ឯកឧត្តម ស៊ី ជីន​ភីង ៖ ជំ​រុញឱ្យ​អរិយធម៌​ដែល​កាន់​តែមាន​កម្លាំង​រស់​វើក​រួមចំណែក ក្នុងការ​អភិវឌ្ឍ​ពិភពលោក​

574
ចែករម្លែក

នៅ​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៩ ឯកឧត្តម ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន បាន​អញ្ជើញ ចូលរួម​ក្នុង​ពិធី​បើកសម្ពោធ​សន្និសីទ​ស្តីពី​ការសន្ទនា​អរិយធម៌​អាស៊ី​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ​ក្រុង​ប៉េកាំង ។ ឯកឧត្តម​បាន​ថ្លែង​សុន្ទរកថា​សំខាន់​ដែលមាន​ចំណងជើង​ថា “​ជំរុញ​ការផ្លាស់ប្តូរ​អរិយធម៌​ឱ្យ​កាន់តែ​ស៊ីជម្រៅ រួមគ្នា​កសាង​សហគមន៍​រួម​វាសនា​អាស៊ី​” ។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា​អរិយធម៌​ចិន​ជា​ប្រព័ន្ធ​បើកទូលាយ​ដែល​ត្រូវ​បង្កើតឡើង​ក្នុង ដំណើរ​នៃ​ការផ្លាស់ប្តូរ​ជាមួយ​អរិយធម៌​ផ្សេងៗ​ទៀត ។ នាពេល​អនាគត​ប្រទេស​ចិន នឹង​ឱប​គ្នា​ជាមួយ​ពិភពលោក​តាមរយៈ​អាកប្បកិរិយា​ដែលមាន​លក្ខណៈ​កាន់តែ​បើកទូលាយ និង​ជំរុញ​ឱ្យ​អរិយធម៌​ដែល​កាន់​តែមាន​កម្លាំង​រស់​វើក​រួមចំណែក​ក្នុងការ​អភិវឌ្ឍ ពិភពលោក ។​

​ឯកឧត្តម ស៊ី ជីន​ភីង បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន និន្នាការ​ពហុ​ប៉ូល​ពិភពលោក​សាកល ភាវូបនីយកម្ម​សេដ្ឋកិច្ច ភាព​ពិពិធ​កម្ម​ផ្នែក​វប្បធម៌ និង​ព័ត៌មានវិទ្យា​សង្គម​បានទទួល​នូវ ការរីកចម្រើន​យ៉ាង​ស៊ីជម្រៅ ចំណែក​សង្គម​មនុស្សជាតិ​គឺ​ពោរពេញ​ដោយ​ក្តីសង្ឃឹម ។ ទន្ទឹមនឹងនេះ បញ្ហា​អស្ថិរភាព និង​ភាពមិន​ជាក់លាក់​នៃ​ស្ថានការណ៍​អន្តរជាតិ​កាន់តែ លេចធ្លោ​មនុស្សជាតិ​កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង​កាន់តែច្រើន​លើ​ពិភពលោក ទាំងមូល ។ ការ​ទប់​ទល់នឹង​ការប្រកួតប្រជែង​រួម និង​ដើរ​ឆ្ពោះទៅកាន់​អនាគត​ដ៏​ភ្លឺស្វាង មិន​ត្រឹមតែ​ត្រូវមាន​កម្លាំង​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ​ថែមទាំង​ត្រូវមាន​កម្លាំង វប្បធម៌ និង​អរិយធម៌​ទៀតផង ។ សន្និសីទ​ស្តីពី​ការសន្ទនា​អរិយធម៌​អាស៊ី​អាចបង្កើត ជា​វេទិកា​ថ្មី​មួយ​សម្រាប់​ជំរុញ​ការសន្ទនា​ដោយមាន​ភាពស្មើគ្នា ការផ្លាស់ប្តូរ​សិក្សា​រៀន សូត្រ និង​ការ​បំផុសគំនិត​ដល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​អាស៊ី​ផ្សេងៗ​ក៏ដូចជា​រវាង បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ទាំងមូល​ផងដែរ ។​

