ឯម ឡេង​លី ជួប​ជាមួយ​អ្នក​ប្រដាល់ ចំណូល​ថ្មី​ថៃ​

200
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លើស​ង្វៀន Boostrong Fighter on Fire អ្នក​ប្រដាល់​កម្ពុជា ឯម ឡេង​លី ក្លិប​ថ្មគោល​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ផេ​ត មរ​គុត (Phat Morokout) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។

​អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។ មិនមាន​នរណា​ដឹងថា តើ​អ្នក​ប្រដាល់​ថៃ​រូបនេះ ខ្លាំង​ឬ​ខ្សោយ​នោះឡើយ​។​

ឯម ឡេង​លី និង ផេ​ត មរ​គុត​

​លោក ថៃ អ៊ូ ដែលជា​អ្នក​នាំ​អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ បាន​និយាយ​ឲ្យ​ដឹងថា លោក​ពុំ​ធ្លាប់បាន​មើល អ្នក​ប្រដាល់​ថៃ​រូបនេះ វ៉ៃ​ឡើយ តែ​ម្ចាស់​ក្លិប និង​គ្រូបង្វឹក​របស់គេ និយាយថា គេ​មិន​អន់​ឡើយ ។​

​ចំពោះ ឡេង​លី វិញ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​មួយរយៈ​នេះ ការប្រកួត​របស់គេ មិនសូវ​ស្គាល់​ចាញ់​ឡើយ ។ ការប្រកួត​ភាគច្រើន គេ​ផ្ដួល​គូប្រកួត បាន​មុន​ទឹក​ទី​៥ ។ ការ​វ៉ៃ​ចេញ​របស់​អ្នក​ប្រដាល់​រូបនេះ យឺត​បន្តិច​ក៏ពិតមែន តែ​ធ្ងន់ លំបាក​ទប់ទល់​ណាស់ ។

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥១​ដង ឈ្នះ​៤១​ដង ចាញ់​៧​ដង ស្មើ​ពិន្ទុ​៣​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន ចំនួន​២២​ដង ។ ចំពោះ​ផេ​ត មរ​គុត វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧២​ដង ឈ្នះ​៥៨​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ ជំនួប​នេះ មិនដឹងថា នរណា​ឈ្នះ​នរណា​ចាញ់​នោះទេ ។​

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​សេក គឹម​អាន ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ធា វាសនា ក្លិប​ខេត្ត​រតនគីរី ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​។​
​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ពុំ​សូវ​មានឈ្មោះ​បោះ​សម្លេង​នោះទេ តែបើ​តាម​មន្ត្រី​ខាង​ផ្គូរ​ផ្គង​នោះ​ថា វ៉ៃ​ល្អ​គ្រាន់បើ គ្រាន់តែ​គេ​វ៉ៃ ខ្ជះខ្ជាយ​កម្លាំង ជ្រុល​ហួសហេតុ​ពេក ។ ចាំមើល នរណា​ឈ្នះ ?​។​

​សយ សុខ ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ គួ​ន ប៊ុន​ហ៊ីម ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់ បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ឋានៈ សិទ្ធ ក្លិប​ព្រះ​ខែ​សែន​ជ័យ ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឆូ​ន បួន ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