ឯកអគ្គរាជទូតជប៉ុន៖ខ្ញុំនឹងខិតខំជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុនឲ្យកាន់តែកើនឡើង

209
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ លោក មិកាមិ  ម៉ាសាហ៊ីរ៉ូ (H.E. Mr. MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនទើបតែងតាំងថ្មីប្រចំាព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា « ដោយសង្កេតឃើញកំណើនសេដ្ឋកិច្ចកម្ពុជាខ្ពស់ អ្នកវិយោគទុនជប៉ុនជាច្រើនមានបំណងមកបណ្តាក់ទុកនៅកម្ពុជាហើយក្នុងបេសកកម្មកា​រទូតនៅកម្ពុជានេះ លោកនឹងខិតខំជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុនឲ្យកាន់តែកើនឡើងថែមទៀត »។

លោក មិកាមិ  ម៉ាសាហ៊ីរ៉ូ បានលើកឡើងដូច្នេះនៅក្នុងឱកាសចូលសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។

ជាមួយគ្នានោះ លោកក៏បានសម្តែងការកោតសរសើរខ្ពស់ចំពោះការខិតខំតស៊ូ របស់រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជា ដែលបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីសង្រ្គាមទទួលបាននូវវឌ្ឍនភាពយ៉ាងក្រៃលែងដូចសព្វថ្ងៃ។ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន មានមោទនភាពដែលបានចូលរួមចំណែកស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជាមួយប្រជាជនកម្ពុជា។

លោក មិកាមិ  ម៉ាសាហ៊ីរ៉ូ បានសន្យាថា នឹងខិតខំជំរុញទំនាក់ទំនាក់រដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំថែមទៀត ផងដែរ។ ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានលើកឡើងថា ជាមួយការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស កម្ពុជាអាចមានបញ្ហាខ្លះៗ ក្នុងវិស័យបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។ ជប៉ុននឹងត្រៀមជួយកម្ពុជាក្នុងបញ្ហានេះ ហើយថា បើកម្ពុជាចង់ឲ្យជប៉ុនជួយ សូមទាក់ទងស្ថានទូតជប៉ុននៅភ្នំពេញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ជោគជ័យទាំងឡាយដែលកម្ពុជា និងជប៉ុន សម្រេចបានមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងរបស់ ឯកអគ្គរាជទូតជប៉ុនគ្រប់រូប ដែលបានអនុវត្តន៍ការងារយ៉ាងសកម្ម និងហ្មត់ចត់ជាមួយកម្ពុជា។ សម្តេចមានក្តីសង្ឃឹមថា ឯកឧត្តម មិកាមិ  ម៉ាសាហ៊ីរ៉ូ នឹងបន្តបេសកកម្មដ៏ល្អនេះទៀត ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រទេសទំាងពីរ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមស្វែងរកសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីស្តារ និងកសាងប្រទេសឡើងវិញ និងនៅតែបន្តជួយកម្ពុជារហូតសព្វថ្ងៃ។ សម្តេចបានស្នើដល់ភាគីជប៉ុនជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាជនកម្ពុជាបន្ថែម ហើយថា រដ្ឋសភាត្រៀមខ្លួនជាសេ្រចក្នុងការធ្វើកិច្ចសហប្រតិបត្តិការគ្រប់យ៉ាងជាមួយ លោក មិកាមិ  ម៉ាសាហ៊ីរ៉ូ ដើម្បីអោយបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ទទួល​បានជោគជ័យ៕B/

លោក មិកាមិ  ម៉ាសាហ៊ីរ៉ូ បានលើកឡើងដូច្នេះនៅក្នុងឱកាសចូលសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ (រូបថត :សុផល)