​ឯកឧត្តម ស៊ី ជីន​ភីង បាន​សង្កត់ធ្ងន់ថា ប្រជាជន​ទ្វីបអាស៊ី​ចង់បាន​ទ្វីបអាស៊ី​មួយ ដែល ប្រកបដោយ​សន្តិភាព និង​សន្តិសុខ ហើយ​សង្ឃឹមថា​ប្រទេស​ផ្សេងៗ​អាច​គោរព​គ្នា ជឿ ទុកចិត្ត​លើ​គ្នា និង​រាប់អាន​គ្នា ធ្វើការ​ផ្លាស់ប្តូរ​ឆ្លងដែន ឆ្លង​ពេលវេលា និង​ឆ្លង​អរិយធម៌ រួមគ្នា​ថែរក្សា​ឱ្យបាន​ល្អប្រសើរ​នូវ​ពេលវេលា​សន្តិភាព​ដែលមាន​តម្លៃ​ខ្ពស់​ជាងមាស​ទៅទៀត ។ ប្រជាជន​ទ្វីបអាស៊ី​ចង់បាន​ទ្វីបអាស៊ី​មួយ ដែលមាន​វិបុលភាព​រួម ហើយ​សង្ឃឹម ថា​ប្រទេស​ផ្សេងៗ​អាច​រួម​សហការគ្នា​ក្នុងការ​ជំរុញ​សាកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ដែលមាន​លក្ខណៈ​បើកទូលាយ ប្រកបដោយ​បរិ​យា​ប័ន្ន ផ្តល់​ការអនុគ្រោះ​ទូទៅ​រក្សា តុល្យភាព និង​សម្រេចការ​ឈ្នះ​-​ឈ្នះ ព្រមទាំង​រួមគ្នា​កាត់បន្ថយ​ភាពក្រីក្រ​សម្រាប់ ប្រជាជន នៃ​ប្រទេស​មួយចំនួន និង​ផ្តល់​ដល់​ក្មេងៗ​នូវ​ជីវភាព​រស់នៅ​ដែល​មិនបាច់ ព្រួយបារម្ភ​អំពី​បញ្ហា​ស្លៀកពាក់ និង​ការហូបចុក ។ ប្រជាជន​ទ្វីបអាស៊ី​ចង់បាន​ទ្វីប អាស៊ី​មួយ ដែលមាន​ការបើក​ទូលាយ និង​ការតភ្ជាប់​គ្នា​ហើយ​សង្ឃឹមថា​ប្រទេស​ផ្សេងៗ អាច​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បើកទូលាយ ជំរុញ​ការផ្លាស់ប្តូរ​គោលនយោបាយ​ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ហិរញ្ញប្បទាន និង​ដួងចិត្ត​ប្រជាជន ដើម្បី​រួមគ្នា​កសាង សហគមន៍​រួម​វាសនា​អាស៊ី និង​សហគមន៍​រួម​វាសនា​មនុស្សជាតិ ។​

​ឯកឧត្តម ស៊ី ជីន​ភីង បាន​សង្កត់ធ្ងន់ថា អរិយធម៌​មានការ​ផ្លាស់ប្តូរ​ដោយសារ​មាន​ភាព ពិពិធ​កម្ម មានការ​សិក្សា​រៀនសូត្រ​គ្នា​ទៅវិញទៅមក​ដោយសារ​មានការ​ផ្លាស់ប្តូរ​គ្នា ហើយ​មានការ​អភិវឌ្ឍន៍​ដោយសារ​មានការ​សិក្សា​រៀនសូត្រ​គ្នា​ទៅវិញទៅមក ។ យើង​ត្រូវ​បង្កើន​ការផ្លាស់ប្តូរ និង​ការសិក្សា​រៀនសូត្រ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស ជនជាតិ និង​វប្បធម៌​ផ្សេងៗ​លើ​ពិភពលោក កសាង​មូលដ្ឋានគ្រឹះ​ផ្នែក​វប្បធម៌​ឱ្យ​កាន់ តែ​រឹងមាំ​សម្រាប់​ការរួម​គ្នា​កសាង​សហគមន៍​រួម​វាសនា​អាស៊ី និង​សហគមន៍​រួម​វាសនា មនុស្សជាតិ ។ ឯកឧត្តម​បានលើកឡើង​ពី​សំណើ​ចំនួន ៤ គឺ ទី​១-​ប្រកាន់ខ្ជាប់​នូវ គោលការណ៍​ដែល​គោរព​គ្នា​ទៅវិញទៅមក និង​រក្សា​ភាពស្មើគ្នា ។ ទី​២-​ប្រកាន់ខ្ជាប់​នូវ គោលការណ៍​ដែល​ចេះ​គយគន់​ភាពល្អ​ផូរផង់​របស់គេ និង​រួមគ្នា​ដើរ​ឆ្ពោះទៅកាន់​ភាព ល្អ​បវរ​រួម ។ ទី​៣-​ប្រកាន់ខ្ជាប់​នូវ​ការបើក​ទូលាយ ប្រកបដោយ​បរិ​យា​ប័ន្ន និង​សិក្សា រៀនសូត្រ​គ្នា​ទៅវិញទៅមក ។ ទី​៤-​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ធ្វើដំណើរ​ទៅមុខ តាម​យុគសម័យ និង​ធ្វើការ​អភិវឌ្ឍន៍​បែប​នវានុវត្តន៍ ។​

