ឯកសារ​ចំនួន​៥​នឹងត្រូវ​ចុះហត្ថលេខា​ក្នុងអំឡុង​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នៅ​រុស្ស៊ី​

1410
ចែករម្លែក

(​ភ្នំពេញ)៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សហព័ន្ធរុស្ស៊ី ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧​។​

​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​បន្តថា ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ម៉ូស្គូ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជួបពិភាក្សា​ទ្វេភាគី ជាមួយ​លោក ស៊ែរ​ហៃ្គ ឡាវ​រ៉ូ​វ (Sergey LAVROV) រដ្ឋមន្ត្រីការបរទេស​សហព័ន្ធរុស្ស៊ី ដែល​ក្នុងនោះ ទំនាក់ទំនង​ទ្វេភាគី រួមទាំង​បញ្ហា​តំបន់ និង​សកលលោក ដែលជា​ការព្រួយបារម្ភ រួម​នឹងត្រូវ​លើក​យកមក​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា ។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះដែរ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក នី​កូ​ឡៃ នី​គី​ហ្វូ​រ៉ូ​វ រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍ និង​ព័ត៌មាន នៃ​សហព័ន្ធរុស្ស៊ី នឹង​អញ្ជើញ​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​លើក​ទី​១០ របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស ដែល​នឹង​ពិនិត្យឡើងវិញ​លើ​ការអនុវត្តន៍​ការព្រមព្រៀង​ដែល​បានអនុម័ត​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៩ របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ព្រមទាំង​រិះរក​លទ្ធភាព​ផ្សេងទៀត ដែល​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​រុស្ស៊ី លើ​គ្រប់​វិស័យ ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​នៅក្រោយ​កិច្ចប្រជុំ​លើក​ទី​១០ របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី​នេះ ឯកសារ​មួយចំនួន​ត្រូវបាន​គ្រោង​នឹង​ចុះហត្ថលេខា​​រួមមាន​៖

១-​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នៃ​ការប្រើប្រាស់​ថាមពល​នុយ​ក្លេ​អ៊េ​រ ក្នុង​គោលបំណង​សន្តិភាព​រវាង​រាជរដ្ឋាភិបាល​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សហព័ន្ធរុស្ស៊ី​។

២-​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការការពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ​ការអភិរក្ស​ជីវចម្រុះ​និង​កិច្ចសហប្រតិបត្តិការ​​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព​រវាង​ក្រសួងបរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ធនធានធម្មជាតិ និង​បរិ ស្ថាន នៃ​សហព័ន្ធរុស្ស៊ី​។

៣-​កម្មវិធី​សកម្មភាព​រួមគ្នា រវាង​ទីភ្នាក់ងារ​សហព័ន្ធ​ផ្នែក​ទេសចរណ៍ (​សហព័ន្ធរុស្ស៊ី​) និង​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​រយៈពេល ២០១៨-២០២០​។

៤-​ផែនការ​ពិគ្រោះ​យោបល់​រវាង​ក្រសួងការបរទេស​នៃ​សហព័ន្ធរុស្ស៊ី និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ឆ្នាំ ២០១៨-២០២០​។​

៥-​ពិ​ធិ​សារ​កិច្ចប្រជុំ​លើក​ទី​១០​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ស្តីពី​កិច្ច​សហ​ប្រតិ​-​ប​ត្តិ​ការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​៕​ដោយ​៖​មុនី​រត្ន​/sn