ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ជម្រាបលា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម

472
ចែករម្លែក
  • 12
    Shares

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​-​នាឱកាស​ដែល​លោក​GeorgeEdgar​ឯកអគ្គរដ្ឋទូត​បាន​ជួប​លោក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែមីនា​នៅ​ទីស្តីការក្រសួង​។​លោក​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក​រដ្ឋមន្ត្រី និង​សហការី​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​ដើម្បី​រួមគ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​នាពេល​កន្លងមក​។​

​ជាមួយ​នោះ​ពេញចិត្ត​ចំពោះ​ពេលវេលា​ដ៏​មានតម្លៃ​ដែល​លោក​ឯកអគ្គរដ្ឋទូត​បា​ន​រួម​ដំណើរ​ជាមួយ​លោក​រដ្ឋមន្ត្រី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក៏ដូចជា​ចុះទៅ​មូលដ្ឋាន​ដើម្បី​ពិនិត្យ​តាមដាន​និង​វាយតម្លៃ​លើ​ការ​អនុវត្ដ​និង​លទ្ធផល​គម្រោង​នានា​ដែល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​សហគមន៍​អឺរ៉ុប​។​

ទន្ទឹមនឹងនេះ​លោក​ឯកអគ្គរដ្ឋទូត​ក៏​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​របស់​ស​ហគ​មន៍​អឺរ៉ុប​ផងដែរ​ក្នុង​ការដក​ការអនុគ្រោះ​ពន្ធ​លើ​អង្ករ​កម្ពុជា​ដែល​ការសម្រេចចិត្ត​នេះ​គឺ​ដើម្បី​ជួយ​ដល់​កសិករ​នៅ​អឺរ៉ុប​បង្កើន​លទ្ធភាព​ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​អឺរ៉ុប​។

​ក្នុងនាម​ឱ្យ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សហគមន៍​អឺរ៉ុប​ដែល​បាន​នឹង​បន្ត​ជួយ​គាំទ្រ​យ៉ាង​ល្អប្រសើរ​ដល់​ដំណើរការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ ។​

ជាពិសេស​លើ​អនុវិស័យ​ជលផល អនុវិស័យ​ព្រៃឈើ និង​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ដែល​សហគមន៍​អឺរ៉ុប​បានផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ពេញលេញ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុងការ​អភិវឌ្ឍ​អនុវិស័យ​ទាំងនេះ​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​និរន្តរភាព​។

លោក​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់ថា​សហគមន៍​អឺរ៉ុប​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ ២០៣០​។

កន្លងមក​ក្នុង​អាណ្ណត្តិ​បេសកកម្ម​សហគមន៍​អឺរ៉ុប​បាន​ឯកភាព​ក្នុងការ​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ដែលមាន​ទឹកប្រាក់​សរុប​៨៧​លាន​អឺរ៉ូ​ដល់​ភាគី​កម្ពុជា​សម្រាប់​អភិវឌ្ឍ​អនុវិស័យ​ជលផល​ដែល​គម្រោង​នេះ​មាន​ឈ្មោះថា CAPFISH CAPTURE​ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ជា​ផ្លូវការ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

ទន្ទឹមនឹងនេះ តាមរយៈ​ភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ AFD​ក៏បាន​ជួយ​គាំទ្រ​ដល់​អនុ​វិស័យនេះ​ផងដែរ ដែលមាន​ទឹកប្រាក់ ២៥​លាន​អឺរ៉ូ សំដៅ​ដល់​ការអភិវឌ្ឍ និង​ជំរុញ​វារីវប្បកម្ម​ទាំង​ទឹកសាប និង​សមុទ្រ​។

​ពិធី​សំណេះសំណាល​បាន​ផ្តោតជាសំខាន់​លើ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ថែម​មួយកម្រិត​ទៀត​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហគមន៍​អឺរ៉ុប​លើ​ការអភិវឌ្ឍ និង​អភិរក្ស​អនុវិស័យ​ជលផល និង​អនុវិស័យ​ព្រៃឈើ​។

ចំពោះ​អនុវិស័យ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ភាគី​ទាំង​ពីរបាន​ឯកភាព​ក្នុងការ​រៀបចំ​គម្រោង​ស្នើសុំ​ការគាំទ្រ​ទៅ​សហគមន៍​អឺរ៉ុប ដែល​គោលដៅ​ចំបង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​លើកកម្ពស់​និង​ជម្រុញ​ការ​បង្កាត់​ពូជ​សប្ប​និម្មិត​ពូជ​គោ​ដែល​កំពុងមាន​សក្តានុពល​លើ​ទីផ្សារ ហើយក៏​ជា​ប្រភព​ចំណូល​ដ៏​ខ្ពស់​សម្រាប់​ប្រជាកសិករ​នៅ​មូលដ្ឋាន​៕S/​