ឯកសារ CIA ជំនាន់​សង្គ្រាមត្រជាក់​លា​ត​ត្រដាង​អាម៉េរិក​បង្ហាត់​សត្វ​ឆ្មា ត្រី​ដូ​ល​ហ្វី​ន ក្អែក ឆ្កែ និង​សត្វ​ជាច្រើន​ទៀត​ដើម្បី​ធ្វើ​ចារកម្ម​លើ​សូ​វៀត​

592
ចែករម្លែក

​ឯកសារ​ទើប​បញ្ចេញ​ថ្មីៗ​នេះ​បាន​លាតត្រដាង​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាលរ​បស់​អាម៉េរិក (CIA) មាន​ក្តីសង្ឃឹម​ខ្ពស់​ក្នុងការ​បង្វឹក​ដល់​សត្វ​ជាច្រើន​ប្រភេទ​ទាំង​នៅលើ​ដី លើ​អាកាស​និង​ក្នុង​សមុទ្រ ដើម្បី​ជួយ​ពួកគេ​ធ្វើ​ឈ្លបយកការណ៍​លើ​សហភាពសូវៀត​ក្នុងសម័យ​សង្គ្រាមត្រជាក់​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ទីភ្នាក់ងារ CIA បានចេញ​ផ្សាយ​ឯកសារ​រាប់សិប​ពី​ការធ្វើ​តេស្ត​លើស​ត្វ​ឆ្មា​ឆ្កែ​ផ្សោត​និង​សត្វ​បក្សី​ចាប់ពី​ព្រាប​រហូតដល់​សត្វ​ស្លាប​ឆ្លាត​ជាង​នេះ ដូចជា សត្វ​ក្អែក​ជាដើម​។​

​ក្នុងចំណោម​នោះ ក្អែក​ឈ្មោះ​ដូ​ដា​បាន​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​ប្រភេទ​ចារកម្ម​នៅ​ដើមឆ្នាំ ១៩៧៤ និង​បាន​ក្លាយជា​ភ្នាក់ងារ​ចារកម្ម​មាន​សមត្ថភាព​ខ្ពស់​ជាងគេ​របស់ CIA​។ ក្អែក​នេះ​ត្រូវគេ​និយាយថា​អាចជួយ​ខ្លួន​វា​បាន​យ៉ាង​ប្រសើរ​ក្នុងស្ថានភាព​លំបាកៗ អាច​ផ្ទុក​ទម្ងន់​ធ្ងន់ៗ​បាន និង អាច​គេច​ផុតពី​អ្នក​វាយប្រហារ​បាន​យ៉ាង​លឿន​។ ប៉ុន្តែ​នៅពេល​ធ្វើតេស្ត​ពិបាក​ជាង​នេះ​នៅ​សាលា ក្អែក​នេះ​ធ្វើ​មិន​បានល្អ ដោយ​ចាញ់​ពពួក​ក្អែក​ផ្សេងទៀត​ដែល​ស្ថិតក្នុង​អម្បូរ​ក្អែក​មាឌធំ​។​

​សត្វ​ក្អែក​គឺជា​តួអង្គ​សំខាន់​នៅក្នុង​កម្មវិធី​រយៈពេល​មួយ​ទសវត្សរ៍​របស់ CIA ដើម្បី​បណ្តុះបណ្តាល​សត្វ​ផ្សេងៗ​ឱ្យធ្វើជា​ភ្នាក់ងារ​ចារកម្ម ដើម្បី​ជួយ​វ៉ាស៊ីនតោន​ប្រយុទ្ធ​នឹង​សង្គ្រាមត្រជាក់​ទល់នឹង​សហភាពសូវៀត​។​

CIA បាន​សិក្សា​លើ​សត្វ​ឆ្មា ក៏ដូចជា​ឧបករណ៍​ស្រូប​សំឡេង “​យានយន្ត​ចាប់​សំឡេង​” និង ដាក់​ឧបករណ៍​អគ្គិសនី​នៅក្នុង​ខួរក្បាល​របស់​ឆ្កែ​ដើម្បី​មើលថា​តើ​វា​អាច​បញ្ជា​ពី​ចម្ងាយ​បាន​ឬ​អត់ ហើយ​សូម្បី​សត្វ​ផ្សោត​ក៏​ត្រូវបាន​បង្ហាត់​ឱ្យ​ចេះ​ធ្វើ​ចារកម្ម​ដែរ អំឡុង​ការ​ប្រជែង​អំណាច​រវាង​អាម៉េរិក​និង​សូ​វៀត​នៅ​ពាក់កណ្តាល​ទសវត្សរ៍ ១៩៦០​។​

​កម្មវិធី​បង្វឹក​សត្វ​ទាំងនោះ​ត្រូវបាន​បោះបង់ចោល ដោយ​សល់​តែ​ផ្សោត​និង​ត្រី​ដូ​ល​ហ្វី​ន​ប៉ុណ្ណោះ​សម្រាប់​កងទ័ព​អាម៉េរិក​បង្វឹក​រហូតមក​ទល់​សព្វថ្ងៃ​។

​សត្វ​ដទៃទៀត ដែល​ប្រមុខ​ចារកម្ម​អាម៉េរិក​ក្នុងសម័យ​សង្គ្រាមត្រជាក់​ចាប់​យកមក​បង្ហាត់​ដែរនោះ គឺ ព្រាប ស្ទាំង ទីទុយ និង​បក្សី​ព្រៃ​ជាច្រើន​ប្រភេទ​ទៀត​៕ ដោយ៖ កញ្ញាដាលីស

សត្វ​ក្អែក​គឺជា​តួអង្គ​សំខាន់​នៅក្នុង​កម្មវិធី​រយៈពេល​មួយ​ទសវត្សរ៍​របស់ CIA ដើម្បី​បណ្តុះបណ្តាល​សត្វ​ផ្សេងៗ​ឱ្យធ្វើជា​ភ្នាក់ងារ​ចារកម្ម ដើម្បី​ជួយ​វ៉ាស៊ីនតោន​ប្រយុទ្ធ​នឹង​សង្គ្រាមត្រជាក់​ទល់នឹង​សហភាពសូវៀត