ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា អ​ញ្ចើ​ញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប

254
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​ទៅកាន់​ខេត្ត សៀមរាប ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក W.Patrick Murply បាន​អញ្ជើញ​ទៅ​ទស្សក​កិច្ច​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​របស់ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​នេះ ។​

​លោក ប៉ែន ផល្គុន ប្រធាន​មន្ទីរពេទ្យបង្អែក បាន​និយាយថា ដំណើរ​ទស្សនកិច្ច​ទៅកាន់​មជ្ឈមណ្ឌល​ផ្តល់​ឈាម នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​នាពេលនេះ គឺជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ផ្សេងៗ​ទៀត ដែល​លោក​អគ្គរដ្ឋទូត​អាមេរិក ត្រូវបាន​បំពេញ​ទស្សនកិច្ច និង​បំពេញ ការងារ ព្រោះថា​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នេះ ជា​ជំនួយ​គាំទ្រ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មានលទ្ធភាព​ប្រមូល​ឈាម​កើនឡើង​៣​ដង បើ​ធៀប​ទៅ​និង​លទ្ធផល​ប្រមូល​ឈាម​មុន​មាន​វត្តមាន​មជ្ឈមណ្ឌល​នេះ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ស្តុក​ឈាម​បច្ចុប្បន្ន​មាន​ភាពរឹងមាំ មិនមាន​បញ្ហា​ដាច់​ស្តុក​នោះទេ បើទោះជា​មាន​ចំនួន​អ្នក​ជម្ងឺ ដែលមាន​តម្រូវការ​ឈាម​កើនឡើង​ក៏ដោយ ។​

​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ផ្តល់​ឈាម​នេះ គឺជា​ជំនួយ​របស់​រដ្ឋាភិបាល​អាមេរិក បាន​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០១៦ ហើយ​លទ្ធផល​ដែល​សម្រេចបាន ក្រោយ​មាន​វត្តមាន​អាគារ និង​សម្ភារៈ​ឧបករណ៍​ទំនើបៗ មាន​លក្ខណៈ​ស្តង់ដារ​ងាយស្រួល​ប្រើប្រាស់ មានការ​កើនឡើង​យ៉ាងខ្លាំង​ទាំង​កំ​រឹត​សមត្ថភាព គុណភាព​មន្ទីរពិសោធន៍ និង​បរិមាណ​ឈាម​ដែល​ប្រមូលបាន ខណៈដែល​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នេះ ទើបបាន​បញ្ចប់​ថ្មីៗ​ក្នុង​ខែ​កន្លងទៅ នូវ​ការវាយតម្លៃ​គុណភាព​ដើម្បី​ទទួលបាន Accreditation level 1 ដែល​គាំទ្រ​ដោយ CDC អាមេរិកាំង​។

​សូមបញ្ជាក់ថា សកម្មភាព​ការងារ​របស់​មជ្ឈមណ្ឌល​មានការ​កើនឡើង​រហូត​ដល់​ទៅ​៣​ដង បើ​ធៀប​នឹង​បរិមាណ​ឈាម​ដែល​ប្រមូលបាន​មុន​មាន​ដំណើរការ​មជ្ឈមណ្ឌល​នេះ ដោយ​ឆ្នាំ​២០១៥ មុន​ដំណើរការ​មជ្ឈមណ្ឌល ប្រមូល​ឈាម​បានត្រឹមតែ ១.៣៩៨​ប្លោក ហើយ​ឆ្នាំ​២០១៨ ប្រមូលបាន ៣.១៤៦​ប្លោក និង ៩​ខែ​ដើមឆ្នាំ​២០១៩ ប្រមូលបាន ៣.៣១២​ប្លោក ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ស្តុក​ឈាម​បច្ចុប្បន្ន​មាន​ភាពរឹងមាំ មិនមាន​បញ្ហា​ដាច់​ស្តុក​នោះទេ បើទោះជា​មាន​ចំនួន​អ្នក​ជម្ងឺ ដែលមាន​តម្រូវការ​ឈាម​កើនឡើង​ក៏ដោយ​។​

​នៅក្នុង​កម្មវិធី​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នេះដែរ លោក W.Patrick Murply បាន​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ផងដែរ ហើយ​លោក មានប្រសាសន៍ថា នេះ​គឺជា​ការចូលរួម ថ្ងៃនេះ​ដែរ​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក មានការ​បរិច្ចាគ​ឈាម​ដោយ​បុគ្គលិក​ស្ថានទូត​អាមេរិក​ទាំងអស់គ្នា ដូច្នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អាមេរិក គឺមាន​បំណង​គិត​រួចហើយ​ថា​ត្រូវ​បរិច្ចាគ​ឈាម ដើម្បី​លើកទឹកចិត្ត និង​អំពាវនាវ​ដល់​សាធារណជន​គ្រប់គ្នា​ចូលរួម​ជួយផ្តល់​ឈាម និង​បន្ត​ផ្តល់​ឈាម ដែលជា​ចលនា​មនុស្សធម៌ ក្នុងការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស ហើយ​ការផ្តល់​ឈាម វា​ងាយស្រួល​បំផុត មិន​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​សុខភាព​នៃ​អ្នក​បរិច្ចាគ​នោះទេ​៕