ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​ទីក្រុង​បាងកក និង​ទីក្រុង​ភ្នំពេញ លើកឡើង​ពី​កិច្ចសហការ​លើ​កម្មវិធី​អប់រំ​ប្រវត្តិសាស្ត្រ ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

1192

ដោយ ៖ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​ក្រោយ​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​អនុញ្ញាត​ឲ្យ​ជនជាតិ​ជ្វី​ព បង្កើត​ប្រទេស​អ៊ីស្រាអែល​ក្នុង​ឆ្នាំ​១៩៤៨​។ ប្រទេស​អ៊ីស្រាអែល បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភពលោក ក្នុងនោះ​រួមមាន​ប្រទេស​កម្ពុជា​ផងដែរ​។ ទំនាក់ទំនង​ប្រទេស​កម្ពុជា​រវាង​ប្រទេស​អ៊ីស្រាអែល​បានចាប់ផ្ដើម​ឡើង​នៅក្នុង​ឆ្នាំ​១៩៦០​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ទំនាក់ទំនង​ប្រទេស​កម្ពុជា និង​អ៊ីស្រាអែល​បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ទៅវិញ​នៅ​ឆ្នាំ​១៩៧៥ នៅពេលដែល​របប​ខ្មែរក្រហម​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ដោយ​ធ្វើការ​ដណ្ដើមបាន​ជ័យជម្នះ​លើ​របប​សាធារណរដ្ឋ​ខ្មែរ​។ របប​ខ្មែរក្រហម​បាន​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩ ប៉ុន្តែ​សង្គ្រាមស៊ីវិល​បាន​បន្ត​រហូតដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។

​ពីរ​ឆ្នាំ​ក្រោយមក អង្គការសហប្រជាជាតិ​បានរៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ជា​សកល​មួយ​ក្នុង​គោលបំណង​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា​។ ប្រទេស​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង និង​រឹតចំណង​មិត្តភាព​ការទូត​ឡើងវិញ ជាពិសេស​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​អ៊ីស្រាអែល ដោយបាន​ចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​ជាថ្មី​ម្ដងទៀត​បន្ទាប់ពី​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣​។ អស់​រយៈពេល​២៥​ឆ្នាំកន្លងមក ហើយ​ដែល​កម្ពុជា​បានធ្វើ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​យ៉ាង​ល្អប្រសើរ​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ទៅលើ​វិស័យ​អប់រំ ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​តាមរយៈ​ការផ្ដល់​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាល​អ៊ីស្រាអែល ផ្ដល់​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល ជាពិសេស ទៅលើ​វិស័យ​កសិកម្ម បរិស្ថាន និង​សុខាភិបាល​។

​ក្រៅពី​វិស័យ​ទាំងនេះ ប្រទេស​ទាំងពីរ​ក៏បាន​យកចិត្តទុកដាក់​ទៅលើ​ផ្នែក​ប្រវត្តិសាស្ត្រ​ជូរចត់​នៃ​ការសម្លាប់ រង្គាល​ទៅលើ​ជនជាតិ​ជ្វី​ព​កាលពី​អំឡុង​សង្គ្រាមលោកលើកទី​២ ដោយ​របប​ណា​ហ្ស៊ី និង​ការសម្លាប់​ប្រជាជន​ស្លូតត្រង់​ដោយ​ក្រុមខ្មែរក្រហម​។ ដូច្នេះហើយ ទើប​នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក មៀ ស្លូ​ម៉ូ (Meir Shlomo) ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​ប្រទេស​ថៃ និង​កម្ពុជា រួម​ដំណើរ​ដោយ​លោកស្រី អ៊ិត​ធី មី​ស​រ៉ា​ជិ (Etty Mizrachi) អគ្គ​កុងស៊ុល​អ៊ីស្រាអែល​ប្រចាំ​ប្រទេស​ថៃ និង ប្រទេស​កម្ពុជា​បានមក​ធ្វើ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែលជា​កន្លែង​ប្រមែប្រមូល ចងក្រង បោះពុម្ព និង​ផ្សព្វផ្សាយ​ធំជាងគេ​ពីរ​បប​ខ្មែរក្រហម​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ឯកអគ្គរដ្ឋទូត និង​លោកស្រី​អគ្គ​កុងស៊ុល​អ៊ីស្រាអែល ក៏បាន​ទស្សនកិច្ច​វិចិត្រសាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត ដែលជា​វិទ្យាស្ថាន​អចិន្ត្រៃយ៍​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ វិចិត្រសាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត មាន​តួនាទី​អប់រំ បណ្ដុះ​បណ្ដា​យ និង​លើកកម្ពស់​ប្រវត្តិសាស្ត្រ និង​កេរដំណែល​បន្សល់ទុក​ពី​របប​ខ្មែរក្រហម ព្រមទាំង​ជា​កន្លែង​ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ តាមរយៈ​ការតាំងពិព័រណ៍​រូបថត ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ និង​ការធ្វើ​បទ​បង្ហាញ​ពី​ស្នាដៃ​ស្រាវជ្រាវ​របស់​វាគ្មិន​នានា ទៅដល់​សាធារណជន​។

