ឯក សុផល អតីត​គណៈ​តំបន់​៣៧ ស្រុកស្រែ​អំបិល ខេត្តកោះកុង​

357
ចែករម្លែក

ដោយៈ​ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ឯក សុផល អាយុ​៧៣​ឆ្នាំ គឺជា​កូន​ទី​៦ ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​៧​នាក់ នៃ​គ្រួសារ​មួយ​ដែលមាន​ស្រុក​កណើត​នៅក្នុង​ភូមិ​តាកែវ ឃុំ​ពា​វ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ សុផល មាន​ប្រពន្ធ​ឈ្មោះ សុខ រ៉េ​ន អាយុ​៥០​ឆ្នាំ ព្រមទាំង​មានកូន​៥​នាក់​។ សព្វថ្ងៃ​សុផល មាន​ទីលំនៅ​ក្នុង​ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ សុផល បាន​ចែករំលែក​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ចាប់តាំងពី​មុនពេល​ដែល​ខ្មែរក្រហម​គ្រប់គ្រង​ប្រទេស និង​រហូតដល់​ស្រុកទេស​មាន​សុខសន្តិភាព ដូចតទៅ ៖
​ ​កាលពី​កុមារភាព ខ្ញុំ​រៀន​ដល់​ថ្នាក់​ទី​៦​សង្គមចាស់ នៅ​សាលា​ពាម ក្នុង​ខេត្តកំពង់ឆ្នាំង​។ ក្រោយមក ខ្ញុំ​មានគំនិត​ថា ចង់​បួស​ធ្វើជា​សង្ឃ​ដើម្បី​រៀនសូត្រ​ពី​ផ្លូវធម៌ និង​ផ្លូវលោក​។ ពេលនោះ ខ្ញុំ​ក៏បាន​សម្រេចចិត្ត​បួស​ធ្វើជា​សង្ឃ​អស់​រយៈពេល​បី​ព្រះវស្សា​នៅ​វត្ត​ទេព​ឧ​ត្ត​ម ស្ថិតនៅ​ក្បែរ​ស្រុក​ឧដុង្គ​។ ក្នុងពេល​នោះដែរ ខ្ញុំ​តែងតែ​ស្រមៃ​ថា ខ្ញុំ​នឹង​ព្យាយាម​រៀនសូត្រ​ឲ្យ​ចប់​ថ្នាក់ ប៉ុន្តែ​ក្តី​ស្រមៃ​នេះ​ត្រូវបាន​រលាយបាត់​អស់ បន្ទាប់ពី​ខ្ញុំ​ត្រូវបាន​អូសទាញ​ពី​សំណាក់​មិត្តភក្តិ​ឲ្យ​ចូលរួម​តស៊ូ​នយោបាយ​។ មិនតែប៉ុណ្ណោះ ខ្ញុំ​ក៏បាន​ឮ​សម្តេចព្រះ នរោត្តម សីហនុ ប្រកាសប្រាប់​កូនចៅ​ជនរួមជាតិ​ទាំងអស់​ឲ្យ​រត់​ចូល​ព្រៃម៉ាគី ក្នុង​ឆ្នាំ​១៩៧០​។ ទាំងនេះ គឺជា​ការជំរុញ​ទឹកចិត្ត​ខ្ញុំ​ក្នុងការ​លាចាក​សិក្ខាបទ​។ ក្រោយមក ខ្ញុំ​បាន​រត់​ចូល​ព្រៃ​ជាមួយ​កងកម្លាំង​ខ្មែរក្រហម នៅតាម​ជួរ​ភ្នំ​ជាច្រើន​ដូចជា ភ្នំ​ឱ​រ៉ា​ល់ ភ្នំ​ភ្ជល់ ភ្នំ​ព្រះ និង​ខាងត្បូង​ភ្នំ​ពីស ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តកំពង់ឆ្នាំង ដែលជា​ដែន​ជម្រក​របស់​អ្នកតស៊ូ​នៃ​ចលនា​ខ្មែរក្រហម​។ កាលនោះ មាន ហ៊ូ នឹម​, ហ៊ូ យន់ និង ខៀវ សំផន បាន​ចុះមក​អប់រំ​ប្រជាជន​ផ្ទាល់​នៅតាម​ភូមិ​ឃុំ​របស់ខ្ញុំ​។ រហូតដល់​ឆ្នាំ​១៩៧២ ខ្ញុំ​បាន​ធ្វើជា​អ្នកការពារ​សុវត្ថិភាព​ឲ្យ ហ៊ូ យន់​។​


​ ​នៅ​អំឡុង​ពេលនោះ ខ្ញុំ និង​កងវរសេនាតូច​របស់ខ្ញុំ និង​កងកម្លាំង​ខ្មែរក្រហម​ដទៃទៀត​ចាប់ផ្តើម​វាយ​តាម​ប៉ុស្តិ៍​យាម​របស់​ទាហាន លន់ នល់ នីមួយៗ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ ប៉ុន្តែ មុននឹង​ចាប់​ផ្តើមធ្វើ​សកម្មភាព​ទាំងនេះ ខ្ញុំ និង​កងកម្លាំង​ផ្សេងទៀត​ទទួលបាន​ការបង្ហាត់បង្រៀន​ពី​យុទ្ធសាស្ត្រ​ធ្វើសង្គ្រាម​ពី​ថ្នាក់លើ ដូចជា របៀប​វាយ​ពិសេស វាយ​កាំភ្លើង​ធំ វាយ​បង្គ្រប់ និង​វាយ​របៀប​ចលនា​។ មិនតែប៉ុណ្ណោះ ខ្ញុំ​ក៏​ទទួលបាន​ការបំពាក់​បំប៉ន​ខាង​ផ្នែក​នយោបាយ ដោយ​ពាក្យ​នេះ​គឺ​សំដៅ​ទៅលើ​ភាព​អង់អាច​ក្លាហាន​ហ៊ាន​ប្រយុទ្ធ​ជាមួយ​សត្រូវ​ចំពោះមុខ​។ ចំពោះ​របៀប​វាយ​ពិសេស​នៃ​ចលនា​ខ្មែរក្រហម គឺ​សំដៅ​ទៅលើ «​ប្រសិនបើ​យើង​ចង់វាយ​ខ្មាំង​នៅ​ទីតាំង​ណាមួយ គឺ​យើង​ត្រូវ​ពិនិត្យមើល​ផ្ទាល់​អំពី​សកម្មភាព​របស់​ខ្មាំង ថា​តើ​ខ្មាំង​មាន​សកម្មភាព​យ៉ាងដូចម្តេច មាន​កម្លាំង​ប៉ុន្មាន​នាក់​រួមទាំង​ខាងក្នុង និង​ក្រៅ​បន្ទាយ​។ នៅពេលដែល​យើង​ទទួលបាន​ព័ត៌មាន​ជាក់លាក់​ណាមួយ គឺ​យើង​នឹង​ចាប់​ផ្តើមធ្វើ​សកម្មភាព​ភ្លាមៗ​។ ឧទាហរណ៍ ៖ ប្រសិនបើ​ខ្មាំង​មាន​កម្លាំង​១០០​នាក់ គឺ​យើង​នឹង​ចំណាយ​កម្លាំង​ត្រឹមតែ​១០​នាក់​ប៉ុណ្ណោះ ដើម្បី​វាយ​ខ្មាំង​។ តើ​កម្លាំង​១០​នាក់ អាច​វាយ​ខ្មាំង​១០០​នាក់​បាន​យ៉ាងដូចម្តេច​? ហេតុ​ច្នេះ ទើប​ទាមទារ​ឲ្យ​យើង​ចុះ​ស៊ើបការណ៍​អំពី​សកម្មភាព​របស់​ខ្មាំង ដើម្បី​ត្រៀម​អាវុធ​ធ្វើ​សកម្មភាព​។ ចំពោះ​សកម្មភាព​កន្លងទៅ​ដែល​កង​ពិសេស​ធ្លាប់​បានធ្វើ គឺ​យើង​បាន​ត្រៀម​កាំភ្លើង​៨០ និង​៨១​មី​លី​ម៉ែត្រ ឌូ​សេត (១២) និង​កាំភ្លើង​អា​កន្លង់​ចុះ​ជាដើម​។ បន្ទាប់ពី​ត្រៀម​អាវុធ​រួចហើយ កង​ពិសេស​ចាប់ផ្តើម​ក្រាប​លូន​ដើម្បី​ចូល​ទៅដល់​បន្ទាយ​ខ្មាំង និង​ធ្វើ​សកម្មភាព​ដូចជា​យក​ដីខ្សាច់​ញាត់​ចូល​កាំភ្លើង​ខ្មាំង​កុំ​ឲ្យ​ប្រើប្រាស់​បាន​»​។​


​ ​តម​កទៀត ចលនា​ខ្មែរក្រហម​ចាប់ផ្តើម​រៀបចំ​ជា​រចនាសម្ព័ន្ធ​ជាច្រើន​កងពល​ទៅតាម​ភូមិភាគ​នីមួយៗ​។ បន្ទាប់ពី​រៀបចំ​កងពល​រួចមក កងកម្លាំង​ខ្មែរក្រហម​ចាប់ផ្តើម​វាយ​ជា​ទ្រង់ទ្រាយ​ធំ​ទៅតាម​ការចាត់​តាំងរបស់​ថ្នាក់លើ​។ រីឯ​ខ្ញុំ​មាន​ភារកិច្ច​វាយ​តាម​មុខព្រួញ​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និង​ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ​។ កងកម្លាំង​ខ្មែរក្រហម​បាន​ខិតខំ​វាយ​យ៉ាង​ស្វិតស្វាញ​ទៅលើ​ក្រុម​ទាហាន លន់ នល់ ដោយ​មិន​បន្ធូរបន្ថយ​ឡើយ​។ ចំពោះ​យុទ្ធសាស្ត្រ​ធ្វើសង្គ្រាម​រវាង​យោធា​ខ្មែរក្រហម និង​ទាហាន លន់ នល់ គឺមាន​យុទ្ធសាស្ត្រ​រៀងៗ​ខ្លួន ប៉ុន្តែ​ការធ្វើ​សង្គ្រាម​គឺ​ពឹង​ផ្អែកទៅលើ​ស្មារតី​សហការ ឬ​នយោបាយ​ជា​មូលដ្ឋាន និង​គោលជំហរ​សតិអារម្មណ៍​គឺជា​កត្តា​ដ៏​សំខាន់​។ កត្តា​ទាំងនេះ គឺ​យោធា​ខ្មែរក្រហម​ត្រូវបាន​បំពាក់បំប៉ន​បាន​យ៉ាង​ល្អ​។ រីឯ​ខ្ញុំ​តែងតែ​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​យោធា​ខ្មែរក្រហម​ថ្នាក់ក្រោម​ជាប់​ជានិច្ច ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ និង​ចាត់ចែង​កងកម្លាំង​ក្នុងការ​វាយ​កម្ចាត់ខ្មាំង​។​


