ឯកសារសម្ងាត់របស់ CIA លាតត្រដាងអំពីការពើបប្រទះជាមួយយាន UFO ហោះរំលងសហភាពសូវៀតអំឡុងសង្គ្រាមត្រជាក់

307
ចែករម្លែក

តំបន់ ដែលគេប្រទះឃើញយាន UFO កាលពីជិត៥ទសវត្សរ៍មុន ត្រូវបានប្រើប្រាស់ដោយសហភាពសូវៀតដើម្បីសាកល្បងកាំជ្រួចមីស៊ីលនិងប្រព័ន្ធអាវុធឡាស៊ែរ។

របាយការណ៍សម្ងាត់របស់ CIA ថ្មីៗនេះបានលាតត្រដាងអំពីការពើបប្រទះនឹងយាន UFO ដែលបានកើតឡើងអំឡុងគ្រាក្តៅគគុកនៃសង្គ្រាមត្រជាក់នៅកាហ្សាក់ស្ថានក្នុងឆ្នាំ ១៩៧៣ នៅពេលវានៅជាផ្នែកមួយនៃសហភាពសូវៀតនៅឡើយ។

ឯកសារ ដែលច្បាប់ដំបូងរបស់វាត្រូវបានចេញផ្សាយក្នុងឆ្នាំ ១៩៧៨ ហើយឥឡូវត្រូវបានផ្សព្វផ្សាយនៅលើវេបសាយ The Black Vault ដែលផ្សព្វផ្សាយឯកសារសម្ងាត់របស់រដ្ឋាភិបាល បានបញ្ជាក់អំពីរបៀបដែលសាក្សីម្នាក់ ដែលគេដាក់ឈ្មោះក្នុងឯកសារនោះថា “Source” បានចេញទៅក្រៅស្រូបយកខ្យល់អាកាស ហើយក៏ប្រទះឃើញ “វត្ថុរាងជារង្វង់ពណ៌បៃតងភ្លឺចិញ្ចាច កំពុងហោះសំកាំងលើមេឃនៅកម្រិតត្រឹមពពក”។

ឯកសារនោះបានលើកឡើងតាមសម្តីសាក្សីយ៉ាងដូច្នេះថា “ក្នុងរយៈពេល ១០ ទៅ ១៥ វិនាទីនៃការសង្កេតឃើញនោះ វត្ថុរាងរង្វង់ពណ៌បៃតងនោះកាន់តែរីកមាឌធំ ហើយក្នុងពេលដ៏ខ្លី វត្ថុរាងរង្វង់នោះប្រមូលផ្តុំពន្លឺពណ៌បៃតងច្រើនឡើងនៅជុំវិញខ្លួនវា។ ក្នុងរយៈពេលតែប៉ុន្មាននាទីនៃការបញ្ចេញពណ៌ វាក៏បាត់ស្រមោល។ គ្មានសំឡេងផ្ទុះអ្វីទាំងអស់ទាក់ទងនឹងបាតុភូតនេះ” ។

យោងតាមវេបសាយខាងលើបានឱ្យដឹងថា ការប្រទះឃើញនេះបានកើតឡើងនៅតំបន់សាកល្បងអាវុធឈ្មោះថាសារីសាហ្គាន ដែលប្រើប្រាស់ដោយសហភាពសូវៀតនៅគ្រានោះដើម្បីបាញ់សាកល្បងកាំជ្រួចពិសោធន៍ដោយសម្ងាត់និងដើម្បីសាកល្បងប្រព័ន្ធអាវុធឡាស៊ែរដោយប្រើអង់តែនដ៏មានឥទ្ធិពល។

ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍តាមទូរស័ព្ទជាមួយកាសែត Newsweek លោក ចន ហ្គ្រីនវ៉ាល់ ស្ថាបនិកវេបសាយ The Black Vault បានប្រៀបធៀបការពើបប្រទះនេះជាមួយឧបទ្ទវហេតុមួយហៅថា USS Nimitz UFO ដែលបានកើតឡើងក្នុងឆ្នាំ ២០០៤។

លោកបាននិយាយថា “នេះគឺស្រដៀងនឹងបរិបទដែលយើងឃើញសព្វថ្ងៃនេះជាមួយនឹងការគំរាមកំហែងលើទីតាំងយោធា។ កងទ័ពជើងទឹកអាម៉េរិកបានសរសេរចូលកំណត់ត្រា ដោយនិយាយថា មិនថាវាជាអ្វីនោះទេ គឺសុទ្ធតែជាការព្រួយបារម្ភទាំងអស់។ ពួកគេកំពុងត្រូវបានចូលមករកដោយបាតុភូតមិនស្គាល់អត្តសញ្ញាណនេះ”៕ ដោយ៖ កញ្ញាដាលីស

យាន UFO ត្រូវគេប្រទះឃើញក្នុងកាហ្សាក់ស្ថាននៅឆ្នាំ ១៩៧៣