ឯកអគ្គរដ្ឋទូត​ចិន​ព្រមាន​កាណាដា​កុំអោយ​បន្ត​កៀរគរ​សម្ពន្ធមិត្ត​ប្រឆាំង​ចិន​

436
ចែករម្លែក

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កាណាដា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​មករា បាន​ព្រមាន​រដ្ឋាភិបាល​កាណាដា​អោយ​ឈប់​កៀរគរ​ការគាំទ្រ​អន្តរជាតិ​នៅក្នុង​ជម្លោះ​របស់ខ្លួន​ជាមួយ​​ចិន និង​បាន​គំរាម​សងសឹក​ប្រសិនបើ​កាណាដា​ហាមប្រាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហួរ​វេ ដោយសារតែ​ហេតុផល​សន្តិសុខ​។​

​ឯកអគ្គរដ្ឋទូត លូ សា​យេ បាន​និយាយថា​ការចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហួរ​វេ​ម្នាក់​កាលពី​ខែ​មុន ជា​អំពើ​«​ចាក់​ពីក្រោយ​ខ្នង​»​ពី​សំណាក់​មិត្ត​ម្នាក់​និង​​បាន​ព្រមាន​អំពី​ផលវិបាក បើ​កាណាដា​ហាម​ក្រុមហ៊ុន​យក្ស​នេះ​មិនអោយ​ដំណើរការ​បណ្តាញ​5G​ថ្មី​របស់ខ្លួន​។​

​លោក​បាន​និយាយថា វា​មិនជា​គំនិតល្អ​ទេ​ដែល​ដែល​រដ្ឋមន្ត្រីការបរទេស​កាណាដា លោកស្រី គ្រី​ស​ធៀ ហ្វ្រី​លែ​ន​ប្រើ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​សប្តាហ៍​​ក្រោយ ក្នុងប្រទេស​ស្វី​ស ដើម្បី​កៀរគរ​រក​ការគាំទ្រ​ប្រឆាំង​ចិន​។​

​ហ្វ្រី​លែ​ន បាន​និយាយថា ការចាប់​ឃុំខ្លួន​ជនជាតិ​កាណាដា​២​នាក់ នឹង​ជា​របៀបវារៈ​កំពូល​រប​ស់លោក​ស្រី​នៅ​ក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស និង​លោកស្រី​មិន​រាថយ​ទេ បន្ទាប់​​ពី​ឮ​សម្តី​ព្រមាន​របស់​ឯកអគ្គរដ្ឋទូត​ចិន​។​

​តែ​លោក​លូ បាន​និយាយថា​«​យើង​សង្ឃឹមថា កាណាដា​គិតពី​រដង​មុន​ចាត់វិធានការ​ណាមួយ​។​ចិន​នឹងមិន​ឯកោ​ឡើយ​នៅក្នុង​សហគមន៍​អន្តរជាតិ​ហើយ​វា​នឹងមិន​ធ្វើអោយ​​ផ្អៀង​ជំហរ​របស់​យើង​ទេ ដោយសារតែ​ការជំទាស់​ពី​ប្រទេសមួយ​»​។​

​សូមបញ្ជាក់ថា ចិន​បាន​ចាប់ឃុំខ្លួន​ជនជាតិ​កាណាដា​២​នាក់​ក្រោយ​កាណាដា​ចាប់ខ្លួន​មន្ត្រី​ក្រុមហ៊ុន​ហួ​រវេ​តាម​សំណើ​របស់​អាមេរិក​។​កាណាដា ក៏បាន​ចាប់ផ្តើម​យុទ្ធនាការ​​មួយ​ជាមួយ​សម្ពន្ធមិត្ត​ដើម្បី​ការដោះលែង​អតីត​អ្នកការទូត ម៉ៃ​ឃើ​ល កូ​វរិ​ក និង​សហគ្រិន ម៉ៃ​ឃើ​ល ស្ប៉ា​វ័រ ។​ពួកគេ​ត្រូវបាន​ចិន​ចាប់ខ្លួន​ចំពោះ​ការចោទប្រកាន់ថា​ធ្វើ​​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​សន្តិសុខ​ជាតិចិន​។​

​ចិន​ក៏បាន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កាណាដា​ម្នាក់ទៀត កាលពី​ថ្ងៃ​ចន្ទ ក្នុងការ​កាត់ក្តី​ឡើងវិញ​ករណី​ជួញដូរ​ថ្នាំញៀន​។​

​ឯកអគ្គរដ្ឋទូត​ចិន លូ សា​យេ ជួប​អ្នកសារព័ត៌មាន​នៅ​ស្ថានទូត​ក្នុង​ក្រុង​អូ​តា​វ៉ា កាលពី​ថ្ងៃ​១៧ មករា​

​ច​ន ម៉ាក​ខាល​លូ​ម ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​ចិន បាន​និយាយថា កាណាដា​បាន​ខិតខំ​ខ្លាំងណាស់​ដើម្បី​កៀរគរ​សម្ពន្ធមិត្ត​អោយ​គាំទ្រ​ជំហរ​របស់​កាណាដា តែ​លោក​​បាន​បន្ថែមថា​«​ខ្ញុំ​គិតថា​វា​ទើបតែ​ចាប់ផ្តើម​»​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្ត្រី​កាណាដា លោក​ចា​ស្ទី​ន ទ្រុយ​ដូ​បាន​និយាយ​ទៅកាន់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​អំពី​ជម្លោះ​នេះ​និង​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បានចេញ​​សេចក្តីថ្លែងការណ៍​មួយ​ដោយ​សម្តែង​ការព្រួយបារម្ភ​អំពី​ការកាត់ទោស​ប្រហារជីវិត​លោក​សេ​ឡេ​ន​ប៊ឺ​ក និង​ការចាប់ខ្លួន​ជនជាតិ​កាណាដា​២​នាក់​ទៀត​៕​ដោយ​៖​វាសនា​