​ ​រហូតដល់​ខែមីនា ឆ្នាំ​១៩៧៥ ខ្ញុំ​បាន​ចូលមកក្នុង​កងពល​ដែល​ឈរជើង​នៅ​លង្វែក ហើយ​យោធា​ខ្មែរក្រហម​នៅក្នុង​កងពល​នេះ បានធ្វើការ​បង្កបង្កើន​ផល​ស្រែចម្ការ​នៅតាម​បណ្តា​ខេត្ត​ក្បែរៗ​នោះ​។ កាលនោះ ក្រុម​យោធា​ខ្មែរក្រហម​ចាប់ផ្តើម​បង្កើតជា​កងពល​ថ្មី​មួយទៀត គឺ​កងពល​ទ័ពអាកាស ដោយមាន តា​ម៉េ​ត គឺជា​គណៈ​កងពល​។ រីឯ​ខ្ញុំ​គឺជា​គណៈ​តំបន់​៣៧ (​ស្រែអំបិល​) នៅ​កងពល​ទី​១ របស់​ភូមិភាគ​បស្ចិម​។ ក្រោយមក ខ្ញុំ​បាន​ផ្លាស់​ទី​ទៅ​ឈរជើង​នៅ​កោះកុង និង​កោះ​ខ្យង​។ ខណៈនោះ​ដែរ មាន​កងពល​១៦៤ របស់​ភូមិភាគ​បស្ចិម​ដែល​ឈរជើង​នៅ​ខាង​កំពង់សោម បានធ្វើការ​វាយ​ចូល​កោះត្រល់​។ ប៉ុន្តែ​ការ​វាយ​ចូល​នេះ គឺ​មិនបាន​ជោគជ័យ​ឡើយ ដោយ​កងកម្លាំង​ខ្មែរក្រហម​នៃ​កងពល​១៦៤​នេះ ត្រូវបាន​ទាហាន​វៀតណាម​វាយ​បង្ក្រាប ព្រមទាំង​ហ៊ុំព័ទ្ធ​ចាប់បាន​ទាំងអស់​។ សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា ចំពោះ​បញ្ហា​នេះ គឺ​ដោយសារតែ​វៀតណាម​មាន​គម្រោងការ​រួចជាស្រេច​ក្នុង​ការហ៊ុំព័ទ្ធ​ចាប់​កង​កម្លាំង​កងពល​១៦៤ នៃ​យោធា​ខ្មែរក្រហម​។


​ ​នៅ​ខែមេសា ឆ្នាំ​១៩៧៥ ក្រុម​យោធា​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ទាំងស្រុង ទៅលើ​របប លន់ នល់​។ ពេលនោះ ខ្មែរក្រហម​ចាប់ផ្តើម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង ហើយ​បាន​បំបិទ​សិទ្ធិសេរីភាព គំរាមកំហែង និង​បង្ខំ​ឲ្យ​ប្រជាជន​ទៅធ្វើ​ការងារ​បង្កបង្កើន​ផល​យ៉ាងធ្ងន់ធ្ងរ​នៅតាម​ទីជនបទ​នានា​។ ខ្មែរក្រហម​បានរៀបចំ​ស្រុកទេស​ឲ្យ​ទៅជា​ប្រទេស​ឯករាជ្យ​មួយ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​បង្កបង្កើនផល​ផ្នែក​កសិកម្ម​។ សូម្បីតែ​យោធា​ខ្មែរក្រហម​ក៏​ចូលរួម​បង្កបង្កើនផល​ដូចជា​ប្រជាជន​ដទៃទៀត​ដែរ​។ កាលនោះ ខ្ញុំ​តែងតែ​ជួប តា​ម៉ុក (​លេខា​ភូមិភាគ​និរតី​) ជា​ញឹកញាប់​នៅ​មន្ទីរ​ភូមិភាគ ដែលមាន​ទីតាំងនៅ​ច្បារមន​។ តា​ម៉ុក បាន​ដើរ​ត្រួតពិនិត្យ​នៅតាម​កងពល​ផ្សេងៗ ដោយ​មិនសូវមាន​ពេលវេលា​នៅ​មួយកន្លែង​ឡើយ​។ តា​ម៉ុក តែងតែ​ចុះ​ធ្វើការ​ជាមួយ​ប្រជាកសិករ​ជាប់​ជា​ហូរហែរ​។ តា​ម៉ុក បាន​ណែនាំ​ទៅកាន់​ប្រជាកសិករ​ថា