ឯកឧត្ដម ឃួ​ង ស្រេង​៖ អ្នក​នៅ​ភ្នំពេញ អាច​លែង​ប្រើ​យានយន្ត​ផ្ទាល់ខ្លួន​ក្នុងពេល​ខាងមុខ

3528
ចែករម្លែក

ក្នុង​ថ្ងៃ​ទទួល​រថយន្តក្រុង​សាធារណៈ​ចំនួន ៩៨​គ្រឿង ព្រមទាំង​រថយន្តស្ទូច​ចំនួន​ពីរ​គ្រឿង ជា​ជំនួយឥតសំណង​របស់​ប្រទេស​ចិន ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ទៅ​ថ្ងៃ​ខាងមុខ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ អាច​លែង​ប្រើ​យានយន្ត​ផ្ទាល់ខ្លួន​ទៀតហើយ ព្រោះ​នឹងមាន​ជំនួយ​រថយន្តក្រុង​ជា​បន្តបន្ទាប់​ទៀត​។​
អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ប្រជាពលរដ្ឋ​មាន​ប្រមាណ​ជាង​២​លាន​នាក់ នៅ​ភ្នំពេញ ក្នុងពេល​បច្ចុប្បន្ន​នឹង​នៅតែ​បន្ត​កើនឡើង​ទៀត​។ ដូច្នេះ​ផ្លូវ​ក្នុង​ទីក្រុង​មិនអាច​ផ្ទុក​យានយន្ត​អស់​នោះទេ​នេះ​ជា​មូលហេតុ​បង្ក​ឱ្យ​កកស្ទះ​ខ្លាំង ហើយក៏​ជា​បញ្ហា​ដែល​រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​ដោះស្រាយ​។ ជា​ដំណោះស្រាយ​ដ៏​ល្អ គឺ​ជំ​រុញឱ្យ​ពលរដ្ឋ​ឈប់​ប្រើ​យានយន្ត​ផ្ទាល់ខ្លួន​តទៅទៀត ងាក​ប្រើ​រថយន្តក្រុង​វិញ​ដូច​ប្រទេស​ជឿនលឿន​លើ​ពិភពលោក​ដែរ​។​

​ឯកឧត្ដម ឃួ​ង ស្រេង ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ “​ពីមុន​យើង​មានតែ​រថយន្ត​កញ្ចាស់ៗ រថយន្ត​មួយ​ជជុះ មាន​ចំនួន​តិច​នៅឡើយ ទើប​មិនសូវមាន​អ្នកជិះ​។ ឥឡូវ​រថយន្ត​ថ្មី​ទំនើប មាន​ច្រើន​ហើយ បងប្អូន​គួរ​កាត់បន្ថយ​ការប្រើប្រាស់​យានជំនិះ​ផ្ទាល់ខ្លួន​ហើយ​។​” លោក​បាន​ប្រាប់ទៀតថា បើសិន​មានការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ នោះ​នឹងមាន​រថយន្ត​ថ្មីៗ​មកជា​បន្តបន្ទាប់​ទៀត ដើម្បី​បំពេញតម្រូវការ​ឱ្យបាន​គ្រប់គ្រាន់​។​

​ជា​ទិសដៅ​របស់​រដ្ឋាភិបាល សេវា​រថយន្តក្រុង​នេះ នឹង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ដោយ​មិនចាំបាច់​ចំណាយ​ថ្លៃ​សាំង ថ្លៃ​ម៉ូតូឌុប ហើយ​មក​ប្រើ​សេវាសាធារណៈ​ដែលមាន​តម្លៃ​ទាប​បំផុត​។ លើសពីនេះ​នឹងធ្វើ​ឱ្យ​ទីក្រុង​មាន​សណ្ដាប់ធ្នាប់​ល្អ មិនមាន​បញ្ហា​កកស្ទះ​ចរាចរណ៍​តទៅទៀត​។ ឯកឧត្ដម ឃួ​ង ស្រេង បន្ថែម​៕