ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ប្រចាំ​កម្ពុជា​ចូលជួប​អភិបាលខេត្ត​ស្ទឹងត្រែង ផ្តោតលើ​ការវិនិយោគ និង​ទំនាក់ទំនង​ល្អ​នៃ​ប្រទេស​ទាំងពីរ​

153
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី លោក ស៊ូ​ឌីរ​ម៉ាន់ ហា​សែង (Sudirman Haseng) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី បាន​ចូលជួប​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក ស៊ូ​ឌីរ​ម៉ាន់ ហា​សែង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី គឺមាន​តាំងពី​យូរលុង​មកហើយ ដែល​កម្ពុជា​និង​ឥណ្ឌូនេស៊ី មាន​ទំនាក់ទំនង​ល្អ ទាំង​វប្បធម៌ និង​ទេសចរណ៍​។ ការ​ចូលជួប​សម្តែង​ការគួ​សមរ​វាង​គណៈប្រតិភូ​ឯកអគ្គ​រដ្ឋ​ឥណ្ឌូនេស៊ី និង​ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង នាពេលនេះ គឺជា​ការបង្ហាញ​ឱ្យ​កាន់តែច្បាស់​ពី​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ថែមទៀត រវាង​ឥណ្ឌូនេស៊ី​និង​កម្ពុជា ក៏ដូចជា​ទំនាក់ទំនង​រវាង​ឥណ្ឌូនេស៊ី​ជាមួយ​បណ្តា​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​ឯកអគ្គរដ្ឋទូត​បាន​និយាយ​បន្តទៀតថា ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​មាន​តាមរយៈ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌​។ ដើម្បី​ឲ្យ​ទំនាក់ទំនង​កម្ពុជា​និង​ឥណ្ឌូនេស៊ី​កាន់​មាន​រីកចំរើន លោក ស៊ូ​ឌីរ​ម៉ាន់ ហា​សែង បាន​សុំ​សូមពរ​ឱ្យមាន​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​ឥណ្ឌូនេស៊ី​និង​ប្រជាជន​កម្ពុជា ក៏ដូចជា​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​តាម​បណ្តា​ខេត្ត​នានា​របស់​ឥណ្ឌូនេស៊ី ជាមួយ​ខេត្តស្ទឹងត្រែង ទាំង​វិស័យ​ទេសចរណ៍ វប្ប​ធ​ម៍ និង​ការវិនិយោគ​។​

​លោក​អគ្គរដ្ឋទូត​បាន​ឲ្យ​ដឹងថា ដើម្បី​អបអរសាទ​ទំនាក់ទំនង​សហប្រតិបត្តិ​ការល្អ​រវាង​ប្រទេស​ឥណ្ឌូនេស៊ី​និង​កម្ពុជា និង​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក លើ​ការងារ​អភិវឌ្ឍន៍​និង​វិនិយោគ ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ទស្សនៈកិច្ច​សិក្សារ​ដោយ​អញ្ជើញ​ថ្នាក់ដឹកនាំ និង​ក្រុម​អ្នកវិនិយោគ​ពី​កម្ពុជា​ទៅ​ទស្សនៈកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​ជា​ឱកាសល្អ​សម្រាប់​ខេត្តស្ទឹងត្រែង​អាច​ចូលរួមបាន​។ សម្រាប់​ថ្លៃ​ស្នាក់នៅ អាហារ​ខាង​អគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​អ្នកចំណាយ លើកលែងតែ​ថ្លៃ​ចេញ​ធ្វើដំណើរ​ទៅ​ប៉ុណ្ណោះ​។​

​ជាការ​ឆ្លើយតប​លោក ម៉ុម សារឿន អភិបាលខេត្ត ស្ទឹងត្រែង​បាន​ស្វា​គម​ន៏ និង​សំដែង នៅ​ការ​សាទរ ចំពោះ​វត្ត មាន របស់លោក​ស៊ូ​ឌីរ​ម៉ាន់ ហា​សែង ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី មកកាន់​ខេត្តស្ទឹងត្រែង​។ អភិបាលខេត្ត​ស្ទឹងត្រែង​បាន​បន្ថែមថា​ជំនួប​រវាង ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ពិតជា​មាន​សា​រះ​សំខាន់​ណាស់ និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​ដែល​មិនអាច​បំភ្លេច​បានឡើយ ។

​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​មានប្រសាសន៍ថា សម្រាប់​ខេត្តស្ទឹងត្រែង​នេះ​ការផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏​ល្អ​មួយ​រវាង​ស្ទឹងត្រែង និង​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ខេត្តស្ទឹងត្រែង និង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ឥណ្ឌូនេស៊ី​ជា​បន្តទៀត បើទោះបី​ឥណ្ឌូនេស៊ី​មិនមែនជា​ប្រទេស​ដែលមាន​ខេត្ត​ជាប់ និង​ខេត្តស្ទឹងត្រែង​ក៏ដោយ​។​

​អភិបាលខេត្ត​ស្ទឹងត្រែង ក៏បាន​ស្នើរ​ទៅកាន់ ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ជួយ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ចូលមក​វិនិយោគ​ក្នុង​ខេត្តស្ទឹងត្រែង​លើ​ផ្នែក​កសិកម្ម ទេសចរណ៍ និង​ផ្នែក​ផ្សេងៗ​ទៀត ព្រោះ​ខេត្តស្ទឹងត្រែង​ជា​ខេត្ត​ដែលមាន​សក្តានុពល លើ​វិស័យ​កសិកម្ម​និង​ទេសចរណ៍​៕ ល​