ឯកអគ្គរដ្ឋទូត​បារាំ​ង អញ្ជើញ​សិក្សា​ស្វែងយល់​អំពី​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​និរោធ​ន៍

1099
ចែករម្លែក
  • 26
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៨​បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​និរោធ ដែលមាន​ទីតាំងនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​

លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ កម្ពុជា បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​និរោធ ដែលមាន​ទីតាំងនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ន ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែ សីហា ឆ្នាំ​២០១៨(​រូប សុផល​)

លោក​ស៊ឹម​ស៊ីថា​អគ្គនាយក​រដ្ឋាករទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ​មានប្រសាសន៍​ឱ្យដឹងថា​ទស្សនកិច្ច​រោងចក្រ ទឹក​ស្អាត​និរោធ​ន៍​របស់​លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង មាន​គោលបំណង​សិក្សា​ស្វែងយល់​ឱ្យ​បានដឹង​ច្បាស់​ពី​សមិទ្ធិផល​ដែល​បានកកើតឡើង​តាមរយៈ​ជំនួយ​ជា​ឥណទាន​និង​ប្រាក់កម្ចី​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​(AFD)​សម្រាប់​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​និរោធ​ជំហាន​ទី​២​ក៏ដូចជា​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​និរោធ​ទី​១​។​

​ ​ទាក់ទង​នឹង​ប្រវត្តិ​នៃ​គម្រោង​ទឹកស្អាត​នេះ យោងតាម​ឯកសារ​របស់​រដ្ឋាករ​ទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ​បានឱ្យដឹង​ថា​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​និរោធ​ត្រូវ​បានកំណត់​នៅក្នុង​ផែនការមេ​ទី​២​របស់​រដ្ឋា​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​JICA​សម្រាប់​អនុវត្ត​ពី​ឆ្នាំ​២០០៥-២០២០​។​ផែនការ​មេនេះ​រួមមាន​ការសាង់សង់​រោង​ចក្រ​ប្រ ព្រឹ​ត្ត​កម្ម​ទឹកស្អាត​(Water Treatment Plant) ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​២០០​ពាន់​ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ​។​

​ការសាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​និរោធ​មាន​ពីរ​ជំហាន ដែល​ជំហាន​ទី​១​មាន​សមត្ថភាព​ផលិត​ចំនួន​១៣០​ពាន់​ម៉ែត្រគូប​/​ថ្ងៃ​បានបញ្ចប់​ការងារ​សាងសង់​កាលពី​ខែមករា​ឆ្នាំ​២០១៣​។​ការងារ​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​និរោធ​ជំហាន​ទី​២​ដែលមាន​សមត្ថភាព​ផលិត​ចំនួន​១៣០​ពាន់​ម៉ែត្រគូប​/​ថ្ងៃ​គឺ​បានបញ្ចប់​ជា​ស្ថាពរ​ហើយ​បានដាក់​សម្ពោធ​កាលពី​ខែមេសា​ឆ្នាំ​២០១៧​។​

​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​និរោធ​ជំហាន​ទី​២ គឺជា​គំរោង​ហិរញ្ញប្បទាន​ទីភ្នាក់ងារ​បារាំ​ង​សំរាប់​ការអភិវឌ្ឍន៍​(AFD)​ដោយមាន​ថវិកាបដិភាគ​របស់រ​ដ្ឋា​ករ​ទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ​(​រ​,​ទ​,​ស​,​ភ​)​ចូលរួម​។​ទឹកប្រាក់​សរុប​មាន​៦០.៩០​លាន​ដុល្លា រ​ដោយ​ភាគី​AFD​មាន​៣៦​លាន​ដុល្លារ​អាមេរិក​និង​រដ្ឋាករទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ ២៤.៩០​លាន​ដុល្លារ​​។​

សូមបញ្ជាក់ថា​កាលពី​ខែសីហា ឆ្នាំ​២០១៤​កន្លងទៅនេះ​ការងារ​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​និរោធ​ជំហាន​ទី​២ ដែលមាន​សមត្ថភាព​ផលិត​១៣០.០០០​ម៉ែត្រគូប​គឺ​អនុវត្ត​ដោយ​ក្រុមហ៊ុន​Vinci Construction Grands Projets ប្រទេស​បារាំង​ជា​អ្នកម៉ៅការ​សាងសង់ និង​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់ រ​,​ទ​,​ស​,​ភ ក្រោម​ការជួយ​ផ្តល់យោបល់​ពី​ទីប្រឹក្សាបច្ចេកទេស​SAFEGE​ប្រទេស​បារាំង​។


​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​និរោធ​ជំហាន​ទី​២ បានបញ្ចប់​ការងារ​សាងសង់​១០០% នៅ​ខែតុលា​ឆ្នាំ​២០១៦ ៤​ខែ​មុន​តារាង​កាលវិភាគ​ការងារ​និង​បានដាក់​ឲ្យ​ដំណើការ​សាកល្បង​សមត្ថភាព​ប្រព្រឹត្តិ​កម្មនា ខែតុលា ឆ្នាំ​២០១៦ រហូតដល់​ខែ​មិនា​ឆ្នាំ​២០១៧​។​ការបញ្ចប់ ការងារ​សាងសង់​មុន​កាល​ល​បរិច្ឆេទ​នេះ បានធ្វើ​ឲ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចំណេញ​ថវិកា​ចំនួន​៤​លាន​ដុល្លារ​អាម៉េរិក​។​

​អគ្គនាយក​រដ្ឋាករទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា មា​នៀត​ថា​ជា​រៀងរាល់ថ្ងៃ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​និរោធ​ជំហាន​ទី​១​និង​ទី​២​នេះ​ផលិត​បាន​ទឹក​ចំនួន​២៦០​ពាន់​ម៉ែត្រគូប​/​ថ្ងៃ​(​ពោលគឺ​៤៦%​នៃ សមត្ថភាព​ផលិតកម្ម​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​)​និង​បាន​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៨​លាន​នាក់​និង​បណ្តា​គ្រឹះស្ថាន​អាជិ​វ​កម្ម​ផ្សេងៗ​។ ក្រោយ​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​និរោធ​ជំហាន​ទី​២ សមត្ថភាព​ផលិត​សរុប​របស់ រ​,​ទ​,​ស​,​ភ មាន​៥៦០​ពាន់​ម៉ែត្រគូប​/​ថ្ងៃ ផ្គត់ផ្គង់​ចេញពី​រោងចក្រ​ចំនួន​៤​អតិថិជន​សរុប​មាន​ចំនួន​៣០៩,០០០​អតិថិជន និង​ប្រវែង​បំពង់​ចែកចាយ​សរុប​មាន​ប្រវែង​២,៦៤៨​គីឡូម៉ែត្រ​។​
​យោងតាម​ការសិក្សា​ផែនការមេ​លើក​ទី​៣ ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០៣០​ការដាក់​ដំណើរការ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​និរោធ​ជំហាន​ទី​២ អាច​ផ្តល់​លទ្ធភាព​ដល់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​រហូតដល់​ឆ្នាំ​២០១៨៕​សរន​

លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ កម្ពុជា បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​និរោធ ដែលមាន​ទីតាំងនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ន ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែ សីហា ឆ្នាំ​២០១៨(​រូប សុផល​)