កុំ​ធ្វើស្រែ​ប្រវាស​នឹង​មេឃ គឺ​មានន័យថា យើង​ត្រូវមាន​ប្រព័ន្ធ​ធា​រា​សា​ស្ត្រើ​ដើម្បី​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​។ នៅពេលដែល​យើង​មាន​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់ ពេលនោះ​ហើយ​គឺជា​ពេលដែល​យើង​អាច​ធ្វើស្រែ​ពីរ​ទៅ​បី​ដង​ក្នុង​មួយឆ្នាំៗ​។ កាលនោះ ទោះបី​ខ្ញុំ​ជា​កងទ័ព​ក៏ដោយ ក៏​ខ្ញុំ​នៅមាន​តួនាទី​មើល​ប្រជាជន ព្រោះ​កម្មាភិបាល​មួយចំនួន​ត្រូវបាន​ចាប់​ជា​បន្តបន្ទាប់​ដោយ​ភាពមិន​ទុកចិត្ត​គ្នា​។ មិនយូរប៉ុន្មាន ខ្ញុំ​ត្រូវបាន​ថ្នាក់លើ​ចោទប្រកាន់ថា ជា​ខ្សែរយៈ កា​.​សេ​.​បេ របស់​សូ​វៀត​។ ខ្ញុំ​ត្រូវ​ស្ថិតនៅក្រោម​ការតាមដាន​អស់​មួយរយៈ ហើយ​ខ្ញុំ​នឹក​គិតថា​ចង់​សម្លាប់ខ្លួន​ដែរ ប៉ុន្តែ​ក៏​ផ្លាស់ប្តូរ​គំនិត​នេះ​ទៅវិញ​។ មួយរយៈ​ក្រោយមក ខ្ញុំ​ក៏បាន​រួច​ផុតពី​ការតាមដាន​របស់​ថ្នាក់លើ ហើយក៏​ទទួលបាន​តួនាទី​ដូច​កាលពីមុន​។​


​ ​រហូតដល់​ឆ្នាំ​១៩៧៩ តា​ម៉ុក បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ដឹកនាំ​កងទ័ព​១.០០០​នាក់ មកឈរ​ជើង​នៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​វាយ​តស៊ូ​ជាមួយ​កងទ័ព​វៀតណាម​។ កងទ័ព​របស់ខ្ញុំ​បាន​វាយ​តាម​តំបន់​មួយចំនួន​ដូចជា ស្រុក​មុខកំពូល ព្រៃ​គៀល ព្រៃ​ប្រស់ និង​ភ្នំ​ដិ​ល​ជាដើម​។ ទោះជា​យ៉ាងណាក៏ដោយ កងទ័ព​ខ្មែរក្រហម​ក៏​មិនអាច​ទប់ស្កាត់​ជាប់​ចំពោះ​ការ​វាយ​សម្រុកចូល​យ៉ាងខ្លាំង​ក្លា​នៃ​ចលនា​កងទ័ព​វៀតណាម​ដែរ​។ ដល់​ឆ្នាំ​១៩៨២ តា​ម៉ុក បាន​ចាត់តាំង​ខ្ញុំ និង​កងកម្លាំង​ដទៃទៀត​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ពេលនោះ ខ្ញុំ​បាន​ដើរ​ធ្វើការ​នៅតាម​តំបន់​ជាច្រើន ដូចជា ព្រះវិហារ ភ្នំ​ម្រិច កំពង់ធំ ស្រុក​ពួក និង​ស្រុក​ក្រឡាញ់​ជាដើម​។ ក្នុង​ឆ្នាំ​នោះដែរ ខ្ញុំ​ក៏បាន​ជួប​នារី​ម្នាក់​នៅ​ស្រុក​អន្លង់វែង​នេះ ហើយ​ខ្ញុំ​បានស្នើ​សុំ​ឲ្យ​អង្គភាព​រៀបចំ​ផ្សំផ្គុំ​ឲ្យ​យើង​ទាំងពីរ​រៀបការ​ជាមួយគ្នា​តែម្តង​។ បន្ទាប់ពី​រៀបការ​រួចមក យើង​ទាំងពីរ​មិនសូវមាន​ពេល​រួមរស់​ជាមួយគ្នា​នោះទេ ដោយ​ខ្ញុំ​មាន​ភារកិច្ច​ចុះ​ធ្វើការ​នៅតាម​បណ្តា​ស្រុក​មួយចំនួន ដែលមាន​រយៈពេល​ប្រាំ​មួយខែ​ទៅមួយ​ឆ្នាំ​ទើប​យើង​ទាំង​ពីរបាន​ជួបគ្នា​ម្តង​។ ទោះជា​យ៉ាងនេះ​ក្តី វា​គឺជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​ជីវិត​កងទ័ព​ដូចជា​រូបខ្ញុំ​។ រហូតដល់​ឆ្នាំ​១៩៨៥ ខ្ញុំ និង​កងកម្លាំង​១០០​នាក់​ផ្សេងទៀត​បាន​ផ្លាស់​មកឈរ​ជើង​នៅ​ខេត្តកំពង់ឆ្នាំង​វិញ ដោយ​ធ្វើដំណើរ​កាត់​តាម​ទន្លេសាប​។ មាន​កងទ័ព​មួយចំនួន​ហែល​កាត់​ទន្លេសាប រីឯ​មួយចំនួនទៀត​ក៏បាន​ធ្វើដំណើរ​ដោយ​ជិះទូក ដោយមាន​ចម្ងាយ​ប្រហែលជា​បី​គីឡូម៉ែត្រ​។ រឿងរ៉ាវ​ទាំងនេះ ខ្ញុំ​បាន​ឆ្លងកាត់​នៅក្នុង​មួយជីវិត​របស់ខ្ញុំ​។ ក្នុងការ​ធ្វើដំណើរ​នេះ ប្រសិនបើ​យើង​ប្រទះឃើញ​ទូក​របស់​កងទ័ព​វៀតណាម គឺជា​រឿង​ល្អ​ខ្លាំងណាស់​សម្រាប់​កងទ័ព​ខ្មែរក្រហម ព្រោះ​យើង​នឹង​ឆក់យក​ឱកាស​នេះ​ដើម្បី​វាយ​ដណ្តើមយក​ទូក​សម្រាប់​បន្តដំណើរ​ទៅមុខទៀត​។ ខ្ញុំ​បាន​ឈរជើង​នៅ​ខេត្ត​កពង់​ឆ្នាំង រហូតដល់​ឆ្នាំ​១៩៩៦​។ បន្ទាប់ពី​កងកម្លាំង​ខ្មែរក្រហម​បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា អង្គភាព​មួយចំនួន​ក៏​ចាប់ផ្តើម​រៀបចំ​បង្កើតឡើង​ដែរ ហើយ​បានប្រគល់​តំណែង​ទៅ​ឲ្យ​កម្មាភិបាល​ខ្មែរក្រហម​មួយចំនួន​គ្រប់គ្រង រីឯ​ខ្ញុំ​បានទទួល​តួនាទី​ជា​ប្រធាន​កងពល​ដដែល​។ មិនយូរប៉ុន្មាន ខ្ញុំ​បានសម្រេច​ចិត្ត​លាលែង​ពី​ត​ណែ​ង​នេះ ហើយ​ផ្លាស់​មក​ធ្វើការ​នៅក្នុង​មន្ទីរ​អភិរក្ស​បរិស្ថាន នៅក្នុង​ខេត្តពោធិ៍សាត់​វិញ​។ រហូតដល់​ឆ្នាំ​២០០០ ខ្ញុំ​បាន​ផ្លាស់​មក​ធ្វើជា​អភិបាលរង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​៕​សរន​

#