​ឯកឧត្តម ស៊ី ជីន​ភីង បាន​សង្កត់ធ្ងន់ថា​ប្រទេស​ចិន​នឹង​រួម​សហការគ្នាជាមួយ​ប្រទេស ផ្សេងៗ​ទៀត ក្នុងការ​អនុវត្ត​ប្រតិបត្តិ​ការ​អំពី​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌ ដើម្បី​ផ្តល់​ការ គាំទ្រ​ជា​ចាំបាច់​សម្រាប់​ការទទួល​បន្ត និង​ផ្សព្វផ្សាយ​អរិយធម៌ ។ ប្រទេស​ចិន​នឹង​រួម សហការគ្នាជាមួយ​ប្រទេស​ពាក់ព័ន្ធ អនុវត្ត​ផែនការ​អំពី​ការបកប្រែ​ស្នាដៃ​អក្សរសាស្ត្រ និង​ភាពយន្ត​ទ្វីបអាស៊ី ដើម្បី​ជួយ​ឱ្យ​ប្រជាជន​នៃ​ប្រទេស​ផ្សេងៗ​មានការ​យោគយល់ និង​ចេះ​គយគន់​វប្បធម៌​គ្នា​ទៅវិញទៅមក​ព្រមទាំង​បង្កើតជា​វេទិកា​សំខាន់​សម្រាប់ ជំរុញ​ការផ្លាស់ប្តូរ និង​ការសិក្សា​រៀនសូត្រ​គ្នា​ទៅវិញទៅមក ដើម្បី​ដាក់តាំង​បង្ហាញ និង​ផ្សព្វផ្សាយ​ពី​សម្រស់​ស្អា​តនៃ​អរិយធម៌ ។ ប្រទេស​ចិន​នឹង​បង្កើន​ការផ្លាស់ប្តូរ​ជាមួយ គ្រប់​មជ្ឈដ្ឋាន​នៃ​បណ្តា​ប្រទេស​នានា បង្កើត​បណ្តាញ​សហប្រតិបត្តិការ​ឃ្លាំង​គំនិត ធ្វើការ​ច្នៃប្រឌិត​អំពី​រូបមន្ត​សហប្រតិបត្តិ​ការជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​គ្រប់​ប្រភេទ ទទួល​សមិទ្ធផល​ជាក់ស្តែង និង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជំរុញ​ការផ្លាស់ប្តូរ និង​ការសិក្សា​រៀនសូត្រ​គ្នា​អំពី​អរិយធម៌ ។ ប្រទេស​ចិន​នឹង​រួម​សហការ គ្នាជាមួយ​ប្រទេស ផ្សេងៗ​ក្នុងការ​អនុវត្ត​ផែនការ​អំពី​ការជំរុញ​ទេសចរណ៍​អាស៊ី ដើម្បី​រួមវិភាគទាន​កាន់ តែ​ច្រើន ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រជាជន ទ្វីបអាស៊ី ៕ (​ស៊ីន​ហួ​ចិន​)