភ្លោះ​នេះ​អាច​សង្គ្រោះ​បានតែ​ម្នាក់​ក្នុងចំណោម​ពួកវា​។​

​ការព្យាបាល​អស់ថ្លៃ​ប្រមាណ​១​លាន​យ័ន​(១៤៦.៥២០​ដុល្លារ​)​និង​ឪពុកម្តាយ​របស់គេ​មានតែ​៤​សែន​យ័ន​។​បើ​មិន​ព្យាបាល វេជ្ជបណ្ឌិត​និយាយថា កាង​កាង និង​ឡេ​ឡេ​​មិនអាចរ​ស់បាន​ដល់​អាយុ​២​ឆ្នាំ​ទេ​។​

​ជាប់​ក្នុងការ​ទាល់គំនិត​នេះ ឪពុកម្តាយ​របស់​វា​បាន​រកឃើញ​វិធី​យុត្តិធម៌​ដ៏​ខ្លោចចិត្ត​មួយ គឺ​ការចាប់​ឆ្នោត​កំណត់​វាសនា​របស់គេ​។​តែ​នៅពេល​ជីដូន​របស់​កុមារ​ទាំងពីរ​​ដឹង​រឿងនេះ គាត់​ខឹង​ណាស់​និង​ស្តីបន្ទោស​កូនប្រុស​និង​កូនប្រសារ​ស្រី​។​

​គាត់​បាន​និយាយថា​” ឯង​ត្រូវតែ​ធ្វើ​ទោះ​ត្រូវ​ចំណាយ​អ្វី​ក៏ដោយ​ដើម្បី​សង្គ្រោះ​ពួកវា​ទាំងពីរ​”​។​

​ឥឡូវ​ក្តីសង្ឃឹម​សំរាប់​គ្រួសារ​នេះ​ស្រាប់តែ​កើតឡើង​ដោយ​មិនបាន​រំពឹងទុក ដោយ​អង្គការ​ជំនួយ​កុមារ​របស់​ចិន​China Charities Aid Foundation for Children​ប្រកាស​​ជួយ​រៃអង្គាសប្រាក់​សំរាប់​ការព្យាបាល​ក្មេង​នេះ​។​គិត​មក​ត្រឹម​ថ្ងៃ​២៤​សីហា យុទ្ធនាការ​រៃអង្គាសប្រាក់​ប្រមូលបាន​ប្រាក់​៨២០.០០០​យ័ន​៕​ដោយ​៖​វាសនា​