​ក្នុងឱកាស​នោះ​លោក មៀ ស្លូ​ម៉ូ ឯកអគ្គរដ្ឋទូត និង​លោកស្រី អ៊ិត​ធី មី​ស​រ៉ា​ជិ អគ្គ​កុងស៊ុល​អ៊ីស្រាអែល ក៏បាន​ទស្សនាការ តាំងពិព័រណ៍​រូបថត ស្តីអំពី​សំណល់​សង្គ្រាម​នៅ​កម្ពុជា រួមមាន រូបថត​ជនពិការ សំណង់​អគារ​បាក់បែក​ដែល​ទទួលរង​ការបំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម ជាមួយនឹង​ព័ត៌មាន​ខ្លី​ដែល​បាន​រៀបរាប់​ពី​រូបថត​ទាំងនេះ​។ បន្ទាប់មក លោក មៀ ស្លូ​ម៉ូ និង​លោកស្រី អ៊ិត​ធី មី​ស​រ៉ា​ជិ ក៏បាន​ទស្សនាការ​តាំងពិព័រណ៍​រូបគំនូរ​កោដ្ឋ​ដែលមាន​ចំណងជើង​ថា «​មិនទាន់​ផុតរលត់​» ដែល​រំឭក​ដល់​ការចងចាំ និង​ទស្សនា​ការតាំង​បង្ហាញ​ពី​ប្លង់គោល​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង និង​ផែនការ​អភិវឌ្ឍ​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង ឲ្យ​ក្លាយជា​តំបន់​ដែលមាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការផ្សះផ្សា និង​សន្តិភាព​។
​តម​ក គណប្រតិភូ​អ៊ីស្រាអែល​បាន​ទៅ​ទស្សនា​កោដ្ឋ​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​រកឃើញ​នៅ​ខាងក្រោម​បល្ល័ង្ក​ព្រះ​ពុទ្ធរូប ក្នុង​ព្រះវិហារ​នៃ​វត្ត​លង្កា​។ កោដ្ឋ​ទាំងនេះ​បាន​បន្សល់ទុក​មុនពេល​ដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​និង​នៅក្រោយ​ពេលដែល​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​។ ក្រោយមក កោដ្ឋ​ទាំងនេះ​ត្រូវបាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ប្រមែប្រមូល​ដើម្បី​រក្សាទុក​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​សាធារណជន​ទូទៅ​ឲ្យ​បានដឹង និង​អ្នក​ដែល​កំពុង​ស្វែងរក​សាច់ញាតិ បងប្អូន​របស់ខ្លួន​។ កោដ្ឋ​ទាំងនេះ​មាន​ចំនួន​សរុប​៤៦៤ ត្រូវបាន​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រៀបរៀង​ជា​បញ្ជី​ឈ្មោះ និង​ចុះ​លេខ​កូដ​សម្គាល់​ដើម្បី​ងាយ​ស្រួយ​ក្នុងការ​ស្វែងរក​អត្តសញ្ញាណ​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​កោដ្ឋ​នៅ​វត្ត​លង្កា គណប្រតិភូ​អ៊ីស្រាអែល​ក៏បាន​ស្វែងយល់​អំពី​ប្រពៃណី វប្បធម៌​ខ្មែរ​ក្នុងការ​បូជាសព​តាម​ព្រះពុទ្ធសាសនា​ពី​ព្រះសង្ឃ​ដែរ​។

​បន្ទាប់មក គណប្រតិភូ​អ៊ីស្រាអែល បាន​ជួប​ជាមួយ​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ លោក ឆាំង យុ បាន​ស្វាគមន៍​ចំពោះ​គណប្រតិភូ​អ៊ីស្រាអែល ដែលមាន​បំណង​សហការ​លើ​កម្មវិធី​អប់រំ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ រួមមាន ៖ អំពើ​ប្រល័យពូជសាសន៍ ហូ​ឡូ​ខូ​ស​ត៍ ដែល​ធ្វើ​ឲ្យ​ជនជាតិ​ជ្វី​ព​បាត់​បង់ជីវិត​ប្រមាណ​៦​លាន​នាក់​ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២ (១៩៣៩-១៩៤៥) និង​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-៩១៧៩) ដែល​បានធ្វើ​ឲ្យ​ប្រជាជន​ស្លូតត្រង់​បាត់បង់​ជីវិត​ប្រមាណ​ជា​៣​លាន​នាក់​។ អំពើ​សាហាវ​យង់​ឃ្នង់​ដែល​បានកើត​ឡើង​ធ្វើ​ឲ្យ​មនុស្សជាតិ​បាត់បង់​អាយុជីវិត​ព្រមទាំង បាន​ជំរុញ​ឲ្យ​មានការ​ចង់ចាំ និង ការផ្សះផ្សា វា​ក៏​ជា​មេរៀន​ដែល​ប្រទេស​ទាំងពីរ​គួរតែ​រៀន​អំពី​គ្នា​ទៅវិញទៅមក​ដើម្បី​ថែរក្សា​សន្ដិភាព​ក្នុង​ពិភពលោក​៕ ល​